(កំពង់ស្ពឺ)៖ យោងតាមសេចក្តីសម្រេចស្តីពី ការបង្កើតអនុគណកម្មការគ្រប់គ្រងវគ្គបំប៉នជំនាញកងរាជអាវុធហត្ថលើកទី១ ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៩នេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបើកវគ្គ បំប៉នជំនាញកងរាជអាវុធហត្ថលើកទី១ ឆ្នាំ២០២០ ដល់សិក្ខាកាម៣០នាក់ ស្មើចំនួន១២៦ម៉ោង។

ពិធីបើកវគ្គបំប៉ននេះ ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរង សេនាធិការដ្ឋាន អនុប្រធានមន្ទីរទាំង៥ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក យ៉ាងច្រើនផងដែរ។

ក្នុងពិធីបើកវគ្គនេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ ខិតខំរៀនសូត្រ និងតាមដានស្តាប់ ដោយយកចិត្តទុកដាក់បំផុត ជាពិសេសកក់ត្រាពេលលោកគ្រូឧទ្ទេសនាមពន្យល់ គ្រប់មេរៀនទាំងអស់។ ជាមួយគ្នានោះ សិក្ខាកាមត្រូវស្លៀកពាក់ ឯកសណ្ឋាន ឱ្យត្រឹមត្រូវ រក្សាបានរបៀបរៀបរយក្នុងថ្នាក់រៀន ដោយហាមដាច់ខាតរាល់ ការនិយាយរំខានដល់ការរៀនសូត្រ របស់សិក្ខាកាម និងការធ្វើឱ្យខូចខាតដោយចេតនាសម្ភារៈក្នុងថ្នាក់រៀនផងដែរ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ចំពោះវគ្គហ្វឹកហ្វឺននេះថា ការរៀនសូត្រគឺជាការធ្វើទំនើបកម្ម និងបំពេញជំនាញបន្ថែម ជូននាយទាហាន នាយទហានរង ដើម្បីពង្រឹងសមត្ថភាព ផ្តល់ជំនាញតាមរយៈការហ្វឹកហ្វឺនបន្ត ក្នុងមួយឆ្នាំ៣ដង។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបញ្ជាក់ថា ការរៀនសូត្រជាចក្ខុវិស័យរយៈពេលវែងរបស់អង្គភាព និងសម្រាប់នាយទាហាន នាយទហានរង គឺការកសាងមូលដ្ឋានគ្រិះ នៃការបណ្តុះបណ្តាល ជាពិសេសគឺជំនាញ ដែលតម្រូវឱ្យមានការខិតខំរៀនសូត្រ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ សមស្រប មានចំណេះដឹង និងបទពិសោធន៍ពិតប្រាកដ៕