(កណ្តាល)៖ លោក ភួង ចំរើន អនុប្រធានភូមិព្រែកស្វាយ, លោក ហែម ហួន ប្រធានភូមិព្រែកស្វាយ, លោកស្រី អ៊ុក ស៊ឿន មេឃុំឈើទាល និងលោក ថោង ចន្ថា មន្ត្រីសុរិយោដីស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋចំនួន ៥គ្រួសារ ប្តឹងទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចោទប្រកាន់ពីបទរំលោភកាន់កាប់អចលនទ្រព្យអ្នកដទៃ។

ប្រជាពលរដ្ឋទាំង ៥គ្រួសារដែលមានឈ្មោះ ហៅ ឡៃ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ ឡូ ស៊ីណារ៉ូ ភេទប្រុស អាយុ៥៧ ឆ្នាំ ជាតំណាងបាននិយាយឲ្យដឹងថា ពួកគាត់បានចូលលុយគ្នាប្រមូលទិញដីជាង ១០ហិកតាជាដីស្រែប្រាំងនៅខាងលិចជាប់ទំនប់វរៈប្រាំស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការទិញលក់ត្រូវបានទទួលស្គាល់ដឹងឮពីអាជ្ញាធរ ហើយថែមទាំងអាជ្ញាធរ បានចេញលិខិតកាន់កាប់ជាង ១០ឆ្នាំមកហើយ មិនដែលមានទំនាស់អ្វីឡើយ។ ប៉ុន្តែស្រាប់តែមកដល់ចុងឆ្នាំ២០១៩ កើតមានទំនាស់ដោយសារមានឈ្មោះ ញ៉ឹក ចាន់កុសល ចេញមុខមកតវ៉ាថា ដីរបស់ខ្លួនទំហំ ១០០ម៉ែត្រគុណនឹង៩៤,១៥ម៉ែត្រ ដែលមានព្រំប្រទល់ខាងជើងទល់ប្រឡាយកូន ខាងត្បូងទល់នឹងឈ្មោះ គង់ ចំរើន ខាងកើតទល់នឹងឈ្មោះ ប៊ុត សារ៉េត និងខាងលិចទល់នឹងឈ្មោះ ឆុំ សុជាតិ គឺជាដីរបស់ខ្លួនដែលបានលក់ទៅឈ្មោះ កែវ ប៊ុននេត នៅជាប់នឹងដីឈ្មោះ គង់ ចំរើន និងដីឈ្មោះ ហៅ ឡៃ តំណាងពួកគាត់ទាំង ៥គ្រួសារ។

ការតវ៉ានេះបណ្តាលឲ្យពួកគាត់មិនអាចវាស់វែងធ្វើប្លង់ប្រព័ន្ធបាន។ ក្រោយមកដោយសារពួកគាត់មើលឃើញថា ឯកសារដីរបស់ឈ្មោះ ញ៉ឹក ចាន់កុសល ដែលលក់ទៅឲ្យឈ្មោះ កែវ ប៊ុននេត មានព្រំប្រទល់មិនច្បាស់លាស់ ហើយម្យ៉ាងទៀតដីនេះ អាជ្ញាធរ និងម្ចាស់ដីចេះតែដើរចង្អុលទីតាំងបម្លាស់ទីគ្រប់ទីកន្លែង ដែលកាលពីឆ្នាំ២០១៨ បានចង្អុលថា ដីឈ្មោះ ញ៉ឹក ចាន់កុសល នៅចំណុចខាងលិចឈ្មោះ គង់ ចំរើន មិនជាប់ព្រំជាមួយដីឈ្មោះ ហៅ ឡៃ ទេ។

លុះមកដល់ឆ្នាំ២០១៩ អាជ្ញាធរ និងមន្ត្រីជំនាញ បានចុះវាស់វែងធ្វើប្លង់ប្រព័ន្ធស្រាប់តែអាជ្ញាធរនិយាយថា ដីឈ្មោះ ញ៉ឹក ចាន់កុសល នៅចំណុចខាងកើតដីឈ្មោះ គង់ ចំរើន ជាប់ខាងលិចដីឈ្មោះ ហៅ ឡៃ ទៅវិញ ហើយឈ្មោះ ញ៉ឹក ចាន់កុសល ចេះតែតវ៉ាបង្កឲ្យរាំងស្ទះមិនអាចឲ្យពួកគាត់ធ្វើប្លង់បាន ទើបពួកគាត់សម្រេចប្តឹងឈ្មោះ ញ៉ឹក ចាន់កុសល ទៅក្រសួងមហាផ្ទៃ។

ប្រជាពលរដ្ឋទាំងប្រាំគ្រួសារបានឲ្យដឹងទៀតថា បន្ទាប់ពីសមត្ថកិច្ចកោះហៅឈ្មោះ ញ៉ឹក ចាន់កុសល ទៅសាកសួរ ស្រាប់តែឈ្មោះ ញ៉ឹក ចាន់កុសល បានសារភាពថា ខ្លួនមិនស្គាល់ដីទេ ហើយដីរបស់ខ្លួនមិនជាប់ពាក់ព័ន្ធ ហើយក៏មិននៅជាប់ព្រំជាមួយដីឈ្មោះ ហៅ ឡៃដែរ។

