(ភ្នំពេញ)៖ សាស្ដ្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា កម្ពុជាមានអត្រាមរណភាពរបស់ទារកនៅខ្ពស់ ពិសេសទារកទើបនឹងកើត ដូច្នេះក្រសួងសុខាភិបាល ចង់បង្កើតឱ្យមានផ្នែកជំងឺពិនិត្យពិគ្រោះជំងឺកុមារ និងទារកនៅតាមមន្ទីរពេទ្យធំៗ ជាពិសេសមន្ទីរពេទ្យខេត្ដ ដើម្បីកាត់បន្ថយការបញ្ជូនអ្នកជំងឺមកឆ្ងាយ ដែលបណ្ដាលឱ្យទារកនោះ ប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់ជីវិត។

លោកនាយកមន្ទីរពេទ្យបានបន្ដថា «មន្ទីរពេទ្យកុមារជាតិ បានដើរតាមមាគ៌ារបស់ក្រសួងសុខាភិបាល ដោយពេលនេះមន្ទីរពេទ្យរបស់យើង បានទទួលបានការឧបត្ថម្ភពីដៃគូអភិវឌ្ឍ KOFIH និង KOICA បានរៀបចំបណ្ដុះបណ្ដាលពិនិត្យព្យាបាល និងថែទាំកុមារ និងទារកដល់មន្ទីរពេទ្យយើង និងបណ្ដុះបណ្ដាលបន្ដទៅគ្រូពេទ្យតាមបណ្ដាខេត្ដ ក្នុងនោះង្រឹងសេវាថែទាំព្យាបាលនៅមន្ទីរពេទ្យចំនួន៤ជាជំហានដំបូង គឺខេត្ដពោធិ៍សាត់ បាត់ដំបង បៃលិន និងខេត្ដរតនៈគិរី»

ការថ្លែងបែបនេះ របស់លោកនាយកមន្ទីរពេទ្យកុមារជាតិ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើ «ជំនាញអនុវត្ដន៍ការងារការថែទាំព្យាបាលជំងឺទារកសម្រាប់គ្រូពេទ្យ និងគិលានុបដ្ឋាក» ក្រោមគម្រោងកិច្ចសហប្រតិបត្ដិការរវាងមន្ទីរពេទ្យកុមារជាតិ និងអង្គការ KOFIHនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកសាស្ដ្រាចារ្យ ញឹប អង្គាបុស្ស បានថ្លែងបន្ដថា «ដើម្បីបង្កើនគុណភាពសេវាប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ក្រសួងសុខាភិបាលនឹងបណ្ដុះបណ្ដាលដល់គ្រូពេទ្យទូទាំង២៥ខេត្ដ-ក្រុង នូវជំនាញថែទាំព្យាបាលជំងឺ ដល់ទារកទើបកើត និងឈឺក្រោយកើត»

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត Kim Sang Gyen តំណាងអង្គការ KOFIH ប្រចាំកម្ពុជា បានលើកឡើងថា ដោយឃើញថា នៅតាមមន្ទីរពេទ្យធំៗនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យបង្អែកតាមបណ្ដាខេត្តមិនទាន់មានគ្រូពេទ្យ និងគិលានុដ្ឋាកផ្នែកថែទាំទារកនៅឡើយ អង្គការ KOFIH និងKOICA សហការជាមួយមន្ទីរពេទ្យកុមារជាតិ ដែលជាមន្ទីរពេទ្យមួយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ធ្វើការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពគ្រូពេទ្យ និងគិលានុដ្ឋាក មកពីតាមបណ្ដាខេត្ដ ជាពិសេសមកពីខេត្ដទាំងបួនខាងលើនេះ។

លោកវេជ្ជបណ្ឌិត Kim Sang Gyen «ការបណ្ដុះបណ្ដាលនេះ នឹងជួយបំពេញបន្ថែមនូវភាពខ្វះខាតក្នុងការផ្ដល់សេវាផ្នែកសុខភាពទារក និងកុមារនៅតាមបណ្ដាខេត្ដ និងដើម្បីពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ និងគិលានុដ្ឋាក ក្នុងការផ្ដល់នូវសេវាយ៉ាងមានប្រសិទ្ធិភាព ក្នុងការថែទាំទារក ដែលមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ដ។ លើសពីនោះ យើងក៏មានវគ្គបណ្ដុះបណ្ដាលផ្សេងៗក្នុងការចែករំលែកនូវបទសោធន៍ថ្មីបន្ដទៀត»

សូមជម្រាបថា ក្រោមកិច្ចសហការចាប់ពីដើមឆ្នាំ២០១៩ រវាងមន្ទីរពេទ្យកុមារជាតិ និងអង្គការ KOFIH ក្នុងការជួយពង្រឹងសមត្ថភាពគ្រូពេទ្យ និងគិលានុដ្ឋាកនៅតាមបណ្ដាខេត្ដ មន្ទីរពេទ្យកុមារជាតិ បានពិភាក្សាជាមួយបុគ្គលិកជំនាញ ទាំងគ្រូពេទ្យ និងគិលានុដ្ឋាកផ្នែកជំងឺទារក និងផ្នែកជំងឺធ្ងន់ធ្ងរ ក្នុងការរៀបចំកម្មវិធីសិក្សាបែបអនុវត្ដលើជំនាញព្យាបាលថែទាំជំងឺទារក ដែលមានរយៈពេល៦ខែ៕