(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យពន្លឿនជំនុំជម្រះសំណុំរឿងរបស់ស្ត្រីដែលកំពុងជាប់ឃុំ ហើយបើសាលសវនាការសាលាដំបូងនៅតាមរាជធានី ខេត្តមិនគ្រប់ទេនោះ អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ។
ការជំរុញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងកិច្ចប្រជុំនោះថា បច្ចុប្បន្នមានសំណុំរឿងរបស់ស្រ្តីរហូតដល់ទៅប្រមាណ ២ម៉ឺនសំណុំរឿង មិនទាន់បានកាត់ក្តីនៅឡើយ។ សម្តេចតេជោ បានបានជំរុញឱ្យក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារី បន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការតាមដានរឿងស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជន ដើម្បីពន្លឿនការងារកាត់ក្តីឱ្យបានឆាប់ រួមទាំងការស្វែងរកមេធាវីសម្រាប់ការពារស្ត្រីជាពិរុទ្ធជននោះផងដែរ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ប្រសិនបើបន្ទប់សម្រាប់បើកសវនាការជំនុំជម្រះក្តីនៅតាមសាលាដំបូងរាជធានី ខេត្តខ្វះអាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានស្រ្តីជាង ៣ពាន់នាក់កំពុងជាប់ពន្ធនាគារនាពេលបច្ចុប្បន្ន ក្នុងចំណោមអ្នកជាប់ពន្ធនាគារប្រមាណ ៣៦,០០០នាក់។
ដើម្បីឆ្លើយតបទៅនឹងស្ត្រីកំពុងជាប់ឃុំហើយគ្មានមេធាវីសម្រាប់ការពារក្តីនោះ កាលពីឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យបង្កើត ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច ដើម្បីការពារក្តីឱ្យស្ត្រីជាប់ឃុំដោយមិនគិតប្រាក់ថែមទៀតផង។ ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន មានលោក គី តិច ប្រធានក្រុមដឹកនាំ៕