(ព្រៃវែង)៖ អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង លោក ជាម ប៉េអា បានអំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះអគ្គិភ័យ ជាពិសេសនារដូវក្ដៅនេះ ដោយប្រជាពលរដ្ឋទាំងអស់ សូមបង្កើនកិច្ចសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករណី គ្រោះអគ្គិភ័យកើតឡើងដែលនាំប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ថ្លែងក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ដល់ទីកន្លែង សួរសុខទុក្ខ និងចូលរួមសម្តែងនូវការសោយស្តាយ ចំពោះសោកនាដកម្មដោយសារគ្រោះអគ្គិភ័យឆាបឆេះ គេហដ្ឋានមួយខ្នង របស់ប្រជាពលរដ្ឋរស់នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ជាម ប៉េអា សម្តែងនូវការសោកស្ដាយបំផុត ចំពោះការបាត់បង់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយសារឧបទ្ទវហេតុគ្រោះអគ្គិភ័យ នាពេលនេះ។

ទន្ទឹមនេះលោកអ្នកតំណាងរាស្រ្ត បានអំពាវនាវប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានរួមគ្នា ធ្វើការការពារ បង្ការ និងប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យឲ្យបានខ្ពស់ ដែលកើតមានឡើង ព្រមទាំងជួយផ្សាព្វផ្សាយបន្ដដើម្បីឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ ជៀសវាងការខូចខាតទ្រព្យសម្បត្តិ សម្ភារប្រើប្រាស់ជាច្រើនទៀត ជាពិសេសគឺអាយុជីវិត។

វត្តមានរបស់អ្នកតំណាងរាស្រ្តនៅកន្លែងកើតហេតុដោយផ្ទាល់នាពេលនេះ គឺមានគោលបំណងបង្ហាញទឹកចិត្ត អាណិតស្រលាញ់ប្រជាពលរដ្ឋ និងសួរសុខទុក្ខក្រុមគ្រួសាររងគ្រោះ ដែលបានរងគ្រោះក្នុងគ្រោះអគ្គិភ័យដ៏អាក្រក់ ហើយបានពិនិត្យមើលស្ថានភាពជាក់ស្តែង និងស្តាប់នូវសេចក្តីរាយការណ៍របស់សមត្ថកិច្ច ដែលបានចូលរួមសង្គ្រោះស្ថានការណ៍នោះ។

លោកបានអះអាងថា «ការរួមគ្នាទប់ស្កាត់អគ្គិភ័យគ្រប់ប្រភេទ គឺជាបំណងប្រាថ្នារបស់អ្នកតំណាងរាស្រ្ត ព្រោះជាសេចក្តីសុខរបស់បងប្អូនយើង។ ករណីនេះ ពុំមាននរណា ចង់ឱ្យកើតមានឡើងនោះទេ ហើយត្រូវខិតខំប្រឹងប្រែងប្រកបរបរទទួលទានប្រចាំជីវិតឡើងវិញ»

ជាមួយនេះ អ្នកតំណាងរាស្រ្ត ជាម ប៉េអា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារសម្រាប់ប្រើប្រាស់ចិញ្ចឹមជីវិតប្រចាំថ្ងៃក្នុងគេហដ្ឋាន និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះដោយសារគ្រោះអគ្គិភ័យដោយផ្ទាល់។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះនាពេលនេះដែរ លោក ជាម ប៉េអា បានជួបសំណេះសំណាលលោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សចំនួន ៨៣៣នាក់ ព្រមទាំងបានឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋានផងដែរ៕