(ភ្នំពេញ)៖ តាមការគ្រោងទុក បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅខែមីនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសគុយបា ដើម្បីពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោកស្រី Liurka Rodriguez Bariios ឯកអគ្គរដ្ឋទូតថ្មីប្រទេសគុយបា ប្រចាំនៅកម្ពុជា ដើម្បីសម្តែងការគួរសម។ ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបាផងដែរ។
បើតាមលោក កុយ គួង បានឲ្យដឹងថា លោកស្រី Liurka Rodriguez Bariios បានចាត់ទុកថា ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបានៅពេលខាងមុខ គឺជាការបង្ហាញអំពីមិត្តភាពដ៏ជិតស្និតរវាងគុយបា និងកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកតែងតែគាំទ្រគុយបា គ្រប់សកម្មភាពទាំងអស់។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរ បានពិភាក្សាគ្នាពីគម្រោងទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបា នៅពេលខាងមុខ បន្ទាប់ពីសម្តេចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើនៅខែមីនាខាងមុខនេះ។ លោកស្រីបានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅគុយបានៅពេលខាងមុខ បង្ហាញអំពីមិត្តដ៏ជិតស្និតរបស់គុយបា ហើយចំពេលគុយបា-គុយបា ប្រារព្ធខួប៦០ឆ្នាំផងដែរ»។
ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរដល់លោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបាប្រចាំកម្ពុជា។ ប្រមុខការទូតកម្ពុជា ក៏បានលើកឡើងអំពីទំនាក់ទំនងដ៏យូរលង់នៃប្រទេសទាំងពីរ ដែលតែងតែមានការជួយគ្នាទៅវិញទៅមក ហើយការតែងតាំងលោកស្រី មកធ្វើជាឯកអគ្គរដ្ឋទូតនាពេលនេះ គឺចំនឹងគម្រប់ខួប ៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
«គុយបា និងកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត នៅឆ្នាំ១៩៦០ ហើយសង្ឈឹមថា វត្តមានរបស់លោកស្រី នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៉ីជម្រៅបន្ថែមទៀត»។ លោក កុយ គួង ស្រង់សម្តីរបស់លោក ប្រាក់ សុខុន។
ជាការឆ្លើយតបលោកស្រី Liurka Rodriguez Bariios បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតមកធ្វើការនៅកម្ពុជា។ កន្លងមកលោកស្រី គ្រាន់តែលឺពីប្រទេសកម្ពុជា តាមបណ្តាញសារព័ត៌មានផ្សេងៗ តែបានមកកម្ពុជាលោកស្រីមានការចាប់អារម្មណ៍ខ្លាំង ចំពោះការរីកចម្រើននៅប្រទេសកម្ពុជាយើងនេះ៕