(ភ្នំពេញ)៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដ៏ជឿទុកចិត្ត និងជាក្រុមហ៊ុនមូលបត្រឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃនេះថា វិនិយោគិនទាំងអស់ ដែលមានគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬក្រុមហ៊ុនមូលបត្រដទៃទៀត ដែលជ្រើសរើស ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ អាចភ្ជាប់គណនីជួញដូររបស់ខ្លួន ជាមួយអេស៊ីលីដាទាន់ចិត្តបានហើយ ចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអេស៊ីលីដា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។ 

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាក្រុមហ៊ុនមេ របស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានអភិវឌ្ឍប្រព័ន្ធអេស៊ីលីដាទាន់ចិត្ត ដែលជាប្រព័ន្ធធនាគារចល័ត របស់ខ្លួន ដោយអនុញ្ញាត្តឲ្យវិនិយោគិនទាំងអស់ ដែលមានគណនីជួញដូរនៅ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬក្រុមហ៊ុនមូលបត្រដទៃទៀត ដែលជ្រើសរើស ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ អាចភ្ជាប់គណនីជួញដូររបស់ខ្លួន ជាមួយអេស៊ីលីដាទាន់ចិត្ត ដែលជួយឲ្យ វិនិយោគិនទាំងនោះ អាចផ្ទេរប្រាក់ពីគណនីទាន់ចិត្ត ឬ/និងគណនីធនាគារ ទៅគណនីជួញដូររបស់ខ្លួន និងអាចផ្ទេរប្រាក់ពីគណនីជួញដូរ របស់ខ្លួនមកគណនី ទាន់ចិត្ត ឬ/និងគណនីធនាគារវិញបាន ព្រមទាំងអាចពិនិត្យមើលរបាយការណ៏ សាច់ប្រាក់សង្ខេប និងសមតុល្យសាច់ប្រាក់ក្នុងគណនីជួញដូរ តាមប្រព័ន្ធ អេស៊ីលីដាទាន់ចិត្ត បានគ្រប់ពេលវេលា និងទីកន្លែង ដោយពុំមានកម្រៃសេវា។

លោក ព្រំ វិសុទ្ធ អគ្គនាយក អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានថ្លែងថា ភាពងាយស្រួលនៃប្រព័ន្ធតភ្ជាប់នេះ នឹងធ្វើឲ្យមានកំណើនប្រតិបត្តិការជួញដូរភាគហ៊ុន នៅលើទីផ្សារមូលបត្រកម្ពុជា និងធ្វើឲ្យមូលធនទីផ្សារកាន់តែមានទំហំធំ ប្រកបដោយសន្ទនីយភាពខ្ពស់ អាចទាក់ទាញក្រុមហ៊ុន ដែលមិនទាន់សម្រេចចិត្តបោះផ្សាយ ពិចារណាបោះផ្សាយមូលបត្ររបស់ខ្លួន នៅលើទីផ្សារមូលបត្រកម្ពុជា ដើម្បីប្រមូលសាច់ប្រាក់សំបូរបែប មានថ្លៃដើមទាប និងរយៈពេលយូរ មកប្រើប្រាស់ក្នុងការពង្រីក និងគាំទ្រឱកាសរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។

លោកអគ្គនាយក បានបន្ថែមថា ប្រព័ន្ធតភ្ជាប់នេះ អាចជួយវិនិយោគិន ធ្វើការផ្ទេរប្រាក់ពីគណនីទាន់ចិត្ត ឬ/និងគណនីធនាគារ ទៅគណនីជួញដូររបស់ខ្លួន បានទាន់ពេលវេលា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីឆក់យកឱកាសចំណេញ ក្នុងការទិញភាគហ៊ុន នៃក្រុមហ៊ុនបោះផ្សាយណាមួយ នៅលើទីផ្សារមូលបត្រកម្ពុជា។

សូមបញ្ជាក់ថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុន មូលបត្រ ដែលទទួលបានអាជ្ញាបណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជា ផ្តល់សេវាជាឈ្មួញ ជើងសាមូលបត្រ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និង ភ្នាក់ងារចែកចាយមូលបត្រ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយធនាគារអេស៊ីលីដា ភីអិលស៊ី។ នៅដំណាច់ខៃមករា ឆ្នាំ២០២០ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២,២៦ លានដុល្លារអាមេរិក និងមានគណនីជួញដូរសរុបចំនួន ១៤,៧៧២ ដែលកាន់កាប់ចំណែកទីផ្សារចំនួន ៦៤.៥៧%៕