(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ពោធដាក់ឲ្យប្រើប្រាស់កម្រាល និងចិញ្ចើមផ្លូវដុំបេតុងជ្រាបទឹកពិសេស នៃគម្រោងសាកល្បងការពារជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា, លោក យ៉ាប៊ូសាមិ គីយ៉ុណូរី (Yabusame Kiyonori) នាយកប្រតិបត្តិក្រុមហ៊ុន OMURA CERATEC Co.LTD និងលោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត អាជ្ញាធរ តំណាងមន្ទីរ-អង្គភាព កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយស ផងដែរ នៅល្ងាចថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

លោកអភិបាលខេត្ត បានលើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់កម្រាល និងចិញ្ចើមផ្លូវដុំបេតុងជម្រាបទឹកពិសេស នៃគម្រោងសាកល្បងការពារទឹកជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាប របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្ថិតនៅតាមបណ្ដោយផ្លូវ ២ធ្នូ ពីចំណុចប្រសព្វផ្លូវផាប់ស្រ្ទីត (Pub Street) ដល់មុខក្លោងទ្វារ មន្ទីរពេទ្យបង្អែកខេត្ត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមរយៈគម្រោងនេះ រដ្ឋបាលខេត្តសង្ឃឹមថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុន នឹងបន្តនូវការគាំទ្រ និងវិនិយោគបន្ថែមទៀត ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប ហើយគម្រោងនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន។

លោកអភិបាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមក្នុងនីតិកាលទី៦ ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការរៀបចំព្រឹត្តិការណ៍ធំៗ កិច្ចប្រជុំថ្នាក់ជាតិ អន្តរជាតិនានា។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានពុះពារជំនះរាល់បញ្ហាប្រឈមជាច្រើន ដោយទទួលបានមានការឧបត្ថម្ភគាំទ្រពីសម្តេចនាយករដ្ឋមន្រ្តី និងសម្តេចពិជ័យសេនាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប រួមនិងលោក លោកស្រី ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រមទាំងមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន ធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានសមិទ្ធផលមួយចំនួនជាអាទិ៍៖

*បានបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូចំនួន ២ខ្សែ លើកំណាត់ផ្លូវខ្នារចាស់ប្រវែង ៤.៦០០ម៉ែត្រ និងផ្លូវ 2RS3 (ផ្លូវក្រវាត់ក្រុង) ប្រវែង ២.២៣០ម៉ែត្រ នៅក្រុងសៀមរាប *បានចុះការចាប់ផ្តើមដំណើរការសាងសង់ផ្លូវអាទីសង់អង្គរប្រវែង ២៣៥ម៉ែត្រ ជាប្រភេទផ្លូវ AC
*បានធ្វើការស្តារប្រឡាយមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីបើកមុខទឹកឲ្យហូរលឿន ជៀសវាងទឹកលិចផ្លូវ ធ្វើឲ្យផ្លូវខូចនៅក្នុងក្រុងសៀមរាប
*បានសាងសង់ផ្លូវចំនួន ១០ខ្សែ លើគម្រោងសាងសង់ផ្លូវចំនួន ១៧ខ្សែ ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត រួមមាន ៖

