(ភ្នំពេញ)៖ រថយន្តស៊េរីទំនើបពីរគ្រឿង បុកគ្នានៅចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យក្រឡាប់រថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួលឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២៖២២នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥១ កែងផ្លូវលេខ២១៤ ដែលស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORD RANGER ពណ៌ស បើកបរដោយបុរសម្នាក់ពាក់ស្លាកលេខ ភ្នំពេញ 2AY-7119 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ កែងផ្លូវលេខ២១៤ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MERCEDES ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-8787 រៀបនឹងឆ្លងផ្លូវ ក៏ត្រូវរថយន្តស៊េរីទំនើបម៉ាក FORD បុកចំពីមុខពេញមួយទំហឹងបណ្ដាលឲ្យរថយន្ត FORD ខ្លួនឯងក្រឡាប់ផ្ងារជើងឡើងលើទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើ យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយផងដែរ៕