(ភ្នំពេញ)៖ ថ្លែងក្នុងវគ្គបណ្តុះបណ្តាលការអភិវឌ្ឍភាពជាអ្នកដឹកនាំដើម្បីការកែទម្រង់ លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនីមួយៗមានសារសំខាន់ណាស់ ដូច្នេះតម្រូវឲ្យសិក្ខាកាមគ្រប់គ្នាចូលរួមដោយផ្ទាល់ ដាច់ខាតមិនត្រូវចាត់ឱ្យអ្នកផ្សេងមកចូលរួមជំនួសឡើយ។

វគ្គបណ្តុះបណ្តាលដែលលោក យក់ ប៊ុនណា ថ្លែងដូចខាងលើនេះ បានប្រព្រឹត្តទៅចំនួន ២វេន រួមមានវេនព្រឹក និងវេនរសៀល ដោយសិក្សាចាប់ពីថ្ងៃទី១៧-២៨ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងមួយវេនមានសិក្ខាកាមប្រហែល ៤០នាក់ មកពីក្រសួងស្ថាប័នទាំង៣០ (សិក្ខាកាម ៣នាក់ មកពីក្រសួងស្ថាប័នមួយ) ចាប់ផ្តើមសិក្សាពីម៉ោង ៨៖៣០-១២៖០០ សម្រាប់វេនព្រឹក និងចាប់ពីម៉ោង ២៖០០-៥៖៣០ សម្រាប់វេនរសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី រាជធានីភ្នំពេញ។

លោក យក់ ប៊ុនណា បានបន្តទៀតថា ក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ បានរៀបចំវគ្គបណ្តុះបណ្តាលការអភិវឌ្ឍភាពជាអ្នកដឹកនាំដើម្បីការកែទម្រង់នេះ ក្នុងគោលបំណងដើម្បីឲ្យសិក្ខាកាមជាថ្នាក់ដឹកនាំមានលទ្ធភាពកាន់តែប្រសើរ ក្នុងការដឹកនាំមន្ត្រី និងអង្គភាពនៅក្នុងបរិការដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័សដូចបច្ចុប្បន្ននេះ។

នៅក្នុងសប្តាហ៍ទីមួយ (ចាប់ពីថ្ងៃទី១៧-២១ ខែកុម្ភៈ ឆ្នាំ២០២០) សិក្ខាកាមនិងសិក្សាអំពី Leading Self, Leading people ជាមួយលោក Lim Peng Soon និងនៅក្នុងសប្តាហ៍ទីពីរ (ចាប់ពីថ្ងៃទី២៤-២៨ ខែកុម្ភៈ ឆ្នាំ២០២០) សិក្ខាកាមនិងសិក្សាអំពី Leading Organization ជាមួយលោក Christopher Koh ហើយក្នុងវគ្គបណ្តុះបណ្តាលនេះដែរ សិក្ខាកាមត្រូវចូលរួមបង្កើតជាក្រុម ដើម្បីរៀបចំគម្រោង។

ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការបានលើកឡើងថា វគ្គបណ្តុះបណ្តាលដែរនេះតម្រូវឲ្យសិក្ខាកាមទាំងអស់ ត្រូវមានវត្តមានយ៉ាងតិច ៨០% ទើបត្រូវបានចាត់ទុកថាបានបញ្ចប់ការសិក្សាដោយជោគជ័យ និងអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

លោក យក់ ប៊ុនណា បានគូសបញ្ជាក់អំពីសាវតាដែលបង្កើតឲ្យមានជាវគ្គបណ្តុះបណ្តាលនេះឡើង គឺដោយសារមានការគាំទ្រពីស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានឯកភាពជួយគាំទ្រទៅលើគម្រោងកសាងក្របខណ្ឌសមត្ថភាព សម្រាប់ថ្នាក់ដឹកនាំជាអគ្គនាយក និងអគ្គនាយករង ដែលមានស្ថាប័នអនុវត្តគម្រោងនេះ គឺវិទ្យាស្ថានមុខងារសារធារណៈសិង្ហបុរី (CSC) និងសាលាភូមិន្ទរដ្ឋបាល។

នៅថ្ងៃទី៤-៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារ CSC និងសាលាភូមិន្ទរដ្ឋបាល បានចាប់ផ្តើមដំណើរការសម្ភាសជាមួយរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមកពីក្រសួងចំនួន ៩ និងការប្រជុំពិភាក្សាជាមួយក្រុមមន្ត្រីពាក់ព័ន្ធ គឺក្រុមអគ្គនាយក អគ្គនាយករង និងក្រុមប្រធាន-អនុប្រធាននាយកដ្ឋាន។

ជាមួយគ្នានេះ ក្រុមការងារ CSC បានត្រៀមរៀបចំនូវសេចក្តីព្រាងក្របខណ្ឌសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំជាអគ្គនាយក និងអគ្គនាយករង និងនៅថ្ងៃទី៨-១០ ខែមករា ឆ្នាំ២០២០ ក្រុមការងារ CSC បានត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីជួបពិភាក្សាជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ និងស្វែងយល់នូវធាតុចូលបន្ថែមជាមួយអគ្គនាយក និងអគ្គនាយករងជាលទ្ធផល ក្រុមការងារបានកែសម្រួលកាន់តែល្អប្រសើរទៅលើសេចក្តីព្រាងក្របខណ្ឌសមត្ថភាព។ ដោយផ្អែកលើសេចក្តីព្រាងក្របខណ្ឌសមត្ថភាពនេះ ទើបក្រុមការងារបានរៀបចំចេញជាវគ្គបណ្តុះបណ្តាលនេះឡើង៕