*ទី១ ៖ សាងសង់ផ្លូវបេតុង និងដាក់លូមុខកាត់ ១ម៉ែត្រ នៅភូមិតាវៀន ក្រោយផ្សារលើ កាត់ផ្ទះតាអុចដល់ផ្លូវវាងក្រុងប្រវែង ១.២៥៩ម៉ែត្រ
*ទី២ ៖ សាងសង់ផ្លូវបេតុង និងដាក់លូប្រអប់បណ្តោយផ្លូវ ៣,៥០ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវ ៧មករា ចំណុចហាងលក់គ្រឿងសំណង់ លី ហាំងសេង ដល់ផ្លូវគ្លីនិកនាគទេព ប្រវែង ៧៩០ម៉ែត្រ
*ទី៣ ៖ សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ១ម៉ែត្រ នៅភូមិចុងកៅស៊ូ ពីផ្លូវជាតិលេខ៦ ចំណុចភ្លើងស្តុបស្មាញលីងដល់ផ្លូវផ្ទះតាអុច ប្រវែង ៣៣៥ម៉ែត្រ
*ទី៤ ៖ សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨០ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវក្រោយផ្សារលើ ដល់ផ្លូវវាងក្រុងចំណុចតារាងបាល់ជន្លង់ ប្រវែង ៧៣០ម៉ែត្រ
*ទី៥ ៖ សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨០ម៉ែត្រ នៅភូមិតាវៀនពីភោជនីយដ្ឋានស្វាយមាស ដល់ផ្លូវវាងក្រុង ប្រវែង ៨៨៥ម៉ែត្រ
*ទី៦ ៖ សាងសង់ផ្លូវបេតុង និងដាក់លូមុខ១ម៉ែត្រពីផ្លូវ២១២ ដល់ផ្លូវ ៧មករា (ផ្ទះលក់គ្រឿងសំណង់ តុងសេង) ៥០០ម៉ែត្រ
*ទី៧ ៖ សាងសង់ផ្លូវប្រភេទ AC និងដាក់លូពីប្រភេទ គឺលូមូល និងលូជ្រុង ចាប់ពីផ្លូវស៊ីវត្ថា បណ្តោយតាមកេសរកូល រហូតដល់ផ្លូវក្រវាត់ក្រុង ប្រវែង ១១.២០០ម៉ែត្រ
*ទី៨ ៖ សាងសង់ផ្លូវប្រភេទ AC និងដាក់លូចាប់ពីផ្លូវស៊ីវត្ថារហូតដល់ស្ទឹងថ្មី (ផ្លូវអាទីហ្សង់អង្គរ) ប្រវែង ១.៦៤៥ម៉ែត្រ
*ទី៩ ៖ សាងសង់ផ្លូវប្រភេទRC ចាប់ពីផ្លូវជាតិលេខ៦ ស្របតាមបុរីអាកខេតរហូតដល់ផ្លូវរង្គសាលបាខែងចាស់ ប្រវែង ២.៧០០ម៉ែត្រ
*ទី១០ ៖ សាងសង់ផ្លូវប្រភេទAC និងដាក់លូអមសងខាងផ្លូវចាប់ពីផ្លូវជាតិលេខ៦ (ផ្លូវខាងកើតពន្ធដារ) រហូតដល់ផ្លូវ៣០ ប្រវែង ១១.៧៦០ម៉ែត្រ។

លោកអភិបាលខេត្ត បានបន្ថែមថា ដោយមានគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា នោះជាបុព្វហេតុ នៃការរីកចម្រើនសម្រាប់ខេត្តសៀមរាប លើគ្រប់វិស័យ ដែលកំពុងរួមចំណែកកសាងសេដ្ឋកិច្ចសង្គមជាតិ លើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ តាមរយៈការ ជួយសម្របសម្រួលការលើកទឹកចិត្ត និងកត្តាជម្រុញផ្សេងៗទៀត តាមការសង្កេតនូវសន្ទុះសេដ្ឋកិច្ចរបស់ខេត្ត ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ឃើញមានកំណើនប្រកបដោយសក្តានុពល ឈានឡើងយ៉ាងខ្លាំង ជីវភាពរស់នៅកាន់តែប្រសើរ និងសេវាកម្មផ្សេងៗកាន់តែមានប្រសិទ្ធភាព និងសកម្មភាពផុសផុលទ្វេឡើងជារៀងរាល់ឆ្នាំ។

ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ដែលមានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ អាជ្ញាធរខេត្ត បានជម្រុញនូវការអភិវឌ្ឍខេត្ត តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត ប្រឡាយ លូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ការពង្រីកបណ្តាញទឹកស្អាត អគ្គិសនី ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ និងការរៀបចំសួនច្បារសាធារណៈ ជាបន្តបន្ទាប់ ដើម្បីបម្រើដល់តំរូវការចាំបាច់ក្នុងលក្ខខ័ណ្ឌរស់នៅរបស់ប្រជាជន និងភ្ញៀវទេសចរ។

ទន្ទឹមនឹងនេះ ដោយខេត្តសៀមរាប ជាខេត្តគោលដៅទេសចរណ៍ និងជាទីកន្លែងសម្រាប់រៀបចំសន្និសីទថ្នាក់ជាតិ-អន្តរជាតិ ដូច្នេះ ដើម្បីរក្សាបាននូវកិត្យានុភាពជាតិយើង ក៏ដូចជាខេត្តសៀមរាប ទាំងមូល លោកអភិបាលបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនូវសមិទ្ធផលនានា ដែលសម្រេចបានរយៈពេលកន្លងមកឲ្យនៅគង់វង្ស ស្ថិតស្ថេរ ប្រើប្រាស់ប្រកបដោយនិរន្តរភាព ជាពិសេសចូលរួមក្នុងចលនាភូមិ ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តទាំងប្រជាពលរដ្ឋទាំងភ្ញៀវទេសចរ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសូមការយោគយល់ ចំពោះបងប្អូនអាជីវករ ដែលស្ថិតតាមបណ្តោយផ្លូវ២ធ្នូនេះ ដែលមានការប៉ះពាល់ខ្លះដល់អាជីវកម្មរបស់ខ្លួន ក្នុងអំឡុងពេល នៃដំណើរការសាងសង់ផ្លូវនេះ៕