(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ចំពោះនាវាទេសចរណ៍ ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់របស់ Westerdam ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ បើសាម៉ីប្រទេសគេមិនទទួលទេ គឺកម្ពុជានឹងបន្តមើលថែពួកគេ។

នេះបើតាមការបង្ហោះសារនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលដកស្រង់ប្រសាសន៍សម្តេចតេជោ នៅព្រឹកមិញថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពី ជំងឺ COVID-19 ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកឲ្យមានការភ័យតក់ស្លុត រហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជំងឺពិតប្រាកដដែលយើងកំពុងប្រឈមមុខជាក់ស្តែងនាពេលនេះ គឺជាជំងឺភ័យខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូតដល់បោះបង់ពលរដ្ឋខ្លួនឯងចោល។ ជាក់ស្តែងដូចជាករណីនាវាទេសចរណ៍ MS Westerdam ដែលមានអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង២២០០ នាក់ដែលបានបដិសេធ ដោយប្រទេស និងកោះចំនួន៦ មិនឲ្យចុះចត ដែលនៅក្នុងនាវាដ៏ធំនេះ ក៏មានពលរដ្ឋអាមេរិកជាង៦០០នាក់ផងដែរ ដែលបានសុំចុះចតនៅកោះ Guam ដែលជាទឹកដីកោះមួយផ្នែករបស់សហរដ្ធអាមេរិក ក៏មិនត្រូវបានអនុញ្ញាត្តឲ្យចុះចតដែរ។ តើយ៉ាងម៉េចបានជាសាម៉ីប្រទេស និងសាម៉ីកោះទាំងនោះសម្រេចបែបនេះទៅរួច? ពិភពលោកអាចនឹងបែកបាក់ ហើយតម្លៃមនុស្សនៅត្រង់ណា បើសិទ្ឋិរស់រានមានជីវិតគ្មានផងនោះ?

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការទទួលនាវាទេសចរណ៍ MS Westerdam ឲ្យចូលចតនៅក្រុងព្រះសីហនុ ក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៌ ដោយគ្មានការរើសអើងជាតិសាសន៍ ក្នុងការលើកស្ទួយ ការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់ នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិ ដែលជាប់គាំងនៅក្នុងនាវាទាំងអស់។

ការសម្រេចចិត្តត្រឹមត្រូវរបស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំងពិភពលោក បានគាំទ្រនូវកាយវិកាមនុស្សធម៌របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពី អង្គការសុខភាពពិភពលោក (World Health Organization) អង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) អង្គការឆ្នេរស្អាតបំផុតពិភពលោក ( The World’s Most Beautiful Bay) និង ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។

សម្តេចសង្កត់ធ្ងន់ថា «នៅពេលនេះចំនួនអ្នកទេសចរចម្រុះជាតិសាសន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យសុខភាពថា គ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ។ ច្បាស់ណាស់ បើសាម៉ីប្រទេសគេមិនគិតដល់ពលរដ្ឋគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេលនេះបានមកទីសុវត្ថិភាពក្នុងប្រទេសយើងហើយ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយ ក្នុងពេលអញ្ជើញទទួលអ្នកដំណើរទេសចរទាំងអស់ នៅខេត្តព្រះសីហនុថា បើមានអ្នកទេសចរណាម្នាក់ មានឆ្លងឬផ្ទុកមេរោគ Covid-19 គឺសម្តេចតេជោ អនុញ្ញត្តឲ្យចូលកម្ពុជាឲ្យបានលឿនមុនគេបំផុត ហើយនាំទៅកន្លែងមានសុវត្ថិភាព ដើម្បីផ្តល់ការមើលថែ និងព្យាបាលឲ្យបានទាន់ពេលវេលា ដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់មិនឲ្យមេរោគឆ្លងរាលដាលទៅអ្នកដទៃទៀត ដូចដែលបានកើតឡើង នៅក្នុងនាវាទេសចរណ៍ Diamond Princess ដែលពេលថ្មីៗនេះ គឺទើបសម្រេចយកអ្នកទេសចរចេញពីនាវា ដោយសារមានអ្នកឆ្លងមេរោគកូវីដ១៩ ពីម្នាក់ទៅម្នាក់កាន់តែច្រើនឡើងៗ រហូតដល់៤៥៤នាក់។

សម្តេចតេជោ ហ៊ុន សែន បានលើឡើងថា «បើកម្ពុជាមិនទទួលនាវានេះឲ្យចូលចតទេ ម៉្លេះមកទល់ពេលនេះ មិនដឹងជារសាត់អណ្តែតទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់នៃជីវិតពួកគេនឹងត្រូវបូជានៅលើកប៉ាល់ ឬបោះទម្លាក់ចោលក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធមិនទទួល ពួកគេឲ្យចុះចត? តែកម្ពុជាមិនអាចបិទភ្នែកទុកឲ្យពលរដ្ឋទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវបានគេមើលងាយ និងរើសអើងពីមុន ហើយកម្ពុជាយល់ច្បាស់ណាស់ អំពីអារម្មណ៍បែបនេះ ចំពោះអ្នកទេសចរទាំងអស់នោះ។ យើងទាំងអស់គ្នានិយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើង គឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុកំពុងនាំ ទៅដល់ការបំផ្លាញសិទ្ធិមនុស្សពិតប្រាកដ។

សម្តេចតេជោបន្តថា បើតាមគម្រោងដែលបានគិត ក្នុងការជួយដល់អ្នកទេសចរទាំងអស់ គឺក្រោយពេលអ្នកទេសចរវគ្គទី១ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងទីក្រុងភ្នំពេញបានចាកចេញពីកម្ពុជាហើយ គឺនឹងដឹកអ្នកដែលកំពុងរង់ចាំ នៅក្នុងនាវាទេសចរណ៍ក្នុងខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ជាបន្តទៀតរហូតដល់អស់។ អ្នកដំណើរទាំងអស់នឹងត្រូវដាក់ឲ្យពិនិត្យសុខភាពយ៉ាងហ្មត់ចត់បំផុត មុននឹងអនុញ្ញាត្តឲ្យមកស្នាក់នៅតាមសណ្ឋាគារ។ បើទោះបីត្រូវការចតរយៈពេល វែងយ៉ាងណាក្តី ក៏កម្ពុជាផ្តល់ឱកាសឲ្យនាវាទេសចរណ៍នេះ បន្តស្នាក់នៅកម្ពុជាដោយមិនគិតពីថ្លៃចត និងថ្លៃសេវាផ្សេងៗនៅ ក្នុងដែនសមុទ្រកម្ពុជាដែរ។

កម្ពុជាទទួលខុសត្រូវលើកិច្ចការ ដែលខ្លួនកំពុងធ្វើឲ្យបានហ្មត់ចត់ និងល្អបំផុត ហើយបន្តសហការជាមួយអង្គការដៃគូនានា និងសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលនេះ។ ទន្ទឹមនឹងនេះដែរ គឺដើម្បីលុបបំបាត់ជំងឺភ័យខ្លាចជ្រុល និងជំងឺរើសអើងជ្រុល ដើម្បីលើកស្ទួយតម្លៃសីលធម៌ គុណធម៌ឡើងវិញ និងដើម្បីសិទ្ឋិរស់រានមានជីវិត និងសេចក្តីសុខរបស់មនុស្សជាតិទូទាំងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរថា ទោះបីនៅប្រទេសណាក៏ដោយ មិនថាតែប្រទេសចិនទេ ប្រសិនបើត្រូវការកម្ពុជា គឺសម្តេចតេជោ នឹងចូលរួមដោយមិនរារែកឡើយ៕