(កោះកុង)៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះបងប្អូនមន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយដើម្បីការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពហើយកម្ពុជាទទួលបានថវិកាពីការលក់ឥណទានកាបូនដែលបានមកពីព្រៃឈើ ដើម្បីពង្រឹងការងារអភិរក្ស ក៏ដូចជាជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ និងបង្កើនចំណូលជូនប្រជា សហគមន៍មូលដ្ឋានតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ»។
នេះគឺជាការថ្លែងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អំឡុងពេលដែលលោករដ្ឋមន្ត្រីរួមនឹងគណៈប្រតិភូក្រសួងបរិស្ថាន និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរ គុណដល់មន្ត្រីឧទ្យានុរក្សនៅលើកំពូលភ្នំម្រេចកង្កែប តំបន់អារ៉ែង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។
តំបន់ទេសចរណ៍ធម្មជាតិភ្នំម្រេចកង្កែបនៃតំបន់អារ៉ែង ពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ដោយសារតែមានទេសភាពដ៏ល្អត្រកាល គ្របដណ្តប់ដោយសមុទ្រឈើជាទីមនោរម្យ មានចំរាក់ភ្នំដ៏គួរឱ្យទាក់ទាញ រុក្ខជាតិនិងជីវៈចម្រុះដ៏សម្បូណ៌បែប និងជាទីកន្លែងគួរឱ្យចង់ស្នាក់នៅកម្សាន្ត។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ថវិកាដែលបានមកពីការលក់ឥណទានកាបូនដែលជាការលក់តួនាទីព្រៃឈើក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនេះ ត្រូវបាននិងកំពុងប្រើប្រាស់សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅគោលការណ៍ ហិរញ្ញប្បទាននិរន្តរភាព។ លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានារួមនឹងប្រជាសហគមន៍ដែលបានចូល រួមការពារនិងអភរិក្សធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បី ការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
លោក សាយ សំអាល់ បានមានប្រសាសន៍ថា៖ «នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើយ៉ាងណាប្រឹងការពារឱ្យមាន ប្រសិទ្ធភាពចំពោះតំបន់ការពារធម្មជាតិដែលយើងមាន ដើម្បីឈានទៅលក់ឥណទានកាបូន។ ពេលនេះ យើងអាចធ្វើបានហើយ និងកំពុងបោះមួយជំហានទៀតក្នុងការធ្វើការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត និងមានលទ្ធភាពគិតគូរបន្ថែមលើការលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានរួមទាំងក្រុមគ្រួសារមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍»។
គួរបញ្ជាក់ថាប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។
លោករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។ រហូតមកទល់នឹងឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ១៦៨សហគមន៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឃើញភាពរីកចម្រើន នៃទំនាក់ទំនងផ្នែកពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ។
លោក សាយ សំអាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមាន ទិសដៅធ្វើយ៉ាងណាឱ្យឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ការបរបាញ់សត្វដែលជាទម្លាប់មានពីយូរលង់ណាស់មក ហើយរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា៖ «ជាការចាំបាច់ ក្រសួងបរិស្ថានបានផ្តួចផ្តើម និងជំរុញឱ្យមានគម្រោងចិញ្ចឹមសត្វដូចជាពពែ គោ និងជ្រូកជាដើមដើម្បីបង្កើនចំណូល និងបម្រើតម្រូវការទីផ្សារ ជាពិសេសផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ ធម្មជាតិនានា»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ជូននូវសម្ភារមួយចំនួន ដល់មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ដែលឈរជើងការពារតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកោះកុងដែលមានមុង ភួយ អង្រឹង សម្ភារចាំបាច់ផ្សេងទៀតសម្រាប់បម្រើឱ្យការងារចុះល្បាត៕