(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសថា ក្រោមគោលនយោបាយជាតិស្តីពីលំនៅឋាន និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ពេលនេះ មានគម្រោងលំនៅឋានតម្លៃសមរម្យចំនួន៥ បាននិងកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា។

គម្រោងលំនៅឋានតម្លៃសមរម្យចំនួន៥នោះ រួមមាននៅរាជធានីភ្នំពេញចំនួន២គម្រោង ខេត្តកណ្តាលចំនួន ២គម្រោង និងខេត្តបន្ទាយមានជ័យចំនួន១គម្រោង។ លំនៅដ្ឋានដែលជាចំណែកឯកជន នឹងត្រូវលក់ក្នុងតម្លៃ ៣០ ០០០ (បីម៉ឺន) ដុល្លារអាមេរិកចុះក្រោម។

គោលនយោបាយជាតិស្តីពីលំនៅឋាន និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱកាសជូនប្រជាជនទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ តាមរយៈការផ្តល់ជាកញ្ចប់វិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ ផ្នែកវិនិយោគសាធារណៈ និងផ្នែកនិយ័តកម្ម ដើម្បីទាក់ទាញការចូលរួមពីវិស័យឯកជនក្នុងការអនុវត្តគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២០ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ដែលជាគម្រោងមួយក្នុងចំណោមគម្រោងទាំង ៥ ខាងលើ ស្ថិតនៅក្នុងភូមកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយប្រមាណ ៨ គ.ម ពីក្រុងតាខ្មៅ។

គម្រោងនេះសាងសង់លើផ្ទៃដីសរុបប្រមាណ ២៣ ហិកតា មានចំនួន ២ ៤៥៧ ផ្ទះ មានទុនវិនិយោគប្រមាណ ៧៣ លានដុល្លារអាមេរិក។ មកដល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះចំនួន ១ ០៨៨ ផ្ទះ ស្មើ ៤៤ % នៃចំនួនផ្ទះសរុប ក្នុងនោះអតិថិជនជាមន្រ្តីរាជការមានចំនួនជាង ២៣%។ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ផ្ទះជាស្ថាពរចំនួន ៦០៣ ផ្ទះ គ្រោងប្រគល់ផ្ទះជូនអតិថិជននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងគ្រោងបញ្ចប់ការសាងសង់គម្រោងទាំងមូលនៅមុនដំណាច់ឆ្នាំ ២០២០។

គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម បានសម្រួលលក្ខខណ្ឌនៃការបង់ប្រាក់កក់ដោយអតិថិជនអាចបង់ ១០% នៃតម្លៃផ្ទះក្នុងរយៈពេល ១២ ខែដំបូង ឬ បង់ ២០% ទៅ ៣០% ក្នុងរយៈពេល ២៤ ខែ ដោយមិនមានការប្រាក់ ហើយទឹកប្រាក់ដែលនៅសល់ អតិថិជនត្រូវបង់រំលស់បន្តជាមួយធនាគារជាដៃគូក្នុងរយៈពេលរហូតដល់ ២០ ឆ្នាំ ឬអាចបង់ផ្តាច់ជាមួយក្រុមហ៊ុន៕