(ស្វាយរៀង)៖ ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ រដូវកាលឆ្នាំ២០២០ នៅថ្ងៃទី១៦ ខែកុម្ភៈនេះបានបញ្ចប់ការប្រកួត សប្តាហ៍ទី២ មាន៨ប្រកួត ដែលធ្វើការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ-សៅរ៍-អាទិត្យ ទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២០។

*ការប្រកួតថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០៖
- Acadamy SVR ៣-១ សសយក ស្រុកកំពង់រោទិ៍
- យុវជន ចុងព្រែក ៣-១០ ធម្មជាតិកីឡា
- ត្នោត FC ៣-១ អគ្គិសនី ស្វាយរៀង

*ការប្រកួតថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០៖
- រាជសីស្វាយរំពារ ១-៤ សសយក ស្រុកស្វាយជ្រំ
- ហនុមានមាសស្វាយធំ ២-២ យុវជនគគីរសោម

*ការប្រកួតថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០៖
- សសយក ស្រុករំដួល ៤-៣ ចំការស្វាយ
- The Wolf Team FC ០-៩ ប្រាសាក់ ស្វាយរៀង FC
- ពៅហូមស្ព័ត ហនុមាន FT ១-៣ Sky Sport FT

ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ រដូវកាលនេះ មានការចូលរួមចំនួន៥១ក្រុម មានចំនួន១០៧ប្រកួត ចាប់ផ្តើមដំណើរការ រយៈពេល០៤ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២០ ដោយមានក្រុមកីឡា មកពីបណ្តាស្រុក-ក្រុងទាំង០៨ ទូទាំងខេត្តស្វាយរៀង។ ក្នុងនោះមានកីឡាករ និងមន្ត្រីចូលរួមសរុបប្រមាណ១,៥០០នាក់។

ការប្រកួតធ្វើឡើងនៅទីលានចំនួន០២ គឺទីលានវិទ្យាល័យស្វាយរៀងសម្រាប់វគ្គជំរុះក្នុងពូល និងទីលាន កីឡដ្ឋាន ខេត្តស្វារៀង នឹងធ្វើការប្រកួតវគ្គសំខាន់ៗ។

លក្ខណចូលរួមក្រុមកីឡាទាំងអស់ត្រូវមានកីឡាករសញ្ជាតិខ្មែរ មានពីអាយុចាប់ពី ១៦ឆ្នាំឡើងទៅ មួយក្រុមមានសមាជិក ច្រើនបំផុតចំនួន២៣នាក់ និងយ៉ាងតិចបំផុត ១៧នាក់ ហើយក្នុងមួយក្រុមអាចនាំយកកីឡាករក្រៅខេត្តចំនួន ៣នាក់ និង២០នាក់ទៀត ជាអ្នករស់នៅក្នុងខេត្តស្វាយរៀង ឬមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង។

រូបមន្តនៃការប្រកួតរបស់ក្រុមទាំង ៥១ត្រូវបានបែងចែកចេញជា ១៣ពូល ដោយក្នុង ១ពូលមានចំនួន ៤ក្រុម សម្រាប់ពូលទី១៣មានចំនួនតែ ៣ក្រុមប៉ុណ្ណោះ ហើយត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ដើម្បីយកក្រុមចំណាក់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៣២ក្រុមបន្ត។ ដោយឡែកក្រុមលេខរៀងទី៣ ល្អជាងគេក្នុងពូល ចំនួន៦ក្រុមក៏មានឱកាសឡើងទៅវគ្គបន្តផងដែរ។ ចំពោះវគ្គ៣២ក្រុម ១៦ក្រុម ៨ក្រុម ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីជួបប្រកួតគ្នា។

គួរំលឹងផងដែរថា ពាន់រង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាបពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ការរៀបចំពានរង្វាន់ស្វាយរៀងខាប់នេះឡើង ក្នុងគោលបំណងបង្កើតឲ្យមានសកម្មភាពកីឡាដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