(បន្ទាយមានជ័យ)៖ ខណៈដែលក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងធ្វើកំណាយត្រង់កំពង់ទឹកនៃបារាយមេបុណ្យ ស្ថិតក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ក្រុមការងារក៏បានប្រទះឃើញបដិមា «តោ ឬរាជសីហ៍» ដែលបានកប់ក្នុងដីភក់នៃកំពង់ទឹកនោះរាប់រយឆ្នាំហើយមក។

ភិនភាគនៃបដិមាតោ ឬរាជសីហ៍នេះ មានមាឌធំសម្បើមជាងបដិមាតោដទៃនៃបុរាណសម័យរបស់កម្ពុជា ក្បាលតោលម្អទៅដោយក្បាច់បុរាណក្រឡោតៗ លើរោមនិងសក់លម្អទៅដោយ ត្របកភ្ញីជាស្រទាប់ៗ រីឯក្រញាំ ចង្កូម-ធ្មេញ កន្ទុយ ត្រចៀក និងទ្រូងវិញ ពោរពេញទៅដោយភាពរឹងមាំ ហាក់បង្ហាញកំពុងសម្ដែងឫទ្ធានុភាពហានក្លា។ ក្បាច់ចម្លាក់យ៉ាងល្អវិចិត្របែបនេះ បានបន្សល់លើតួខ្លួននៃបដិមាតោសឹងតែ ១០០%។

លោក គូ វិត ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានថ្ងែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០៤ ខែកុម្ភៈនេះថា ការប្រទះឃើញបដិមាតោនេះមិនមែនមានតែ ១តួ នោះទេ គឺក្រុមការងារបានរកឃើញបដិមាតោដូចគ្នានេះប្រមាណ ២-៣តួ ទៀតឯណោះ ប៉ុន្តែទើបតែមានការភ្ញាក់ផ្អើលនៅពេលរកឃើញបដិមាថ្មីក្រោយគេក្នុងជម្រៅដី និងភក់ប្រមាណ ១ម៉ែត្រ នាថ្ងៃទី០៣ ខែកុម្ភៈម្សិលមិញនេះ។

លោក គូ វិត បានបន្តថា បដិមាតោ ឬរាជសីហ៍ទាំងនោះ ត្រូវបានកសាងឡើងតាមទម្រង់រចនាប័ទ្មបាយ័ន្ត ចាប់ពីចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលកសាងប្រាសាទបន្ទាយឆ្មារ។ ប៉ុន្តែដោយឆ្លងកាត់កាលវេលារាប់រយឆ្នាំទៅ ក៏មានការបាក់រលំចូលទៅក្នុងបាតបារាយទឹក ហើយក៏កប់ក្រោមទឹកក្រោមភក់ រហូតដល់បានកាយរកឃើញនាពេលនេះឯង។

មូលហេតុនៃការរកឃើញនេះ ត្រូវបានប្រធាននាយកដ្ឋានខាងលើបានបញ្ជាក់ថា «ក្នុងពេលក្រុមការងាររបស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ កំពុងអនុវត្តការជួសជុលកំពង់ទឹកនៃបារាយមេបុណ្យ ប៉ុន្តែជាទូទៅមុននឹងមានការជួសជុល គឺត្រូវធ្វើកំណាយជាមុនសិន ដើម្បីដឹងពីរចនាសម្ពន្ធនៃសំណង់ណាមួយ តួយ៉ាងដូចការជួសជុលកំពង់ទឹកបារាយមេបុណ្យនៃប្រាសាទបន្ទាយឆ្មារនេះ ក៏ត្រូវធ្វើកំណាយជាមុនដូចគ្នាដែរ។

លោកបានបន្តថា នៅពេលធ្វើកំណាយនោះ ក្រុមការងារបានកាយឃើញបំណែកថ្មសិលាជាច្រើន ដែលជារចនាសម្ពន្ធនៃកំពង់ទឹកបារាយមេបុណ្យ ពិសេសគឺបានរកឃើញបដិមាតោ ដែលប្រហែលជាគេដាក់តម្កល់សម្រាប់លម្អ ឬបង្កាន់ដៃនៃកំពង់ទឹកនោះ។

លោកនៅមិនទាន់បញ្ជាក់ពីទម្ងន់នៃបដិមាតោនីមួយៗនោះនៅឡើយទេ ប៉ុន្តែបើតាមប្រជាពលរដ្ឋដែលបានចូលរួមស្ទួចបដិមាពីក្នុងបាតបារាយនោះ បានបញ្ជាក់ថា បដិមាតោនេះមានទម្ងន់ដល់ទៅ ២តោន ឯណោះ។

ប៉ុន្តែទោះជាយ៉ាងណា លោក គូ វិត បានកត់សម្គាល់ថា ត្រង់កំពង់ទឹកបារាយមេបុណ្យនេះនៅមានថ្មសិលា និងបំណែកនៃរចនាសម្ពន្ធផ្សេងទៀត ក្នុងនោះក៏អាចនឹងមានសម្បត្តិបេតិកភណ្ឌច្រើនទៀតផងដែរ។

លោកបានបន្តទៀតថា ដើម្បីការពារសុវត្ថិភាពបដិមាតោដែលទើបនឹងរកឃើញនេះ នាយកដ្ឋានបានសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលបេតិកភណ្ឌ ដែលប្រចាំការប្រាសាទបន្ទាយឆ្មារស្រាប់ ដើម្បីចាត់កម្លាំងយាមកាមជាប្រចាំ។ នៅពេលកំពង់ទឹកបារាយខាងលើត្រូវបានជួសជុលរួចរាល់ គេនឹងយកបដិមាតោនោះទៅតម្កល់ទៅកន្លែងកំពង់ទឹកវិញ ដើម្បីលម្អសោភ័ណភាពនៃបារាយមេបុណ្យ ប្រាសាទបន្ទាយឆ្មារ ឱ្យកាន់តែល្អប្រសើរជាងឡើង។

សូមជម្រាបថា ប្រាសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រាសាទនេះជាប្រាសាទភ្នំមួយ ដែលត្រូវបានកសាងឡើងចាប់ពីចុង សតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រារបស់ទ្រង់ គឺព្រះអង្គស្រិន្ទ្រកុមារ និងមេទ័ពរបស់ព្រះអង្គ៤រូបទៀត ដែលបានពលីក្នុងសមរភូមិសង្គ្រាម រំដោះមហានគរខ្មែរ ចេញពីអំណាចត្រួតត្រារបស់នគរចាម្ប៉ា នាអំលុងឆ្នាំ១១៧៧៕