(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុនព្រូដិនសលកម្ពុជា និងថ្នាក់ដឹកនាំរបស់ ធនាគារអេស៊ីលីដា បានជួបជុំគ្នាប្រារព្ធខួប ៧ឆ្នាំ នៃភាពជាដៃគូរយុទ្ធសាស្ត្រ ដែលតាមរយៈភាពជាដៃគូរនេះ ដែលប្រជាពលរដ្ឋខ្មែរយើង អាចទទួលបានការការពារជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនព្រូដិនសល នៅគ្រប់សាខាធនាគារអេស៊ីលីដាទាំងអស់នៅទូទាំងកម្ពុជា។

ពិធីជួបជុំពិសារអាហារពេលល្ងាច ដើម្បីអបអរសាទរខួប ៧ ឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនព្រូដិនសល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានមានការចូលរួមថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ធនាគាអេស៊ីលីដា ក្រុមហ៊ុនព្រូដិនសល ព្រមទាំងមន្ត្រីតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាផងដែរ កាលពីចុងសប្ដាហ៍។

ចាប់តាំងពី ក្រុមហ៊ុនព្រូដិនសល បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣មក ភាពជាដៃគូជាមួយ ធនាគាអេស៊ីលីដា មានសារៈសំខាន់បំផុត ហើយបាននាំមកនូវភាពជោគជ័យដល់ក្រុមហ៊ុន ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងបានក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបង្អស់នៅកម្ពុជាផងដែរ។

ក្រុមទីប្រឹក្សាហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនព្រូដិនសល នៅតាមសាខាធនាគាអេស៊ីលីដា គឺជាបណ្តាញចែកចាយដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុនព្រូដិនសល ហើយផលិតផលធានារ៉ាប់រងដូចគ្នានេះ ក៏ត្រូវបានដាក់ឱ្យចែកចាយដោយទីប្រឹក្សាអាយុជីវិតឯករាជ្យ នៅតាមសាខាក្រុមហ៊ុនព្រូដិនសលដោយផ្ទាល់នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងក្រចេះ។

ចាប់ពីឆ្នាំ២០១៣មក ព្រូដិនសល មានទីប្រឹក្សាហរិញ្ញវត្ថុរបស់ខ្លួនប្រចាំការតាមសាខាធនាគារអេស៊ីលីដាតែ៣៥​សាខាប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ព្រូដិនសលមានទីប្រឹក្សាហិរញ្ញវត្ថុប្រចាំការដល់ទៅ ១៥១សាខារបស់ធនាគារអេស៊ីលីដានៅទូទាំងប្រទេសកម្ពុជា។

ភាពជាដៃគូរដ៏រឹងមាំមួយនេះ បានបង្កើនការចែកចាយផលិតផលធានារ៉ាប់រងដល់ទៅ១៨ដង គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ បើធៀបនឹងឆ្នាំ២០១៣។ នេះជាសញ្ញាណដ៏ប្រពៃមួយ ដែលបង្ហាញពីភាពជាដៃគូកាន់តែរឹងមាំរវាង ធនាគារអេស៊ីលីដា និងក្រុមហ៊ុនព្រូដិនសល ក៏ដូចជាការកើនឡើងនៃតម្រូវការសេវាធានារ៉ាប់រងអាយុជីវិត ក្នុងទីផ្សារកម្ពុជាដែលកំពុងរីកលូតលាស់ខ្លាំង។

លោក David Nutman អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានថ្លែងថា៖​ «វាពិតជាត្រឹមត្រូវណាស់ដែលពួកយើងនិយាយថា ភាពជាដៃគូរបស់យើងជាមួយ ធនាគារអេស៊ីលីដា គឺជាបេះដូងនៃភាពជោគជ័យនៃអាជីវកម្មរបស់យើងនៅកម្ពុជាក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ហើយក្រុមហ៊ុនយើង នឹងមិនអាចទទួលបានជោគជ័យដូចបច្ចុប្បន្នឡើយ បើគ្មានការគាំទ្រពីលោកបណ្ឌិត អ៊ិន ចាន់នី និងក្រុមការងារប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈរបស់លោក នៅឯធនាគារអេស៊ីលីដា»។​

លោក Nutman បានបន្ថែមទៀតថា៖«ជោគជ័យរបស់យើងមួយទៀតនោះ គឺទីប្រឹក្សាហិរញ្ញវត្ថុរបស់យើងភាគច្រើនពីកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Million Dollar Round Table ដែលស្មើនឹង ៦% នៃចំនួនភ្នាក់ងារចែកចាយផលិតផលធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈមកពីទូទាំងពិភពលោក។ ហើយពួកគេទាំងនោះ គឺសុទ្ធតែជាទីប្រឹក្សាហិរញ្ញវត្ថុ ដែលប្រចាំការនៅសាខាអេស៊ីលីដានៅកម្ពុជាយើងនេះឯង»។

លោក ហេង បូមករា អគ្គនាយករង ធនាគារជាតិនៃកម្ពុជាបានថ្លែងផងដែរថា៖ «ភាពជាដៃគូនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ណ្ណហិរញ្ញវត្ថុ ដែលស្របតាមគោលនយោបាយជាតិស្តីពីបរិយាប័ណ្ណហិរញ្ញវត្ថុឆ្នាំ ២០១៩ ដល់២០២៥… ក្នុងនាមធនាគារជាតិនៃកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បុគ្គលិកអេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនព្រូដិនសលកម្ពុជា ចំពោះសមិទ្ធផលរបស់ពួកគេ»។

ថ្លែងក្នុងកម្មវិធីជួបជុំអាហារពេលល្ងាចនេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនព្រូដិនសល និងកោតសសើរពីវិជ្ជាជីវៈ និងចំណេះដឹងរបស់ពួកគេ ក្នុងការចែកចាយផលិតផលធានារ៉ាប់រង ដែលមានការការពារ និងសន្សំ ហើយជាផលិតផលថ្មីថ្មោងសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឡើយនោះ។

លោកបណ្ឌិត បានមានប្រសាសន៍ថា៖ «វិស័យធានារ៉ាប់រងអាយុជីវិតមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែង ការបែងចែកថវិកាតាមរយៈការសន្សំរយៈពេលវែង ផែនការចូលនិវត្តន៍ និងផែនការហិរញ្ញវត្ថុចាំបាច់ផ្សេងៗទៀត។ ភាពជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុនរបស់យើង បានផ្តល់ទំនុកចិត្តដល់អតិថិជនរបស់យើង ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម…ភាពជោគជ័យរបស់អតិថិជនគឺជាជោគជ័យរបស់ក្រុមហ៊ុនយើងទាំងពីរ ពីព្រោះយើងទទួលបានការរីកចម្រើន ហើយបន្តរីកចម្រើនទៅមុខទៀតជាមួយអតិថិជនរបស់យើង»។ នេះជាហេតុផលដែលត្រូវពង្រឹងភាពជាដៃគូរយៈពេលវែងរបស់ក្រុមហ៊ុនទាំងពីរបន្ថែមទៀត៕