(កំពង់ស្ពឺ)៖ ការងារមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងក្រៃលែង បន្ទាប់ពីបានចុះទៅពិនិត្យ-ព្យាបាល និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ រហូតមកទល់នឹងពេលនេះ បានចុះពិនិត្យជំងឺជូនពលរដ្ឋនៅ២០រាជធានី-ខេត្ត ហើយការងារមនុស្សធម៌នេះ ក៏បានរួមចំណែកលើកម្ពស់មួយផ្នែកផងដែរ លើវិស័យសុខាភិបាលនៅកម្ពុជា។

ស្របពេលនឹងការចុះពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យជំនាញៗ បានធ្វើឲ្យប្រជាពលរដ្ឋ នៅតាមបណ្តារាជធានីខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល បានទទួលអត្ថប្រយោជន៍យ៉ាងច្រើន ពីក្រុមការងារមនុស្សធម៌មួយនេះ ដោយក្នុងនោះបានធ្វើឲ្យពួកគាត់ចំណេញពេលវេលាច្រើន ក្នុងការពិនិត្យ ជាពិសេសក្រុមការងារបានមកពិនិត្យដល់ជណ្តើរផ្ទះរបស់គាត់ និងថែមទាំងបានជួបវេជ្ជបណ្ឌិតជំនាញៗ ឯកទេសទៅតាមជំងឺផ្សេងៗគ្នាផងដែរ។ ម្យ៉ាងវិញទៀត បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចំណេញថវិកាច្រើន ដោយមិនចាំបាច់បង់ថ្លៃ ហើយថែមទាំងបានទទួលអំណោយជាថ្នាំពេទ្យទៀតផង។

តំណាងរាស្ត្រវ័យក្មេងមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋនៅតាមខេត្តបណ្តារាជធានី និងខេត្ត ថ្លែងកោតសរសើរ ពីទឹកចិត្តសប្បុរសធម៌ ដែលបានបញ្ជូនក្រុមការងាររបស់លោកចុះទៅពិនិត្យ-ព្យាបាល រួមនិងចែកថ្នាំពេទ្យដោយមិនគិតថ្លៃ ហើយបើគិតត្រឹមពេលសព្វថ្ងៃនេះ លោក ហ៊ុន ម៉ានី បានបង្កើតក្រុមការងាររបស់ខ្លួនមានរយៈពេល៨ឆ្នាំ ឈានចូល៩ឆ្នាំមកហើយ ក្នុងនោះមានក្រុមការងារគ្រូពេទ្យស្ម័គចិត្ត ដែលមិនខ្លាចភាពនឿយហត់ មានរហូតដល់៤,២៧៥នាក់។

ជាក់ស្តែងនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុ ន ម៉ានី ដែលដឹកនាំដោយ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គចិត្តលោក ហ៊ុន ម៉ានី បានដឹកនាំក្រុមគ្រូពេទ្យចំនួន៥២២នាក់ ទៅបន្តចុះពិនិត្យ-ព្យបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៣,៩៧៩នាក់ នៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ បសេដ្ឋ ភូមិតានួនឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នាឱកាសនោះក៏មានការចូលរួមក្រោមអធិបតី កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោក អៀង ម៉ូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

លោក ម៉ៃ ជឿន ពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជិត៤ពាន់នាក់ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានឲ្យដឹងថា រូបលោកពិតជាមានភាពសប្បាយរីករាយជាខ្លាំង ខណៈដែលបានឃើញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានអញ្ជើញចុះមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋជាច្រើននាក់ ក្នុងរបស់គាត់រស់នៅនាពេលសព្វថ្ងៃ។ ការដែលក្រុមគ្រូពេទ្យចុះមកពិនិត្យនេះ បានធ្វើឲ្យរូបគាត់ទទួលផលចំណេញច្រើនណាស់ ជាពិសេសបានជួបវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ និងម្យ៉ាងវិញទៀតនោះ គឺមិនអស់ប្រាក់កាកទៀតផង។

លោក ជឿន ក៏បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ជាខ្លាំង ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យទាំងអស់ ដែលមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានស្នើដល់លោក ហ៊ុន ម៉ានី ឧស្សាហ៍ឲ្យក្រុមគ្រូពេទ្យចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋផងដែរ។

លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុន ម៉ានី បានលើកឡើងថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គលជូនគ្រួសារ និងសង្គមជាតិ។

លោកបន្ថែមថា ក្នុងរយៈពេល ៨៦ខែ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ០៩ កុម្ភៈ ឆ្នាំ២០២០) ៨ឆ្នាំគិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ២១៦លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំនួន៤,២៧៥នាក់ បានពិនិត្យ និងព្យាបាលជំងឺព្រមទាំងចែកថ្នាំ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបាន ចំនួន៥២៣,៧៣៧នាក់ ក្នុងនោះស្ត្រីមានចំនួន៣៥២,០៨១នាក់។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ១២៣នាក់, ជំងឺស្រ្តី១០៩នាក់, ជំងឺផ្លូវចិត្ត១៤១នាក់, ជំងឺឫសដូងបាត១០៧នាក់, ជំងឺសន្លាក់ឆ្អឹង៩៣នាក់, ជំងឺរលាកសួត៧៣នាក់, ជំងឺត្រចៀក ច្រមុះបំពង់ក៨១នាក់, ជំងឺភ្នែក៥៩នាក់, ជំងឺសើរស្បែក៩២នាក់, ជំងឺទឹកនោមផ្អែ១៥៩នាក់, ជំងឺមាត់ធ្មេញ៥៧នាក់, អេកូសាស្ត្រ៦៥នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម៤៩នាក់, វាស់ចង្វាក់បេះដូង៧៩នាក់, ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់៩៨នាក់, វិភាគឈាមនិងបន្ទប់ពិសោធន៍២៧៨នាក់, ព្យាបាលរបួសនិងវះកាត់តូច៥៨នាក់ និងជំងឺទូទៅ២១៦៨នាក់៕