(ភ្នំពេញ)៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរ ដែលប្រទេសប្រេស៉ីល បានចាប់អារម្មណ៍មកបើកសាលាបង្ហាត់បាល់ទាត់ដល់កុមារ និងយុវជន នៅក្នុងប្រទេសកម្ពុជាយើង។

តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះបង្ហាញនូវក្តីរំពឹងទុកថា អនាគតទៅសាលាមួយនេះ នឹងចូលរួមចំណែកធ្វើឲ្យកីឡាបាល់ទាត់ របស់កម្ពុជាមានទម្រង់លេងកាន់តែល្អឡើងថែមមួយកម្រិតទៀតផងដែរ។

ការថ្លែងរបស់អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើឡើងក្នុងពិធីបើកដំណើរការ BIFA នៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារណាហ្គាវើល ដែលរៀបចំឡើងដោយក្រុមហ៊ុនរៀលលាននែរ (Riellionaire)។

បើតាមលោក កែវ សារ៉េត បានថ្លែងបញ្ជាក់ថា «ឆ្លៀតពេលនេះដែរ ខ្ញុំសូមអបអរសាទរជាមួយនឹងរៀលលាននែរ ដែលបានខិតខំរៀបចំជា Academy បាល់ទាត់របស់ប្រេស៉ីលប្រចាំនៅកម្ពុជាយើង។ ខ្ញុំសង្ឈឹមថាយុវជនយើង នឹងមានរបៀបលេងបាល់ទាត់មួយ តាមទម្រង់របស់ប្រេស៉ីលមួយទៀត»។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃអគ្គនាយកដ្ឋានកីឡា តំណាងឲ្យបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរៀលលាននែរ ដែលបានសហការជាមួយ BIFA បង្កើតឲ្យមាន BIFA Cambodia ក្នុងគោលបំណងបង្កើតសេវាកម្មប្រឹក្សាដល់គ្រូបង្វឹក ទៅតាមស្តង់ដារប្រេស៉ីល ក៏ដូចជាបណ្តុះបណ្តាលក្រុមកីឡាករក្មេងៗនៅកម្ពុជា។

លោកបានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា សូមអបអរសាទរ កោតសរសើរ និងលើកទឹកចិត្ត ប៉ុន្តែស្នើសុំឲ្យរៀលលាននែរ សហការយ៉ាងជិតស្និទ្ធិជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

បើតាមលោក គុយ ប៉ាន់ឆ័យ នាយកប្រតិបត្តិរៀលលាននែរបានថ្លែងថា កិច្ចការដែលលោក និងក្រុមការងារធ្វើនេះ គឺដើម្បីជួយជំរុញវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ជួយបង្កើនមុខមាត់ប្រទេសកម្ពុជា លើឆាកកីឡាអន្តរជាតិ។ លើសពីនេះទៅទៀត គឺដើម្បីបង្កើតឱកាសការងារ ដល់គ្រូបង្វឹកបាល់ទាត់ក្នុងស្រុក ដែលមានស្នាដៃ ផ្តល់ឱកាសដល់កុមារ យុវកីឡាករ ក្នុងការបណ្តុះបណ្តាលបែបស្តង់ដារពិភពលោក បង្កើតទំនាក់ទំនងរវាងក្រុមកីឡាករជាតិ និងអន្តរជាតិ ជួយរក្សាសន្តិសុខសង្គមតាមរយៈការលេងកីឡា ជៀសផុតពីគ្រឿងញៀន និងភាពទំនើង និងជូយលើកកម្ពស់ការរស់នៅ និងសុខភាពសង្គមដោយការលេងកីឡា យោងតាមពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា «យុវជនម្នាក់លេងកីឡាមូយមុខ»

លោក ឌី ដាប់បែលយូ ដានីញែល នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនរៀលលាននែរគ្រុប បានថ្លែងថា សម្រាប់អ្នកស្រលាញ់បាល់ទាត់ បានចាត់ទុកបាល់ទាត់ដូចជាជីវិតអីចឹង។ ដោយសារចង់លើកស្ទួយវិស័យបាល់ទាត់ លោកនឹងខិតខំធ្វើការជាមួយរៀលលាននែរ និង BIFA ដើម្បីជួយបណ្តុះបណ្តាលកូនខ្មែរ ឲ្យទទួលបានផ្លែផ្កា និងភាពជោគជ័យ។

លោក Ricardo Fernandez ស្ថាបនិកសាលាបាល់ទាត់ប្រេស៉ីលអន្តរជាតិ បានថ្លែងឲ្យដឹងថា គោលបំណងក្នុងការបង្កើត BIFA Cambodia គឺដើម្បីចង់ជួយចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។ ប្រេស៉ីល គឺជាប្រទេសដែលពូកែខាងបាល់ទាត់ ដែលតែងតែបង្ហាញមុខគ្រប់ព្រឹត្តិការណ៍ ជាពិសេសព្រឹត្តិការណ៍បាល់ទាត់ធំៗ។

លោកមានជំនឿថា BIFA អាចជួយកុមារតូចៗ ដែលស្រឡាញ់បាល់ទាត់ ជួយបង្ហាត់បង្ហាញត្រួសត្រាយផ្លូវ ឲ្យជោគជ័យនៅក្នុងវិស័យបាល់ទាត់។ ម្យ៉ាងវិញទៀត ការបើក Academy បាល់ទាត់នេះ មិនមែនមកប្រជែងជាមួយ Academy ក្នុងស្រុកនោះទេ គឺមកដើម្បីសហការគ្នា ធ្វើយ៉ាងម៉េចជួយកម្ពុជាឲ្យកាន់តែល្អ។

សូមបញ្ជាក់ថា BIFA មានជំនាញក្នុងការអភិវឌ្ឍន៍បាល់ទាត់អាជីព សម្រាប់កុមារដែលមានអាយុពី៣ឆ្នាំ ដល់ ១៨ឆ្នាំ។ BIFA មានគ្រូបង្វឹកអាជីព និងមានសមត្ថភាពដែលទទួលស្គាល់ទូទាំងពិភពលោក អមជាមួយនឹងគ្រូបង្វឹកបាល់ទាត់ក្នុងស្រុក ដែលជាជំនួយការរបស់ពួកគេ។

ចំណែកឯ រៀលលាននែរគ្រុប គឺជាក្រុមហ៊ុនក្នុងស្រុកទីមួយ ដែលបានអញ្ជើញកីឡាករលំដាប់ពិភពលោក Roberto Carlos មកកាន់ទឹកដីនៃប្រទេសកម្ពុជា។ រៀលលាននែរ មិនត្រឹតតែផ្តោតលើវិស័យកីឡាតែមួយមុខនោះទេ តែក៏ផ្តោតសំខាន់ទៅលើវិស័យផ្សេងៗទៀតផងដែរ មានដូចជា ការវិនិយោគលើវិស័យអចលនទ្រព្យ ការអប់រំ សុខភាព អាហារនិងភេសជ្ជៈ និងការរៀបចំឯកសារ និងទម្រង់បែបបទរបស់ផលិតផល និងម៉ាកល្បីៗផងដែរ៕