(ភ្នំពេញ)៖ ក្រោយពីមានការការពារយ៉ាងតឹងតែងអស់រយៈពេល ៣-៤ម៉ោងមក គណៈកម្មការមេប្រយោគ បានប្រកាសលទ្ធផល នៃវគ្គផ្តាច់ព្រាត់ និងបង្ហាញជយលាភីចំនួន ៣ក្រុម។ ក្រុមនិមួយៗ ទួលបានប្រាក់២២០០ដុល្លា ដើម្បីធ្វើការសាកល្បង និងលក់ផលិតផល ឬសេវាកម្មរបស់ខ្លួន។ ជយលាភីទាំងនោះអាចបន្តធ្វើការងាររបស់ខ្លួន នៅក្នុងមជ្ឈមណ្ឌល នវានុវត្តន៍តិចណូ រយៈពេល៦ខែ ដើម្បីសម្រេចជាផ្លែផ្កានៃគម្រោងរបស់ខ្លួន។

មាននិស្សិតចំនួន ១៩ក្រុម មកពីគ្រឹះស្ថានចំនួន១៦ នៅកម្ពុជា បានចុះឈ្មោះចូលរួមក្នុងការប្រកួតចាប់តាំងពីវគ្គជំរុះនៃចាប់ផ្តើមកម្មវិធីនេះ។ ក្នុងនោះ មាននិស្សិត៦ក្រុមបានចូលរួមវគ្គប្រកួតផ្តាច់ព្រាត់ ក្នុងកម្មវិធីត្រៀមបង្កើតផលិតផលនៃគម្រោងសហគ្រិនភាព នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

ចំណែកឯ៣ក្រុមទៀត ដែលបានចូលរួមក្នុងវគ្គផ្តាច់ព្រាត់នេះ ក៏ទទួលបានសិទ្ធិធ្វើការនៅក្នុងមជ្ឈមណ្ឌលសហការណ៍ការងារ (ETI) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏ដូចជាកម្មវិធីត្រៀមផលិតនៃគម្រោងសហគ្រិនភាព រយៈពេល៦សប្តាហ៍ ដើម្បីអភិវឌ្ឍគំនិតអាជីវកម្ម នៃគម្រោងផ្សេងៗ ទៅតាមស្ថានភាពពិតនៃសង្គមសេដ្ឋកិច្ច។

ក្រុមទាំងនេះ ត្រូវការពារគម្រោងរបស់ខ្លួននៅចំពោះមុខគណៈកម្មកាមេប្រយោគដែលសុទ្ធតែជាអ្នកជំនាញ។ ក្រុមនិមួយៗ ត្រូវបង្ហាញភាពជាក់លាក់ សមស្របតាមរយៈគំរូភាព និងការជឿទុកចិត្តបាននៃគម្រោងសហគ្រិនភាពរបស់ខ្លួន។ កម្មវិធីត្រៀមបង្កើតផលិតផលនេះ គឺជាដំណាក់កាលចុងក្រោយ នៃការប្រកួតគម្រោងច្នៃប្រឌិត (នវានុវត្តន៍) «Techno Innovation Chalenge 2019» នៃគ្រោងជំរុញការច្នៃប្រឌិត និងសហគ្រិនភាព (CNEUF)។

ការប្រកួតគម្រោងនវានុវត្តន៍ Techno Innovation Chalenge 2019 ស្ថិតក្នុងគម្រោងជំរុញការច្នៃប្រឌិត និងសហគ្រិនភាព (CNEUF) ដែលឧបត្ថម្ភដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងដៃគូរសហការណ៍ផ្សេងៗទៀតរួមមាន៖ Ezecom, Sirea, Forica, Bacca Villa, Small World, Smart Axiata, Emerald Hub, Chambre de Commerce Franco-Cambodgienne, Impact Hub, Angel Investor group៕