(សេអ៊ូល, កូរ៉េខាងត្បូង)៖ ពីលើវេទិកាកិច្ចប្រជុំកំពូលពិភពលោកនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់លើផ្ទៃប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់បានឡើយ ពីការផ្តល់ឱកាសស្មើភាពគ្នាជូនប្រជាពលរដ្ឋគ្រប់រូបនូវផ្លែការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយទៅជាធនធានដេលមានសក្តានុពលមិនចេះរីងស្ងួត។
កម្ពុជា ត្រូវបានគេដឹងថា ជាប្រទេសមួយដែលត្រូវបំផ្លេចបំផ្លាញ និងរងវិនាសសកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុតដោយសារតែវិបត្តិសង្គ្រាមក្នុងរយៈពេលប្រមាណជា៣ទសវត្សរ៍។ កម្ពុជា ទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឡើងវិញ បន្ទាប់ពីភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅចុងឆ្នាំ១៩៩៨។
នៅចំពោះមុខឥស្សរជនល្បីៗដែលចូលរួមក្នុងវេទិកាកិច្ចប្រជុំកម្រិតពិភពលោករបស់អង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាសកម្មនោះ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយសម្រាប់កម្ពុជា។ សម្តេចតេជោ បន្ថែមថា អ្វីៗគ្រប់យ៉ាង ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ទាំងការអភិវឌ្ឍ និងទាំងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។
ដើម្បីបន្តរក្សាឱ្យបាននូវសុខសន្តិភាព សន្តិសុខសង្គមនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨ ក្រោយរកបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកការការអភិវឌ្ឍធនធានមនុស្សជាអាទិភាពក្នុងចំណោមអាទិភាពចម្បងៗទាំង៤។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងទាំងគុណភាព និងពង្រីកសេវាអប់រំ ដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាពសម្រាប់គាំទ្រការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ ជាមួយនឹងគោលដៅនេះ រាជរដ្ឋាភិបាលក៏បានបង្កើនថវិកាសម្រាប់វិស័យយ៉ាងសន្ធឹកសន្ធាប់។
«ខ្ញុំសូមជម្រាបជូនអង្គពិធីទាំងមូលថា ថវិកាសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកើនឡើងជាង ៣ដង នៅឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៣ នៅពេលដែលចំណាយសរុបថវិកាជាំតិបានកើនឡើងជិត២ដងប៉ុណ្ណោះ។ ប្រការនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់អាទិភាពខ្ពស់ទៅលើវិស័យអប់រំ។ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យអប់រំជាវិស័យដែលមានអាទិភាពខ្ពស់ ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិស័យនេះថែមទៀតជាបន្តបន្ទាប់»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ បានគូសបញ្ជាក់ថា ថវិកាចំណាយនេះផ្តោតទៅលើការសាងសង់សាលារៀន, ដំណើរការសាលារៀន, ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត, ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី, ការពង្រឹងការសិក្សាជំនាញបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស, ការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត, បច្ចេកទេស, វិស្វកម្ម និងគណិតវិទ្យា (STEM) និងការផ្តល់អាហារូបករណ៍ ដល់សិស្សក្រីក្រ។ល។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បន្តពង្រឹង និងអភិវឌ្ឍកម្រិតឧត្តមសិក្សាឱ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជាឱ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ។ ដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផុសផុលឡើង រាជរដ្ឋាភិបាលបានជំរុញឱ្យមានការបង្កើតឡើងនូវប្រព័ន្ធអេកូឡូហ្ស៉ី ដែលបង្កលក្ខណៈអំណោយផលដល់ការបង្កើតថ្មី, នវានុវត្តន៍, ការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម៕