(ម៉ាឡេស៊ី)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា មានអ្នកចូលរួមជាង ៤០០នាក់ ក្នុងពិធីទទួលពានរង្វាន់ CHT Award 2020, 8th International Edition នៅប្រទេសម៉ាឡេស៊ី ដែលមកពីជុំវិញពិភពលោក បានកោតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងវាយតម្លៃខ្ពស់ចំពោះចិត្តមេត្តាធម៌ និងចិត្តសណ្តោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយអនុញ្ញាតឲ្យអ្នកធ្វើដំណើរតាមកប៉ាល់ Westerdam ជាង ២០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយគ្មានការភ័យខ្លាចឡើយ ចំពោះការបារម្ភជម្ងឺកូរ៉ូណា។

ការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តីខាងលើនេះ បានធ្វើឡើង ពេលដែលលោកនៅចុងសប្តាហ៍នេះ បានទទួលពានរង្វាន់ CHT International Achievement Award នៅទីក្រុងគូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី។ ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនសម្រាប់តែអ្នកនយោបាយ អ្នកគ្រប់គ្រង អ្នកជំនួញ និងស្ថាប័នឆ្នើមៗ មានស្នាដៃល្អ និងបានចូលរួមវិភាគទានដ៏មានតម្លៃដល់សង្គម និងប្រទេស។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានចូលរួមថ្លែងសន្ទរកថាគន្លឹះស្តីអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបានជាប្រវតិ្តសាស្រ្តជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូចជាការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ការដឹកនាំប្រទេសចេញពីបាតដៃទទេ ហើយត្រូវេគេហ៊ុព័ទ្ធសេដ្ឋកិច្ច ការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដោយគ្មានការបង្ហូរឈាមខ្មែរនិងខ្មែរ ក្រោមយុទ្ធសាស្រ្ត ឈ្នះឈ្នះ របស់សម្តេចតេជោ។ល។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែគោរព និងអនុវត្តតាមអនុសញ្ញា និងច្បាប់អន្តរជាតិយ៉ាងខ្ចប់ខ្ជួន ជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី មានសណ្តានចិត្តទូលាយ សណ្តោសប្រណី និងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីបញ្ហាមនុស្សធម៌»

លោកថា ជាក់ស្តែង ថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យកាប៉ាល់ Westerdam ដែលផ្ទុកអ្នកធ្វើដំណើរជាង ២០០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយមិនមានការរើស អើងចំពោះអ្នកផ្ទុកអ្នកជំងឺ COVID-19 ឡើយ ខណៈដែលមានប្រទេស និងកោះចំនួន ០៦ បានបដិសេធរួចមកហើយ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដោយសារតែភាពភ័យខ្លាច គ្មានប្រទេសណាមួយចង់ទទួលយកពួកគេឡើយ ប៉ុន្តែនាយករដ្ឋមន្រ្តីរបស់យើង និងប្រជាជនកម្ពុជា បានទទួលយកពួកគេ មកកាន់ប្រទេស ដោយសេចក្តីសណ្តោសប្រណី និងគ្មានភាពភ័យខ្លាចអ្វីទាំងអស់៕