(ព្រះសីហនុ)៖ ស្ដ្រីទេសចរអាយុប្រហែលជាង ២០ឆ្នាំម្នាក់ ដែលកំពុងស្ថិតនៅលើកប៉ាល់ទេសចរណ៍យក្ស Westerdam បានបង្ហោះវីដេអូបង្ហាញពីអារម្មណ៍ក្ដុកក្ដួល បន្ទាប់ពីកប៉ាល់របស់ពួកគេ ត្រូវបានហាមឃាត់ និងមិនអនុញ្ញាតឲ្យចូលចតនៅតាមប្រទេស និងកោះចំនួន៦ ដោយខ្លាចឆ្លងវីរុសកូរ៉ូណា ឬ (COVID-19)។
ស្ដ្រីទេសចររូបនេះ បានបញ្ជាក់ថា ពួកគេទាំងជាង ២០០០នាក់ បានរសាត់អណ្ដែតនៅលើផ្ទៃសមុទ្រ អស់រយៈពេលជាង ២សប្ដាហ៍មកហើយ ដោយសារតែប្រទេសមួយចំនួន បានបិទព្រំដែន មិនឲ្យចូលចត។
វីដេអូ របស់ស្ដ្រីទេសចររូបនេះ ដែលត្រូវបានកាសែត The Guardian យកទៅបង្ហោះចែកចាយនោះ នាងបានរៀបរាប់ពីស្ថានភាពប្រឈមជាក់ស្ដែង ដែលភ្ញៀវទេសចរ និងអ្នកបម្រើការងារទាំងអស់ នៅលើកប៉ាល់ ក្នុងនោះរាប់ទាំងការដាក់ឲ្យស្នាក់នៅដាច់ដោយឡែកពីគេ ហើយត្រូវលាងដៃសំអាតនិងម៉ាស៊ីន ជាប្រចាំទៀតផងដើម្បីសម្លាប់មេរោគ។
បើទោះបីកំពុងជួបស្ថានភាពដ៏លំបាក និងភាពតែលតោលយ៉ាងនេះក្ដី តែសម្រាប់ស្ដ្រីទេសចរវ័យប្រមាណជាង ២០ឆ្នាំរូបនេះ នៅតែមិនអស់សង្ឃឹម និងតាំងចិត្ដព្យាយាមស្នាក់នៅ លើកប៉ាល់ដោយក្ដី សង្ឃឹមជានិច្ច។
ស្រ្តីទេសចររូបនេះ បាននិយាយយ៉ាងដូច្នេះថា «សួស្ដី! ខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នា ចេញពីកប៉ាល់ Westerdam។ យើងមិនបានដឹងឡើយថា កំពុងមានអ្វីកើតឡើង។ យើងបានរសាត់អណ្តែតលើ ផ្ទៃសមុទ្រ អស់រយៈពេលជាង ២សប្ដាហ៍មកហើយមកទល់នឹងពេលនេះ ហើយមានប្រទេសជាច្រើន បានបិទព្រំដែនរបស់ពួកគេ មិនឱ្យពួកយើងចូលចត ដោយសារតែការព្រួយបារម្ភ ពីការឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19)។ ប៉ុន្តែយើងត្រូវបានគេដាក់ឱ្យនៅដាច់ឆ្ងាយ ពីគេឯងជិត២សប្ដាហ៍ និងត្រូវបានត្រួតពិនិត្យជាប្រចាំពីកម្ដៅក្នុងរាង្គកាយ ហើយនៅតែមិនមានរោគសញ្ញាណាមួយ នៃវីរុសកូរ៉ូណានោះទេ។ ទីនេះមានបន្ទប់ដែលអាចឱ្យអ្នកលាងដៃសម្លាប់មេរោគ ហើយបើអ្នកមិនបានសំអាតដៃនឹងម៉ាស៊ីនទេ នោះអ្នកនៅលើកប៉ាល់នឹងធ្វើការបញ្ជាក់ថា អ្នកបានលាងសម្អាត ដៃរបស់អ្នក។ យើងព្យាយាមស្នាក់នៅទីនេះដោយក្ដីសង្ឃឹម ពីព្រោះអ្វីដែលយើងអាចធ្វើបាន គឺត្រូវតែមានសង្ឃឹម។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ វាកាន់តែលំបាកឡើងៗ នៅពេលប្រទេស ជាច្រើនមិនអនុញ្ញាតឱ្យយើង ចូលចតនៅកំពង់ផែរបស់ពួកគេ»។
យោងតាមបញ្ជីអ្នកដំណើរដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេមានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយ នេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ការអនុញ្ញតឱ្យនាវានេះចូលពីសំណាក់សម្តេចតេជោ ហ៊ុន សែន គឺបង្ហាញពីការលុបបំបាត់ នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។ សម្តេចតេជោបន្ថែមថា កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។
ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់ មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