(ភ្នំពេញ)៖ បើយោងតាមរបាយការណ៍គ្រោះមហន្តរាយអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ បានបង្ហាញថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការបាត់បង់ថវិកា ជាមធ្យមប្រចាំឆ្នាំចំនួន ៨៦.៥ពាន់លានដុល្លារ ស្មើនឹង៦០ភាគរយ នៃចំនួនសរុបដោយគ្រោះរាំងស្ងួត ក្នុងនោះមានប្រទេសកម្ពុជា, មីយ៉ាន់ម៉ា, ឡាវ, វៀតណាម និងហ្វីលីពីន មានកម្រិតខ្ពស់ជាងគេ។
របាយការណ៍ដដែល បានឱ្យដឹងថា ការបាត់បង់ថវិកាលើតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំនៅអាស៊ី និងអាស៊ីប៉ាស៊ីហ្វិក មានច្រើនជាង៤ដង ខណៈដែលមានគ្រោះមហន្តរាយ សភាពយឺតៗ ជាពិសេសគ្រោះរាំងស្ងួត បានបង្កហានិភ័យគ្រោះមហន្តរាយបន្ថែមទៅក្នុងភូមិសាស្ត្ររបស់តំបន់។ ការបាត់បង់ថវិកាជាមធ្យម ប្រចាំឆ្នាំក្នុងតំបន់មានចំនួន ៦៧៥ពាន់លានដុល្លារ ក្នុងនោះចំនួន៤០៥ពាន់លានដុល្លារ ស្មើនឹង៦០ភាគរយ គឺជាបាត់បង់លើផ្នែកកសិកម្ម ទាក់ទងទៅនឹងគ្រោះរាំងស្ងួត។ ដោយឡែកការបាត់បង់លើតម្លៃសេដ្ឋកិច្ច ដោយសារគ្រោះមហន្តរាយ ដែលការប៉ាន់ស្មានពីមុនមានទំហំធំជាងដោយការបាត់បង់បន្ថែមភាគច្រើនទាក់ទងនឹងផលប៉ះពាល់ដោយគ្រោះមហន្តរាយដែលមានសភាពយឺតៗមកលើវិស័យកសិកម្ម។
ដោយឡែកប្រទេសកម្ពុជា ការបាត់បង់ថវិកាជាមធ្យមប្រចាំឆ្នាំ គិតជាភាគរយនៃផលិតផលក្នុងស្រុកសរុបមានចំនួន៨ភាគរយ ដែលក្នុងនោះប្រមាណ ៥.៥ភាគរយ បាត់បង់ដោយសារ គ្រោះរាំងស្ងួតកសិកម្ម។ ការបាត់បង់ផ្នែកកសិកម្មដោយគ្រោះរាំងស្ងួត គឺមាននៅគ្រប់ប្រទេសទាំងអស់ នៅក្នុងអាស៊ីអាគ្នេយ៍ ដូច្នេះ គ្មានប្រទេសណាមួយនៅអាស៊ីអាគ្នេយ៍ មិនអើពើនឹងគ្រោះរាំងស្ងួតកសិកម្មនោះឡើយ ខណៈពេលដែលការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដោយគ្រោះមហន្តរាយ។ លើសពីនេះទៀត គ្រោះរាំងស្ងួតក្នុងវិស័យកសិកម្ម មិនត្រឹមតែបង្កឱ្យមានការបាត់បង់លើតម្លៃសេដ្ឋកិច្ចដ៏ធំធេងប៉ុណ្ណោះទេ វាក៏បានផ្សាភ្ជាប់ជាមួយនឹងការធ្លាក់ចុះនៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គម។
របាយការណ៍ក៏បានឱ្យដឹងទៀតថា ការរកឃើញលទ្ធផលទាំងនេះ ធ្វើឱ្យមានការពង្រឹងការសិក្សារួមគ្នា រវាងគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងលេខាធិការដ្ឋានអាស៊ាន ដោយមានការគាំទ្រពីគណៈកម្មាធិការអាស៊ានសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (ACDM)។ ការសិក្សានៅឆ្នាំ២០១៩ លើប្រធានត្រៀមរៀបចំសម្រាប់ឆ្នាំរាំងស្ងួត «ការកសាងភាពធន់ទៅនឹងគ្រោះរាំងស្ងួត នៅអាស៊ីអាគ្នេយ៍» ព្យាករណ៍ថានឹងអាចកើតឡើងមានគ្រោះរាំងស្ងួតនៅឆ្នាំខាងមុខ ជាពិសេសតំបន់ដែលរងផលប៉ះពាល់ដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាព៕