(ព្រះសីហនុ)៖ លោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) ប្រធានក្រុមហ៊ុន Holland America Line ជាម្ចាស់នាវាទេសចរណ៍ Westerdam បានលើកឡើងថា គុណរបស់កម្ពុជាចំពោះការអនុញ្ញាតឱ្យនាវារបស់លោកចូលចត និងសម្រួលដល់ភ្ញៀវទេសចររបស់លោកឱ្យចាកចេញទៅកាន់ ប្រទេសរបស់ពួកគេនេះធ្វើឱ្យរូបលោកចងចាំមិនអាចបំភ្លេចបានឡើយ ហើយសន្យាថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីម្តងទៀត ជាមួយនឹងក្រុមគ្រួសាររបស់លោក នៅពេលណាមួយ។
លោក Orlando Ashford បានផ្តល់បទសម្ភាសដល់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវារបស់លោក បានចូលចត នៅកំពង់ផែខេត្តព្រះសីហនុ និងបានសម្រួលដល់ការចាកចេញរបស់ភ្ញៀវទេសចររបស់លោក ដែលគុណបំណាច់នេះ លោកចងចាំមិនភ្លេចទេ។
ម្ចាស់នាវារូបនេះ បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅក្នុងនាមជាមេដឹកនាំប្រទេសជាម្ចាស់ផ្ទះ ចំពោះនាវារបស់លោក និងភ្ញៀវទេសចរនៅលើនាវា ដែលបានធ្វើឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ទាំងនោះ ចង់ចាំមិនភ្លេច ហើយចង់បន្តកម្សាន្តនៅក្នុងប្រទេសកម្ពុជាតទៅទៀត។ លោកចាត់ទុកថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាទឹកចិត្តប្រកបដោយមនុស្សធម៌។
រហូតមកដល់ពេលនេះ មានភ្ញៀវទេសចរនៅលើនាវា និងនៅក្នុងប្រទេសកម្ពុជាប្រមាណ៥៥០នាក់ ហើយនៅថ្ងៃស្អែកនេះ នឹងមានយន្តហោះ២ ដើម្បីដឹកពួកគេចេញពីប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ម្ចាស់នាវា។
សូមជម្រាប់ថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានអ្នកទេសចរណ៍ចុងក្រោយសរុប ២៣៣នាក់ នៅលើនាវា WESTERDAM បានចាកចេញពីនាវា និងធ្វើដំណើរតាមរថយន្តក្រុងចំនួន១០ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីបន្តដំណើរតាមយន្តហោះទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួននៅថ្ងៃស្អែក ក្រោយទាំងអស់គ្នាពិនិត្យសុខភាពពុំឃើញមានមេរោគ Covid-19 ។
ចំណែកអ្នកបម្រើការងារនៅលើនាវាចំនួន៧៤៧នាក់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាមកប៉ាល់ Westerdam ឆ្ពោះទៅកាន់ហ្វីលីពីនវិញ។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៕