(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអរគុណ និងកោតសរសើរដល់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ដែលបានសហការគ្នាចាត់វិធានការការពារប្រជាពលរដ្ឋ ពីការឆ្លងនូវជំងឺរលាកសួតដោយវីរុសកូរ៉ូណា ខណៈអ្នកបង្ហោះព័ត៌មានមានចេតនាបំពុលសង្គមរឿងកូរ៉ូណា ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។
ការថ្លែងយ៉ាងដូច្នេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ ឆ្លងកាត់រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តតាកែវ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «អីឡូវនេះមកដល់ម៉ោងត្រឹមនេះ ករណីកូរ៉ូណា ត្រូវបានបញ្ចប់នៅកម្ពុជា ដោយសារតែជនជាតិចិន ដែលមកពីទីក្រុងវូហាននោះ គាត់បានចេញពីមន្ទីរពេទ្យ នាថ្ងៃម្សិលមិញ ហើយតាមគម្រោងនៅថ្ងៃនេះគាត់នឹងចាកចេញពីកម្ពុជា ទៅប្រទេសចិនវិញ»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ពីបញ្ហាសុខទុក្ខរបស់ជនជាតិម្នាក់ តាំងពីទទួលព័ត៌មានថាមានផ្ទុកវីរុស កូរ៉ូណាថ្មី រហូតបានជាសះស្បើយពីវីរុសនេះវិញ រហូតទទួលស្វាគមន៍ ដោយផ្ទាល់ក្រោយពីបុរសជនជាតិចិននេះ បានចេញពីមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ សម្តេចចាត់ទុកដា នេះជាកាយវិការ យកចិត្តព្យាបាលអ្នកជំងឺដោយវីរុស កូរ៉ូណាថ្មីនេះ នៅក្នុងប្រទេសកម្ពុជា ឱ្យជាសះស្បើយផងដែរ។ នេះជា គឺជាករណីវីរុសកូរ៉ូណាថ្មីលើកដំបូងហើយ នៅកម្ពុជា ខណៈដែលមេរោគនេះ បានរីករាលដាល់ដល់ប្រទេសជាច្រើននៅលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា បញ្ហាពិតប្រាកដ ជំងឺកូរ៉ូណា អត់ទាន់មានឆ្លង ដល់ប្រជាពលរដ្ឋខ្មែរណាម្នាក់ទាល់តែសោះ ក៏ប៉ុន្តែបែរជាមានប្រជាពលរដ្ឋខ្មែរមួយចំនួននាំគ្នាភ័យខ្លាច ក្រោមការបំពុលព័ត៌មាន របស់ពួកអគិត ពួកខិលខួច ឬជនឱកាសនិយមមួយចំនួនតូចទៅវិញ។ ក៏ប៉ុន្តែទោះជាយ៉ាងសម្តេច ក៏បានលើកឡើងថា ទោះបីអត់មានបញ្ហា ពីជំងឺកូរ៉ូណា ក៏មានបញ្ហាជំងឺផ្សេងៗដែរ នៅលើពិភពលោកយើងនេះ ដូចជា៖ ជំងឺគ្រុនផ្តាសាយធំ ហើយបើតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថានៅក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ពី២០ ទៅ៣០ម៉ឺននាក់ឯណោះ ហើយនៅមានជំងឺផ្សេងៗ ទៀតជាដើម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីមិនមានជំងឺកូរ៉ូណា តែប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសកម្ពុជា ក៏ត្រូវតែនាំគ្នារក្សាអនាម័យ ព្រោះជំងឺផ្តាសាយ និងជំងឺផ្សេងៗក៏ឆ្លងដែរ។
ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ទៅកាន់ Facebook មួយឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ដែលតែងតែបង្ហោះព័ត៌មានក្លែងក្លាយ ដើម្បីបំផិតបំភ័យប្រជាពលរដ្ឋខ្មែរ។ សម្តេចសន្និដ្ឋានថា ម្ចាស់ Facebook នេះពិតប្រាកដ មិនមែនមានវត្តមាននៅកម្ពុជានោះទេ គឺនៅក្រៅប្រទេស។
សម្តេចបានចោទសួរថា តើការបង្ហោះព័ត៌មានមិនពិតបែបនេះ វាចំណេញអ្វីសម្រាប់ក្រុមប្រឆាំងទាំងនោះ ព្រោះគ្រាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរ សាច់ញាតិរបស់ពួកគេភ័យតែប៉ុណ្ណោះ។ មួយវិញទៀតអ្នកដែលបង្ហោះព័ត៌មានក្លែងក្លាយក្នុងចេតនាអាក្រក់នេះ ប្រឈមនឹងទោសទណ្ឌចំពោះមុខច្បាប់ថែមទៀតផង។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកឡើងថា នៅក្នុងដំណើរទស្សនកិច្ចនៅចិន របស់សម្តេចព្រមទាំងគណៈប្រតិភូកម្ពុជា ដែលមានរយៈពេលខ្លី តែបានពិភាក្សាច្រើនលើជំងឺកូរ៉ូណា ហើយជំងឺកូរ៉ូណា នៅប្រទេសចិន ជារឿងតិចតួច តែរឿងធំ គឺការរើសអើង និងការភ័យខ្លាច សម្រាប់ប្រទេសដទៃ។
សូមជម្រាបថា បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានទទួលដំណឹងពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ពីករណីជំងឺរលាកសួតប្រភេទ កូរ៉ូណាវីរុសភ្លាមៗកាលពីដើមខែមករា រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានចេញសេចក្ដីប្រកាសព័ត៌មានភ្លាមៗជូនទៅដល់ប្រជាពលរដ្ឋ ដោយភ្ជាប់ជាមួយនឹងវិធានការការពារ និងរោគសញ្ញាសម្គាល់ ជាពិសេសបាន ចាត់វិធានការដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ។
លើសពីនោះ បានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផងដែរ។ ក្នុងនោះ ក៏មានមន្ទីរពិសោធន៍ជាតិ ត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណវីរុសថ្មីនេះ ហើយមានក្រុមជំនាញសុខាភិបាលជាង២,០០០នាក់ ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗត្រៀមលក្ខណៈឆ្លើយតប បើកើតមានជាយថាហេតុ។
ជាបន្ដបន្ទាប់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានចុះទៅតាមអាកាសយាន្ដដ្ឋានអន្ដរជាតិនីមួយៗ ដើម្បីពិនិត្យមើលពីស្ថានភាពការងាររបស់មន្ដ្រីរបស់ខ្លួន ជាពិសេស លោកបានចុះអប់រំផ្សព្វផ្សាយ ចែកលិខិត និងបិទសេចក្ដីប្រកាសព័ត៌មាន ពីវិធានការពារពីវិរុស កូរ៉ូណានេះ នៅតាមចំណតរថយន្ដក្រុង និងពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវផងដែរ៕