(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី បានបញ្ចូលគ្នាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែមួយក្រោមឈ្មោះថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក» និងទទួលបានការអនុម័តពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។

ការរួមបញ្ជូលគ្នានេះជាជំហានយក្សមួយទៀត សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្នុងការធ្វើឲ្យខ្លួនកាន់តែធំទូលាយ និងរឹងមាំដោយមានភាគទុនិកជាធនាគារ អ៊ូរី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅ ប្រទេសកូរ៉េ។

ដាប់ប៊ែលយូប៊ី ហ្វាយនែន បានដាក់រួមបញ្ចូល ផលិតផល និងសេវាហិរញ្ញវត្ថុ ផ្សេងៗ រួមមាន សេវាប្រាក់បញ្ញើ-សន្សំ ប្រាក់កម្ចី សេវាធនាគារចល័ត និងសេវាផ្ទេរប្រាក់។ គណនីទាំងអស់របស់អតិថិជនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន នឹងត្រូវផ្ទេរទៅកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដោយរក្សាបញ្ញត្តិនិងលក្ខខណ្ឌដូចមុនដដែល។

លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានឲ្យដឹងថា «ការគួបបញ្ចូលគ្នារវាង ដាប់ប៊ែលយូប៊ី ហ្វាយនែន និង អ៊ូរី ហ្វាយនែន នាំមកនូវទស្សនវិស័យវិជ្ជមាន ដល់បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុតែមួយ ដែលនឹងបន្តរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត។ យើងនឹងបន្តធ្វើឲ្យសេវាបម្រើអតិថិជន កាន់តែមានភាពប្រសើរឡើង និងពាំនាំមកនូវដំណោះស្រាយសេវាហិរញ្ញវត្ថុ ដែលងាយស្រួលជាមួយនឹងសេវាហិរញ្ញវត្ថុ ឌីជីថល ភាពឆ្នៃប្រឌិតខ្ពស់លើផលិតផល និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងបែបបទ រស់នៅបែបស៊ីវិល័យរបស់អតិថិជន នាសម័យដ៏ទំនើបនេះ»

លោកបានបន្តថា ដំណើរការនៃការគួបបញ្ចូលគ្នានេះ មិនអាចសំរេចទៅបានដោយគ្មាន ការខិតខំប្រឹងប្រែងយ៉ាងមោះមុតពី គណៈគ្រប់គ្រង និងបុគ្គលិកនៃស្ថាប័នទាំងពីរ ក្រុមការងារធនាគារ អ៊ូរី ដែលជាភាគទុនិករបស់យើង រួមជាមួយនឹងការគាំទ្រដ៏សំខាន់ពី ធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្ម, អាជ្ញាធរ, អតិថិជន, ដៃគូ និងភាគីជាប់ពាក់ព័ន្ធផ្សេងៗ។

លោកបានបន្ថែមថា «យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ អតិថិជនរបស់ទាំងពីរស្ថាប័ន ដែលបាននិងបន្តប្រើប្រាស់ផលិតផល និង សេវាហិរញ្ញវត្ថុរបស់យើង ហើយនាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលរីកចម្រើនជាមួយប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលថ្មីៗ ដូចជាកម្ចីសម្រាប់និយោជិកក្នុងជួររដ្ឋាភិបាល និងការបង្កើតកម្មវិធីសង្គមផ្សេងៗជាបន្តបន្ទាប់»

លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិការ របស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ឲ្យដឹងថា «នេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀត របស់ដាប់ប៊ែលយូប៊ី ហ្វាយនែន បន្ទាប់ពីការលក់ភាគហ៊ុន របស់គ្រឹះស្ថានទៅឲ្យធនាគារ អ៊ូរី ក្នុងឆ្នាំ២០១៨ ហើយឥឡូវនេះ ត្រូវបានគួបបញ្ជូល ជាមួយអ៊ូរី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏ឆ្នើមមួយនៅកម្ពុជា ហើយយើងបានបញ្ចប់ដំណើរការនៃ ការគួបបញ្ចូលនេះ ប្រកបដោយភាពរលូន និងគ្រប់ជ្រុងជ្រោយដោយផ្តោតសំខាន់លើដំណើរការនេះ»

លោកស្រីបន្ដថា ដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងបន្តបម្រើសេវាហិរញ្ញវត្ថុ ដល់កម្ពុជាទូទាំង២៥ខេត្ត-ក្រុង តាមរយៈសាខាទាំង១៣៦របស់ខ្លួន ដោយផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាមួយនឹងការប្រកាន់ភ្ជាប់ នឹងបេសកកម្មរបស់ខ្លួន ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេ ដែលផ្តល់នូវសក្តានុពលសេដ្ឋកិច្ច ដើម្បីឲ្យកម្ពុជារីកចម្រើន។

សូមជម្រាបថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាគ្រឹះស្ថានទទួលបានអាជ្ញាប័ណ្ណ ទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបម្រើសេវាហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាជាង២០ឆ្នាំមកហើយ ជាមួយនឹងការផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរួមមាន៖ ប្រាក់កម្ចី សេវាបញ្ញើសន្សំ សេវាផ្ទេរប្រាក់ និងសេវាធនាគារចល័ត ហើយគិតត្រឹមចុងឆ្នាំ២០១៩ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបមានចំនួន៣៧៧លានដុល្លារអាមេរិក និងផលប័ត្រឥណទានសរុបចំនួន ៣៣៦លានដុល្លារអាមេរិក។

ដោយឡែកធនាគារ អ៊ូរី មានការិយាល័យកណ្តាលនៅសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានបង្កើតឡើងនៅឆ្នាំ១៨៩៩ និងជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកូរ៉េ ជាមួយនឹងបណ្តាញសាខាដ៏ធំទូលាយជុំវិញពិភពលោក។ ធនាគារ អ៊ូរី ផ្តល់ជូនសេវាធនាគារបុគ្គល ធនាគារពាណិជ្ជកម្ម និងវិនិយោគ ជាច្រើនប្រភេទ តាមរយៈសាខាក្នុងស្រុកចំនួន៧៤៧ និងបណ្តាញសាខាសកលចំនួន៤៥១ នៅក្នុងប្រទេសចំនួន២៦ជុំវិញពិភពលោក៕