(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញរបៀបវារៈមួយចំនួន ដោយសង្កត់ធ្ងន់លើការបន្តជំរុញមន្ត្រី ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការស្រាវជ្រាវ និងការបង្ក្រាបជាក់ស្ដែង រាល់បទល្មើសគ្រប់ប្រភេទ ក្នុងទិសដៅ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេសការចុះធ្វើរដ្ឋបាលទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ការជំរុញរបស់លោក ជា ពិសី ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ប្រាជ្ញ សីហា, លោក ស៊ូ សោគន្ធ, លោក លីន ញ៉ក់, លោកស្រី សួស សូលីដា អភិបាលរងខណ្ឌទាំង៤រូប និលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការខណ្ឌ, លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌ, គណៈនាយក, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, មន្រ្តីនគរបាល, យោធភូមិភាគពិសេស, លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សង្កាត់ទាំង៧, លោកមេភូមិ និងសណ្តាប់ធ្នាប់ខណ្ឌ សរុប៩០នាក់ ស្ថិតនៅសាលាខណ្ឌ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌខាងលើនេះ លោកអភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវរបៀបវារៈមួយចំនួនរួមមាន៖

*ទី១៖ ត្រៀមរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌឫស្សីកែវ
*ទី២៖ ការត្រួតពិនិត្យ ការបង្រ្កាបល្បែងស៊ីសង ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ
*ទី៣៖ បញ្ហាសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងអនាម័យ ក្នុងមូលដ្ឋាន
*ទី៤៖ វឌ្ឍនភាពការងារដោះស្រាយបញ្ហា ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ និងការអនុវត្តការងារនៅព្រែកអូវែង
*ទី៥៖ វឌ្ឍនភាពសំណង់ផ្សេងៗ និងអគារចាស់ៗ
*ទី៦៖ បញ្ហាផ្សេងៗមួយចំនួនទៀត៕