(ភ្នំពេញ)៖ សិក្ខាសាលាស្តីពីការបង្រៀនភាសាអង់គ្លេស CamTESOL ប្រចាំឆ្នាំលើកទី១៦ បានទទួលស្វាគមន៍អ្នកចូលរួមប្រមាណជាង ១,៦០០នាក់ មកពី៣១ប្រទេស មកកាន់រាជធានីភ្នំពេញ។ CamTESOL ដែលត្រូវបានរៀបចំដោយស្ថាប័ន IDP Education ដែលជាស្ថាប័នឈានមុខលើពិភពលោកក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស មាននូវការធ្វើបទបង្ហាញចំនួនជាង៥០០ ដោយអ្នកជំនាញក្នុងវិស័យបង្រៀនភាសាអង់គ្លេសចំនួនជាង៤០០នាក់នៅកម្ពុជា និងបណ្តាប្រទេសនានាលើសកលលោក។

CamTESOL ប្រចាំឆ្នាំលើកទី១៦ ត្រូវបានប្រារព្ធឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លើប្រធានបទ «ការបង្រៀនភាសាអង់គ្លេសក្នុងសតវត្សន៍ទី២១: វិធីសាស្ត្រសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព»។ បន្ទាប់ពីបង្កើតឡើងរយៈពេលជាង ១៦ឆ្នាំ CamTESOL ក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការចែករំលែកចំណេះដឹងអំពី «ការបង្រៀនភាសាអង់គ្លេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

ជារៀងរាល់ឆ្នាំ CamTESOL បានប្រមូលផ្តុំគ្រូបង្រៀនភាសាអង់គ្លេស គ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យបង្រៀនភាសាអង់គ្លេស និងភាសាវិទ្យា បុគ្គលិករដ្ឋបាលតាមស្ថាប័នសិក្សា អ្នកអប់រំដែលមានចំណាប់អារម្មណ៍លើការអប់រំភាសាអន្តរជាតិ តំណាងក្រសួងអប់រំ យុវជន និងកីឡា អ្នកជំនាញ និងអ្នកស្រាវជ្រាវអន្តរជាតិដែលមានបំណងបង្កើត និងពង្រឹងនូវទំនាក់ទំនងក្នុងវិស័យបង្រៀនភាសាអង់គ្លេស។

ការបើកសិក្ខាសាលាជាផ្លូវការ ត្រូវបានធ្វើឡើងក្រោមគណៈអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា, លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Arend Zwartjes តំណាងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងលោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP Education ប្រចាំកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលអ្នកចូលរួមទាំងអស់បានចែករំលែកវិធីសាស្ត្របង្រៀនភាសាអង់គ្លេសឱ្យមានប្រសិទ្ធិភាព, គ្រូបង្រៀនមាននាទីដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ»។

លោក Pablo Kang បានរៀបរាប់ពីមុខងារនៃគ្រូបង្រៀនភាសាអង់គ្លេសក្នុងការអភិវឌ្ឍថា «គ្រូបង្រៀនមាននាទីសំខាន់ក្នុងការអប់រំភាសាអង់គ្លេសដល់សិស្សជំនាន់ក្រោយ ព្រោះវាគឺជាជំនាញដ៏មានសារៈប្រយោជន៍»។

ជាមួយគ្នានោះ លោកស្រីTina Redshaw បានថ្លែងថា «គ្រូបង្រៀននៅកម្ពុជា ប្រហែលជាមិនមានឱកាសច្រើនក្នុងការធ្វើដំណើរទៅចូលរួមសិក្ខាសាលាធំៗនៅប្រទេសផ្សេងៗ ដូច្នេះការដែល CamTESOL នាំអ្នកចូលរួមមកកាន់កម្ពុជា គឺជាគំនិតដ៏អស្ចារ្យមួយ»។

គួរបញ្ជាក់ថា នៅសិក្ខាសាលាក៏មានការតាំងពិព័រណ៍ដែលចូលរួមដាក់បង្ហាញសម្ភារ និងសេវាកម្មទាក់ទងនឹងការបង្រៀនភាសាអង់គ្លេសដោយស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនដូចជា Cambridge English Assessment, Oxford University Press, National Geography Learning និង Macmillan Publishers។ ក្នុងចំណោមអ្នកចូលរួមទាំង ១,៧០០នាក់ មានគ្រូបង្រៀន និងអ្នកអប់រំភាសាអង់គ្លេសជនជាតិកម្ពុជាចំនួនប្រមាណជាង ១,០០០នាក់ ដែលភាគច្រើនជាគ្រូបង្រៀនមកពីតាមបណ្តាខេត្ត។

សិក្ខាសាលា ក៏មាននូវបទបង្ហាញ និងវេទិកាពិភាក្សាពិសេសដោយអ្នកជំនាញក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោករួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស នូវែលហ្សេឡង់ និងសាំងហ្កាពួរ។ លោកម៉ៅ ស្រេង បានថ្លែងថា «CamTESOL មានភាពសោមនស្សរីករាយណាស់ដែលទទួលបាននូវការគាំទ្រ និងការចូលរួមពីសំណាក់អ្នកអប់រំ និងស្ថាប័នជាច្រើនទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើឱ្យកម្ពុជាក្លាយទៅជាវេទិកាដ៏សំខាន់ក្នុងតំបន់ និងឆាកអន្តរជាតិ ក្នុងការចែករំលែករបកគំហើញថ្មីៗនិងវិធីសាស្ត្រក្នុងការស្រាវជ្រាវ ការរៀន និងការបង្រៀនភាសាអង់គ្លេស»។

សូមជម្រាបថា សិក្ខាសាលា CamTESOL ប្រចាំឆ្នាំលើកទី១៧ នឹងធ្វើឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ «Actions and Innovations in Teaching and Learning»៕
សម្រាប់ការចុះឈ្មោះធ្វើបទបង្ហាញ ឬ ចូលរូម សូមចូលទៅកាន់ www.camtesol.org!