(ព្រះសីហនុ)៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក នី ផល្លី អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក លាង សូដា អភិបាលរងខេត្តព្រះសីហនុ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ តំណាងអាកាសយាន្តដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានាប្រចាំខេត្តព្រះសីហនុ តំណាងវិស័យឯកជន និងតំណាងក្រុមហ៊ុនអាកាសចរណ៍នានា។

ក្នុងកិច្ចពិភាក្សា លោកអនុរដ្ឋលេខាធិការ បានជម្រាបជូនដល់អង្គប្រជុំ អនុវត្តអនុសាសន៍ណែនាំ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវធ្វើការសិក្សា ប្រមូលទិន្នន័យ និងវិភាគឲ្យបានហ្មត់ចត់ អំពីស្ថានភាពទេសចរណ៍របស់ខេត្តព្រះសីហនុ ដោយឆ្លុះបញ្ជាំងទៅលើគ្រប់ទិដ្ឋភាពភាព និងគ្រប់វិស័យពាក់ព័ន្ធដើម្បីកំណត់ឲ្យបាននូវកញ្ចប់នៃបញ្ហាប្រឈម ក្នុងខណៈដែលក្រសួងទេសចរណ៍បានដាក់ចេញផែនការចំពោះមុខទូទាំងប្រទេស រីឯក្រុមការងារកំពុងរៀបចំដោយឡែកសម្រាប់ខេត្តព្រះសីហនុឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន។

ជាមួយគ្នានោះ លោកអនុរដ្ឋលេខាធិការ បានស្នើដល់មន្ទីរអង្គភាពជំនាញ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងបន្ថែមទៀត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងកាលះទេសះដ៏លំបាកនេះ ប្រកបដោយប្រសិទ្ធិភាព ការទទួលខុសត្រូវ និងទាន់ពេលវេលា៕