(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុក ចុះពិនិត្យទីតាំងគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុកភ្នំក្រវាញ លើផ្ទៃដីបម្រុងទុករបស់រដ្ឋ ជាង១៣ហិកតា ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមលោក ម៉ៅ ធនិន បានឱ្យដឹងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុកភ្នំក្រវាញនេះឡើង គឺជាគំរូមួយដ៏ល្អ សម្រាប់បណ្តាស្រុកដ៏ទៃទៀត ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលា ក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជាកន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាព ចំណុះឱ្យរដ្ឋបាលស្រុកផងដែរ។

លោកបានបន្ថែមថា ទីតាំងរដ្ឋបាលប្រមូលផ្តុំសាលាស្រុកភ្នំក្រវាញ នឹងត្រូវសាងសង់ឡើងទៅតាមរចនាបទខ្មែរ លើផ្ទៃដីបម្រុងទុករបស់រដ្ឋ ទំហុំ៣០០គុណ៤៥០ម៉ែត្រ «១៣,៥ហិកតា» ដែលស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទីតាំងនេះពិតជាស្រស់ស្អាត និងមានសក្តានុពលខ្ពស់ ពីព្រោះទីនោះស្ថិតនៅជិតទំនប់ ធារាសាស្ត្រដំណាក់ឈើក្រម និងនៅជាប់ផ្លូវជាតិលេខ៥៥ ឆ្លងកាត់ទៅព្រំដែនកម្ពុជាថៃ ហើយក៏អាចធ្វើដំណើរទៅខេត្តបាត់ដំបង ឬទៅខេត្តកោះកុងបានដែរ។

លោក ម៉ៅ ធនិន បានលើកឡើងថា យើងមានឱកាសកសាងសមិទ្ធផលនានាបាន គឺដោយសារកត្តានៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ, ហើយបងប្អូនប្រជាពលរដ្ឋ ក៏អាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានការភ័យខ្លាចដូចពីមុនទៀតឡើយ។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុក សហការសិក្សាគម្រូប្លង់មេ ឱ្យបានច្បាស់លាស់ ដើម្បីការសាងសង់ទទួលបានជោគជ័យ សោភណ្ឌភាព និងសម្រាប់ជាប្រវត្តិសាស្ត្រ ដល់កូនចៅយើងជំនាន់ក្រោយ៕