ប៉ុន្តែទោះបីឈ្មោះ ញ៉ឹក ចាន់កុសល បានសារភាពថា ដីរបស់ខ្លួនមិនជាប់ពាក់ព័ន្ធនៅជាប់ព្រំដីឈ្មោះ ហៅ ឡៃយ៉ាងណាក៏ដោយ ក៏អាជ្ញាធរ និងមន្ត្រីជំនាញនៅតែអះអាងជាប់ពាក់ព័ន្ធឈ្មោះ ញ៉ឹក ចាន់កុសលដដែល ហើយថែមទាំងមិនព្រមវាស់វែងធ្វើប្លង់ទៀត។ ដោយសារតែបញ្ហានេះ ពួកគាត់ក៏បាននាំគ្នាប្តឹងឈ្មោះទាំង ៤នាក់ខាងលើទៅក្រសួងមហាផ្ទៃម្តងទៀត។

ក្រោយសមត្ថកិច្ចកោះហៅទៅសាកសួរ លោកស្រី អ៊ុក សឿន មេឃុំឈើទាលបានសន្យាថា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នឹងចុះវាស់វែងដីឈ្មោះ ហៅ ឡៃ។ លុះដល់ថ្ងៃទី៧ ប្រជាពលរដ្ឋ បាននាំគ្នាទៅដល់សាលាឃុំឈើទាល តែពេលទៅដល់សាលាឃុំ លោកស្រីមេឃុំ បែរជាមិនព្រមចុះទៅវាស់វែងទេ ដោយនិយាយថា អភិបាលស្រុកកៀនស្វាយប្រាប់ថា ដីពួកគាត់ជាប់ ស.ជ.ណ។

ប្រជាពលរដ្ឋពួកគាត់មានចម្ងល់ថា ចុះបើជាប់ ស.ជ.ណ ម៉េចមិននិយាយពីដំបូង ចេះតែលើកដាក់ថា ដីអ្នកនេះដីអ្នកនោះ?។ ម្យ៉ាងទៀតបើជាប់ ស.ជ.ណ ចុះហេតុអីដីប្រជាពលរដ្ឋនៅជុំវិញដីពួក គាត់មិនជាប់ ស.ជ.ណ បែរជាដីពួកគាត់កណ្តាលទៅជាជាប់ ស.ជ.ណ ទៅវិញ។

ករណីនេះ ប្រជាពលរដ្ឋមិនអស់ចិត្តទេ ពួកគាត់បានស្នើសុំថ្នាក់លើជួយរកយុត្តិធម៌ និងដោះស្រាយធ្វើយ៉ាងណាឲ្យពួកគាត់បានវាស់វែងធ្វើប្លង់ផង។

ពាក់ព័ន្ធករណីប្តឹងចោទប្រកាន់នេះ លោក ភួង ចំរើន អនុប្រធានភូមិព្រែកស្វាយ មិនអាចសុំការបំភ្លឺបានទេ ដោយសារទាក់ទងតាមទូរស័ព្ទចូលតែពុំមានអ្នកលើកទទួល។ លោក ហែម ហួន ប្រធានភូមិព្រែកស្វាយ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងតាមទូរស័ព្ទថា ដីរបស់ឈ្មោះ ញ៉ឹក ចាន់កុសល ដែលលក់ឲ្យឈ្មោះ កែវ ប៊ុននេត មិននៅជាប់ព្រំ និងមិនពាក់ព័ន្ធនឹងដីឈ្មោះ ហៅ ឡៃទេ បើភាគីឈ្មោះ ហៅ ឡៃ ចង់វាស់វែងត្រូវធ្វើពាក្យស្នើសុំសាលាស្រុកម្តងទៀត។

លោកស្រី អ៊ុក សឿន មេឃុំឈើទាល បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកស្រីគ្មានពេលជួប និងបកស្រាយទេ។ លោក ថោង ចន្ថា មន្ត្រីសុរិយោដីស្រុកកៀនស្វាយ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា ករណីណឹងលោកបានបង្គាប់ឲ្យខាងភាគី ហៅ ឡៃ ដាក់ពាក្យប្តឹងទប់ស្កាត់ហើយ។ ចំណែកដីឈ្មោះ ញ៉ឹក ចាន់កុសល ដែលបានលក់ទៅឲ្យឈ្មោះ កែវ ប៊ុននេត គឺមានឯកសារនិយាយពីប្រវត្តដីត្រឹមត្រូវ ទើបលោកចុះវាស់វែងនិងដាក់លេខក្បាលដីបានគឺលេខ៣៧២។ រីឯដីមានព្រំមិនច្បាស់លាស់យ៉ាងណានោះ លោកមិនគិតទេ សំខាន់អាជ្ញាធរបានចង្អុលបង្ហាញ៕