(ភ្នំពេញ)៖ បន្ទាប់ពីបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៣៖០០នាទី រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោកប្រធានាធិបតីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកប្រធានាធិបតីឡាវ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីជាន់ខ្ពស់កម្ពុជា គឺសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង និង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ប៊ុនញ៉ាំង វរជីត បានចូលគាល់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង។ បន្ទាប់ពីនោះ លោក ប៊ុនញ៉ាំង វរជីត បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ លោកប្រធានាធិបតី ក៏មានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ប៊ុនញ៉ាំង វរជីត គឺជាព្រឹត្តិការណ៍ដ៍មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសនិងប្រជាជន ដែលជាអ្នកជិតខាងល្អទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
នេះជាទស្សនកិច្ចផ្លូវរដ្ឋលើកទី២ហើយលោក ប៊ុនញ៉ាំង វរជីត ក្នុងតំណែងជាប្រធានាធិបតីឡាវ មកកាន់ប្រទេសកម្ពុជា ដែលលោកក៏ធ្លាប់បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋម្តងផងដែរ កាលពីខែកុម្ភៈ ឆ្នាំ២០១៧៕