(ភ្នំពេញ)៖ លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសស្នើដល់អាជ្ញាធរមូលដ្ឋាន ចាំបាច់ត្រូវចូលរួមសហការគ្នា អនុវត្តច្បាប់ និងចាត់វិធានការ ចំពោះជនឆ្លៀតឱកាសមួយចំនួន ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។

លោកក៏បានជំរុញបន្ថែមទៀត នូវក្នុងការផ្សព្វផ្សាយអប់រំពីភាពត្រឹមត្រូវ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋផងដែរពីសំណាក់ដៃគូរពាក់ព័ន្ធទាំងអស់។

ការលើកឡើងបែបនេះរបស់លោក ស៊ុំ សន្និសិទ្ធ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅខេត្តមណ្ឌលគីរី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ស៊ុំ សន្និសីទ្ធ លើកឡើងថា កន្លងមកនេះការបោកប្រាស់ របស់ជនខិលខូចនេះ បានធ្វើឲ្យកូនបំណុលធ្លាក់ ក្នុងគ្រោះអាសន្នរើមិនរួចហើយ ធ្វើឲ្យគ្រួសារខ្លះព្រាត់ប្រាស់ និងហិនហោចទ្រព្រសម្បត្តិ។ ដូចនេះអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវចូលរួម សហការគ្នាអនុវត្តច្បាប់ និងចាត់វិធានការចំពោះជនឆ្លៀតឱកាសមួយចំនួន ដែលប្រើរូបភាពឲ្យខ្ចីប្រាក់ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា ដើម្បីបង្កើនលទ្ធភាព ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព និងមានការគ្រប់គ្រងពីច្បាប់ និងបទប្បញ្ញត្តិច្បាស់លាស់ ដើម្បីអាចឲ្យប្រជាពលរដ្ឋពុំទទួលបាន ឬកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ឲ្យងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុ ក្នុងប្រព័ន្ធដែលមានការត្រួតពិនិត្យត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា។

លោក ស៊ុំ សន្និសិទ្ធ បានបន្ដថា វិស័យមីក្រូហិរញ្ញនៅកម្ពុជា ដើរតួជាសារវ័ន្ត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពិសេសការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ប៉ុន្តែទោះបីជាបច្ចុប្បន្នវិស័យនេះ ទទួលបានការរីកចម្រើនគួរជាទីមោទនៈមែន ក៏មានជនឱកាសនិយមមួយចំនួន បានយកវិស័យនេះជាឧបករណ៍ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៏ហិរញ្ញវត្ថុ និងនយោបាយ។

លោក ស៊ុំ សន្និសិទ្ធ បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលខ្ចីប្រាក់ពី គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់ ត្រូវតែមានកាតព្វកិច្ចសងប្រាក់ឲ្យគ្រឹះស្ថានវិញ ដើម្បីឲ្យវិស័យនេះបន្តបម្រើដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងការបង្កើតពង្រីកអាជីវកម្ម និងសកម្មភាពនានា តាមរយៈការផ្ដល់សេវាហិរញ្ញវត្ថុខ្នាតតូចនៅតាមជនបទ។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសមស្រប និងមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ តាមរយៈការកំណត់គោលដៅ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុសំដៅ ឲ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា សមស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់។

លោកបានបន្ត បរិយាប័ន្នហិរញ្ញវត្ថុនេះ ដើរតួនាទីសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសមភាព និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ បច្ចុប្បន្ននេះប្រជាពលរដ្ឋពេញវ័យ នៅកម្ពុជាដែលទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ មានកម្រិតប្រមាណ៥៩% ក្នុងនោះ១៧% ផ្តល់ដោយគ្រឹះស្ថានធនាគារ ៤២% ផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ មិនមែនធនាគារដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់។

លោកបន្ថែមថា ដោយសារចំណេះដឹងផ្នែកហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋនៅមានកម្រិតបូកផ្សំ នឹងកត្តាប្រាក់ចំណូល និងទីកន្លែងស្នាក់នៅដាច់ស្រយាល ប្រជាពលរដ្ឋពេញវ័យ ដែលពុំបានទទួលសេវាហិរញ្ញវត្ថុ ឬកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នៅតែមានកម្រិតខ្ពស់នៅឡើយ ដែលមានរហូតដល់៤១%។ នេះជាក្ដីកង្វល់មួយដែលធនាគារជាតិនៃកម្ពុជា ត្រូវគិតគូរដោះស្រាយ តាមរយៈការអប់រំតាមគ្រប់រូបភាព រួមទាំងសិក្ខាសាលាដូចពេលនេះផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ មាន៧៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន៧ និងគ្រឹះស្ថានឥណទានជនបទមាន២៤៨ ដែលមានបណ្តាញប្រតិបត្តិការ១,៤៤៨សាខា នៅទូទាំងផ្ទៃប្រទេស។

ទំហំទ្រព្យសកម្មសរុបមាន៣៤.៨ទ្រីលានរៀល (ស្មើនឹង៨.៥ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមាន២៩.៤ ទ្រីលានរៀល (ស្មើនឹង៧.២ ប៊ីលានដុល្លារអាមេរិក) បានផ្តល់ដល់អតិថិជនខ្ចីប្រាក់មាន២.១លាននាក់។

សិក្ខាសាលានេះក៏បានធ្វើការដោះស្រាយ ពីបញ្ហាប្រឈមមួយចំនួន ដែលជួបកន្លងមកដូចជា បញ្ហាផ្ដល់ឥណទានជាក្រុម, បញ្ហាកូនបំណុលដែលបាត់បង់ជីវិតទាំងគ្រួសារ ដោយគ្រោះថ្នាក់ផ្សេងៗ និងបញ្ហាការជួបគ្រោះធម្មជាតិ ក្នុងអាជីវកម្មកសិកម្មជាដើម៕