(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ប្រាប់វិនិយោគិនជប៉ុន ដែលកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជាថា គោលនយោបាយនៃការអនុគ្រោះ និងគាំពារវិនិយោគពីបរទេស ទាក់ទាញវិនិយោគិនបរទេស ឲ្យកាន់តែមានចំនួនច្រើន មកបណ្តាក់ទុននៅកម្ពុជា។
លោកបន្ថែមថា ក្រៅពីនេះ កម្ពុជាបាន និងកំពុងអនុវត្តនូវបរិយាកាសធុរកិច្ចអំណោយផល (Friendly Business Environment) លើកទឹកចិត្តដល់អ្នកវិនិយោគិនបរទេសទាំងអស់ ដែលមកបណ្តាក់ទុននៅកម្ពុជា ប្រកបដោយភាពទុកចិត្ត ស្របពេលដែលប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោកឧបនាយកដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសលោក ទទួលជួបជាមួយលោក តាកេស៉ិ អ៉ិហ្សុកា (Takeshi Izuka) ប្រធានក្រុមហ៊ុន A2A Town (Cambodia) Co., Ltd. និងជាស្ថាបនិកវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (Kirirom Institute of Technology) ពិភាក្សាអំពីកលនុវត្តភាព នៃកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ និងក្រុមហ៊ុន A2A Town (Cambodia) Co., Ltd. ក្នុងបរិការណ៍សេដ្ឋកិច្ចឌីជីថល។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ដែលក្រុមហ៊ុន A2A Town (Cambodia) ដែលមានស្ថាបនិកជាជនជាតិជប៉ុន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា តាមរយៈការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ និងរួមចំណែកក្នុងការអភិវឌ្ឍន៍អេកូទេសចរណ៍ នៅតំបន់ជួរភ្នំគីរីរម្យ។
លោក តាកេស៉ិ អ៉ិហ្សុកា បានបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ផ្តោតលើជំនាញវិស្វកម្មកម្មវិធីសូហ្វវែ (Software Engineering), វិទ្យាសាស្រ្តនៃការវិភាគទិន្នន័យ (Data Science), និងសន្តិសុខប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Cyber Security) ដោយផ្តល់អាហារូបករណ៍ពេញដល់និស្សិតខ្មែរដែលមានសមត្ថភាពក្មុងរយៈពេល ៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្លៃសិក្សា, ការស្នាក់នៅ, អាហារ, និងឧបករណ៍សម្ភារសិក្សាចាំបាច់មួយចំនួនទៀត។ កម្មវិធីនេះ បានផ្តល់ឱកាសដល់និស្សិតខ្មែររាប់រយនាក់កន្លងមក ទទួលបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ និងទទួលបានការងារនៅក្នុងក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនជប៉ុន នាពេលកន្លងមក។
អគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំឱ្យ៖
១៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ធ្វើការជាមួយនឹងក្រុមហ៊ុន A2A Town (Cambodia) ក៏ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ក្នុងការធ្វើការស្រាវជ្រាវបែបអនុវត្តន៍ (Applied Research) ដើម្បីស្វែងរកនវានុវត្តន៍ ក៏ដូចជាសហការគ្នាបង្កើតកម្មវិធីបណ្តុះធុរកិច្ចថ្មី (Startup) ជាមួយគ្នា។
២៖ វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ គួរពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលដោយផ្ទាល់តាមរយៈការបណ្តុះធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ហើយផ្តល់ឱកាសឱ្យពួកគេមកបម្រើការនៅក្នុងគម្រោង ឬស្ថាប័នរបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងតម្រូវការធនធានមនុស្ស ក្នុងក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែងនៃគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថលដែលនឹងត្រូវអនុវត្តនាពេលខាងមុខនេះ។
៣៖ ពិនិត្យលទ្ធភាពនៃការគាំទ្រពីរាជរដ្ឋាភិបាលដើម្បីអាចឱ្យក្រុមហ៊ុន A2A Town (Cambodia) អាកៀរគរវិនិយោគិន និងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន មកចូលរួមបង្កើតជាឧទ្យានអេកូបច្ចេកវិទ្យា (Eco-Technology Park) នៅតំបន់គីរីរម្យ សំដៅដល់ការចូលរួមចំណែកក្នុងការកសាងទាំងធនធានមនុស្ស និងធនធានបច្ចកវិទ្យានៅកម្ពុជា។
សូមបញ្ជាក់ថា លោក តាកេស៉ិ អ៉ិហ្សុកា គឺជាសហគ្រិនផ្នែកបច្ចេកវិទ្យាមួយរូប ដោយចាប់ផ្តើមបង្កើតក្រុមហ៊ុនវិភាគលើប្រតិបត្តិការគេហទំព័រ (Web Analytics) នៅប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៩៨។ បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានលក់ឱ្យទៅក្រុមហ៊ុនទូរគមនាគមន៍ NTT Communications នៅឆ្នាំ ២០០៨, លោក តាកេស៉ិ អ៉ិហ្សុកា បានងាកមកវិនិ-យោគនៅកម្ពុជាដោយដំបូងផ្តោតលើវិស័យអេកូទេសចរណ៍ និងពង្រីកទៅរកវិស័យអប់រំ, វិស័យបច្ចេកវិទ្យា, និងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ នៅតំបន់ជួរភ្នំគីរីរម្យ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យក្រុមហ៊ុនអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកិច្ចការពារបរិស្ថានក្នុងតំបន់គីរីរម្យ និងជូនពរឱ្យរាល់សកម្មភាពអាជីវកម្ម ស្របច្បាប់របស់ក្រុមហ៊ុនទទួលបានជោគជ័យ៕