(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានជួបពិភាក្សាការងារ ជាមួយលោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែត ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការ លើវិស័យសមភាពយែនឌ័រ ក្នុងការលើស្ទួយឲ្យមានភាពស្មើគ្នា រវាងបុរស និងស្ដ្រី។

លោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលស៊ុយអែត ដែលមានទំនាក់ទំនងល្អ ជាមួយនឹងកម្ពុជា ចាប់តាំងពីបង្កើតឡើង នៅក្នុងឆ្នាំ១៩៩១។ ជាពិសេស លោកស្រី បានថ្លែងអំណរគុណ ដល់ទូតស៊ុយអែត ដែលបានផ្ដល់ជំនួយដល់ ក្រសួងកិច្ចការនារី តាមរយៈអង្គការយូអិនឌីភី ទៅលើគម្រោង «ដំណើរឆ្ពោះទៅមុខ ដើម្បីសមភាពយេនឌ័រ»។

លោកស្រីរដ្ឋមន្ត្រី ក៏បានចែករំលែកនូវបទពិសោធន៍ ដែលកន្លងមក ក្រសួងកិច្ចការនារីបានធ្វើ ការផ្លាស់ប្ដូរឥរិយាបថ ក្នុងការឲ្យតម្លៃស្ត្រីនៅកម្ពុជា ពីសំណាក់បុរស។ ក្នុងន័យនេះ សំណូមពរឲ្យស្ថានទូតស៊ុយអែត បន្តជួយធ្វើយុទ្ធនាការបុរសល្អ បន្ថែមទៀត ដោយកិច្ចការនេះ ផ្តោតទៅលើយុវជន ព្រោះងាយស្រួល នៅក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ ក្នុងការឲ្យតម្លៃទៅលើស្ត្រី។

លោកស្រី អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាផ្នែកមួយ ជំរុញឲ្យមានសមភាពយេនឌ័រ រវាងបុរសនិងស្ត្រីនៅកម្ពុជា។

ក្នុងជំនួបនោះ ឯកអគ្គរាជទូតស៊ុយអែត បានថ្លែងថា រដ្ឋាភិបាលស៊ុយអែត មានគោលនយោបាយស្ត្រីនិយម គឺមានសមភាពយេនឌ័រ រវាងបុរសនិងស្ត្រី ក្នុងនោះ ស៊ុយអែត ចង់ជួយកម្ពុជា ឲ្យបុរសនិងស្ត្រីមានសិទ្ធិស្មើគ្នា ដូច្នេះហើយបានស៊ុយអែត បានជួយក្រសួងកិច្ចការនារី តាមរយៈគម្រោង «ដំណើរឆ្ពោះទៅមុខ ដើម្បីសមភាពយេនឌ័រ» នេះ។

ពាក់ព័ន្ធនឹងការស្នើសុំ ពីក្រសួងកិច្ចការនារី ឲ្យស៊ុយអែត ជួយលើយុទ្ធនាការបុរសល្អនោះ, លោក Bjorn Haggmark ឯកអគ្គរាជទូត បានបង្ហាញការរីករាយ និងសហការជាមួយនៅកម្ពុជា ទៅលើយុទ្ធនាការនេះ ដោយបានទទួលយកសំណើរ ហើយនឹងពិភាក្សាលម្អិតបន្ថែមទៀត។

លោកឯកអគ្គរាជទូត បានបញ្ជាក់ថា ស៊ុយអែតជាប្រទេស ដែលមានគោលនយោបាយស្ត្រីនិយម ហើយចង់ឲ្យប្រទេសកម្ពុជា មានគោលនយោបាយនេះផងដែរ ក្នុងន័យនេះ លោកបានបង្ហាញការរីករាយ នៅក្នុងការសហការ ជួយដល់កម្ពុជា លើវិស័យសមភាពយេនឌ័រនេះ៕