(កំពង់ចាម)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន បំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកងមាស បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រហូតមានការឃាត់ខ្លួនគ្រូបង្រៀនម្នាក់ឈ្មោះ អ៊ូ ជាលី បញ្ជូនទៅតុលាការ។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានលើកឡើងថា កាលបរិច្ឆេទជំនុំជម្រះលើសំណុំរឿងនេះ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨៖៣០នាទីព្រឹក នៅសាលសវនាការ នៃសាលាដំបូងខេត្តកំពង់ចាម។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា សវនាការលើសំណុំរឿងព្រហ្មទណ្ឌ មិនមែនមានន័យថា ជនជាប់ចោទឈ្មោះ អ៊ូ ជាលី ពិតជាបានប្រព្រឹត្តនូវអំពើដូចការចោទប្រកាន់ ឬមានទោសនោះឡើយ ពោលសវនាការជាការសួរដេញដោល ក្នុងសវនាការជាសាធារណៈ ដើម្បីបង្ហាញអំពី តម្លាភាព និងយុត្តិធម៌ សម្រាប់គ្រប់ភាគីក្នុងចណុះរឿង ហើយលទ្ធផលនៃសវនាការផ្អែកតាម មាត្រា៣៥០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ មានពីរប្រភេទ។

*ទី១៖ តុលាការនឹងប្រកាសផ្ដន្ទាទោសតាមច្បាប់ បើពិនិត្យឃើញថា មានតម្រុយពិរុទ្ធភាព លើជនជាប់ចោទ
*ទី២៖ តុលាការនឹងប្រកាសឲ្យជនជាប់ចោទរួចខ្លួន ពីបទចោទ ប្រសិនបើពិនិត្យឃើញថា អំពើនោះមិនមែនជាបទល្មើសទេ ឬក៏ជនជាប់ចោទគ្មានកំហុសទេ។

គួរជម្រាបថា កន្លងទៅអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក៏ធ្លាប់ចេញសេចក្ដីប្រកាសព័ត៌មានម្ដងរួចមកហើយ ដោយសម្ដែងនូវការសោកស្ដាយ យ៉ាងខ្លាំងបំផុត ចំពោះការផ្សព្វផ្សាយរបស់គេហទំព័រព័ត៌មានមួយចំនួន និងអ្នកវិភាគវែកញែក អ្នកបកស្រាយ តាមគេហទំព័រហ្វេសបុកមួយចំនួន ដែលធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនបានប្រមូលគ្រប់ជ្រុងជ្រោយពីគ្រប់ភាគី (ភាគីជនត្រូវចោទ ភាគីជនរងគ្រោះ និងតុលាការ) ដែលពាក់ព័ន្ធក្នុងសំណុំរឿង។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់ទុកថា អំពើនៃការបន្ដបកស្រាយនូវអង្គហេតុ ប្រៀបធៀបអង្គហេតុទៅលើបញ្ហាផ្សេងទៀត ដែលមិនពាក់ព័ន្ធក្នុងសំណុំរឿងការប្រគល់ ឬបង្ហាញនូវឯកសារសម្ងាត់ក្នុងសំណុំរឿងសម្រាប់ការផ្សព្វផ្សាយ ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ក្នុងចេតនាបង្កឲ្យមានការប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ចៅក្រម អង្គចៅក្រម និងស្ថាប័នតុលាការ អាចប្រឈមនឹងការចោទប្រកាន់ តាមបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន៕