(ភ្នំពេញ)៖ បញ្ជាក់នៅចំពោះមុខប្រជាជនកម្ពុជារាប់រយនាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ជំងឺកូរ៉ូណា ថ្មី នៅក្នុងប្រទេសកម្ពុជា ត្រូវបានបិទបញ្ចប់ បន្ទាប់ពីបុរសជនជាតិចិនម្នាក់ ដែលមកពីទីក្រុងវូហាន ខេត្តហូប៊ី ប្រទេសចិន មានផ្ទុកវីរុសនេះ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសកំណើតវិញនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ការប្រកាសបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ ឆ្លងកាត់រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តតាកែវ។
សម្តេចតេជោ ហ៊ុន សែន អរគុណ និងកោតសរសើរដល់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរទីកន្លែងទាំងអស់ ដែលបានចាត់វិធានការណ៍ ប្រឹងប្រែងទប់ស្កាត់ចំពោះ ការចម្លងវីរុសកូរ៉ូណាថ្មី ដល់ប្រជាជនកម្ពុជាកម្ពុជា។ ជាមួយគ្នានេះដែរ សម្តេច ក៏រីករាយដែលឃើញប្រជាពលរដ្ឋចូលរួម ក្នុងពិធីនៅថ្ងៃនេះ មិនមានពាក់ម៉ាស់ រហូតធ្វើឱ្យម៉ាស់ឡើងថ្លៃ ដែលតម្រូវឱ្យសម្តេចថ្លែងសារផ្ញើជូនប្រជាជនកម្ពុជា ចំពោះបញ្ហាវីរុស កូរ៉ូណា ដើម្បីកុំឱ្យពួកគាត់មានការព្រួយបារម្ភចំពោះករណីនេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ជំងឺពិតប្រាកដ នៅក្នុងប្រទេសរបស់យើង មិនមែនជំងឺ កូរ៉ូណាទេ គឺជំងឺភ័យខ្លាច ជំងឺភ័យខ្លាច អីឡូវនេះមកដល់ម៉ោងត្រឹមនេះ ករណីកូរ៉ូណា ត្រូវបានបញ្ចប់នៅកម្ពុជា ដោយសារតែជនជាតិចិន ដែលមកពីខេត្តវូហាននោះ គាត់បានចេញពីមន្ទីរពេទ្យ នាថ្ងៃម្សិលមិញ ហើយតាមគម្រោងនៅថ្ងៃនេះគាត់នឹងចាកចេញពីកម្ពុជា ទៅប្រទេសចិនវិញ»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ពីបញ្ហាសុខទុក្ខរបស់ជនជាតិម្នាក់ តាំងពីទទួលព័ត៌មានថាមានផ្ទុកវីរុស កូរ៉ូណាថ្មី រហូតបានជាសះស្បើយពីវីរុសនេះវិញ រហូតទទួលស្វាគមន៍ ដោយផ្ទាល់ក្រោយពីបុរសជនជាតិចិននេះ បានចេញពីមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ សម្តេចចាត់ទុកដា នេះជាកាយវិការ យកចិត្តព្យាបាលអ្នកជំងឺដោយវីរុស កូរ៉ូណាថ្មីនេះ នៅក្នុងប្រទេសកម្ពុជា ឱ្យជាសះស្បើយផងដែរ។ នេះជា គឺជាករណីវីរុសកូរ៉ូណាថ្មីលើកដំបូងហើយ នៅក្នុងប្រទេសកម្ពុជា ខណៈដែលមេរោគនេះ បានរីករាលដាល់ដល់ប្រទេសជាច្រើននៅលើពិភពលោក។
បញ្ជាក់នៅចំពោះមុខប្រជាជនកម្ពុជារាប់រយនាក់ សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា បញ្ហាពិតប្រាកដ ជំងឺកូរ៉ូណា អត់ទាន់មានឆ្លង ដល់ប្រជាពលរដ្ឋខ្មែរណាម្នាក់ទាល់តែសោះ ក៏ប៉ុន្តែបែរជាមានប្រជាពលរដ្ឋខ្មែរមួយចំនួននាំគ្នាភ័យខ្លាច ក្រោមការបំពលព័ត៌មាន របស់ពួកអគិត ពួកខិលខួច ឬជនឱកាសនិយមមួយចំនួនតូចទៅវិញ។ ក៏ប៉ុន្តែទោះជាយ៉ាងសម្តេច ក៏បានលើកឡើងថា ទោះបីអត់មានបញ្ហា ពីជំងឺកូរ៉ូណា ក៏មានបញ្ហាជំងឺផ្សេងៗដែរ នៅលើពិភពលោកយើងនេះ ដូចជា៖ ជំងឺគ្រុនផ្តាសាយធំ ហើយបើតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថានៅក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ពី២០ ទៅ៣០ម៉ឺននាក់ឯណោះ ហើយនៅមានជំងឺផ្សេងៗ ទៀតជាដើម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីមិនមានជំងឺកូរ៉ូណា តែប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសកម្ពុជា ក៏ត្រូវតែនាំគ្នារក្សាអនាម័យ ព្រោះជំងឺផ្តាសាយ និងជំងឺផ្សេងៗក៏ឆ្លងដែរ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកឡើងថា នៅក្នុងដំណើរទស្សនកិច្ចនៅចិន របស់សម្តេចព្រមទាំងគណៈប្រតិភូកម្ពុជា ដែលមានរយៈពេលខ្លី តែបានពិភាក្សាច្រើនលើជំងឺកូរ៉ូណា ហើយជំងឺកូរ៉ូណា នៅប្រទេសចិន ជារឿងតិចតួច តែរឿងធំ គឺការរើសអើង និងការភ័យខ្លាច សម្រាប់ប្រទេសដទៃ។
គូសបញ្ជាក់ថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
បន្ទាប់ពីមកដល់ រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
ក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា សម្រាប់ក្រុមគ្រួសាររបស់បុរសជនជាតិចិនរូបនេះ ៣នាក់ផ្សេងទៀត ក៏ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញជួបជុំគ្រួសារ ក្រោយពីពួកគេត្រូវបានតាមដាន និងរកឃើញថា ពុំមានរោគសញ្ញាវីរុសកូរ៉ូណា រហូតមកដល់ថ្ងៃនេះ៕