(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២០នេះ ការស្តារអូរសំខាន់ៗទាំង៥នៅក្នុងក្រុងព្រះសីហនុ បានស្ដាររួចរាល់ប្រវែង ១៥,២១៦ម៉ែត្រហើយស្នើនឹង ៥១.១០%ហើយ ចំណែកឯប្រវែងដែលនៅសេសសល់ ក្រសួងនិងសហការជាមួយអាជ្ញាធរដែនដី ដើម្បីពន្លឿនការការងារស្ដារឱ្យបានចប់សព្វគ្រប់នៅមុនរដូវភ្លៀងធ្លាក់មកដល់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូចនេះនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ដារអូរ និងប្រឡាយបង្ហូរទឹកនៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងអាជ្ញាធរដែនដីផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុន បានបញ្ជាក់ទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានពន្លឿនការស្ដារអូរសំខាន់ៗមួយចំនួននៅក្នុងក្រុងព្រះសីហនុ សំដៅការពារនិងទប់ស្កាត់កុំឱ្យមានការជន់លិចលង់ដោយសារទឹកភ្លៀងនៅរដូវវស្សា ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះ ឱ្យមានភាពទាក់ទាញ និងអានាម័យល្អតាមផែនការរបស់ក្រសួង។

ជាមួយគ្នានេះផងដែរលោកទេសរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការពន្លឿនការស្ដារអូរទាំងនោះផងដែរ។

លោក ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងព្រះសីហនុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅតាមប្រឡាយទាំងនេះចូលរួមនិងសហការជាមួយក្រុមការងាររបស់ក្រសួង និងអាជ្ញាធរដែនដី ដើម្បីឱ្យការស្ដារនេះមានល្បឿនកាន់តែលឿន ព្រមទាំងយោគយល់ខ្ពស់ចំពោះការរំខាននានាខណៈពេលកំពុងស្ដារនេះផងដែរ។

សូមបញ្ជាក់ថា អូរទាំងនោះមានចំនួន៥ និងមានប្រវែងសរុបចំនួន២៩,៧៩១ម៉ែត្រ រួមមាន៖ អូរអណ្ដូងអ៊ុនតាក់ អូរស្ពានឆេះ អូរសំអាត អូរអេម៉ារីអូ និងអូរឈើទាល៕