(កណ្តាល)៖ លោក ភួង ចំរើន អនុប្រធានភូមិព្រែកស្វាយ ឃុំឈើទាល, លោក ហែម ហួន ប្រធានភូមិព្រែកស្វាយ ឃុំឈើទាល, លោកស្រី អ៊ុក សឿន មេឃុំឈើទាល និងលោក ថោង ចន្ថា មន្ត្រីសុរិយោដីស្រុកកៀនស្វាយ ត្រូវបានប្រជាពលរដ្ឋ ៥គ្រួសារ បន្តប្តឹងទៅការិយាល័យប្រជាពលរដ្ឋស្រុកកៀនស្វាយ និងការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ពាក់ព័ន្ធករណីបង្កទំនាស់ និងបង្កើតឲ្យមានលេខក្បាលដី៣៧២។

ការដាក់ពាក្យប្តឹងនេះ បន្ទាប់ពីពួកគាត់ បានប្តឹងឈ្មោះទាំង ៤នាក់ខាងលើនេះ ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មិនទាន់ដោះស្រាយចប់នៅឡើយនោះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា មូលហេតុដែលពួកគាត់បន្តដាក់ពាក្យប្តឹងនៅការិយាល័យប្រជាពលរដ្ឋស្រុកកៀនស្វាយ និងខេត្តកណ្តាលនេះ ដោយសារពួកគាត់អស់ជំនឿលើអាជ្ញាធរឃុំឈើទាល និងស្រុកកៀនស្វាយ ពីព្រោះកាលពីឆ្នាំ២០១៨ អាជ្ញាធរឃុំបានស្វែងរកដីឈ្មោះ ញឹក ចាន់កុសល និងបានបង្ហាញទីតាំងដីនេះនៅចំណុចផ្នែកខាងលិចដីឈ្មោះ គង់ ចំរើន ហើយម្យ៉ាងទៀត ដីរបស់ឈ្មោះ ញឹក ចាន់កុសល មិនជាប់ព្រំជាមួយដីរបស់ពួកគាត់ដែរ គឺបានន័យថា ដីរបស់ឈ្មោះ ញឹក ចាន់កុសល នៅចំណុចរំលងក្បាលដីរបស់ឈ្មោះ គង់ ចំរើន ដែលជាប់ព្រំដីរបស់ ពួកគាត់នៅផ្នែកខាងលិច។

ប៉ុន្តែលុះមកដល់ឆ្នាំ២០១៩ អាជ្ញាធរបានបិទប្រកាសវាស់វែងប្លង់ប្រព័ន្ធជូនប្រជាពលរដ្ឋ។ នៅពេលចុះវាស់វែងមន្ត្រីជំនាញឈ្មោះ ថោង ចន្ថា មិនបានវាស់វែងតាមព្រំដីរបស់ពួកគាត់ ដែលបានកាន់កាប់ជាង ១០ឆ្នាំ ចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរដោយឈ្មោះ ហែម ហួន ជាមេភូមិព្រែកស្វាយ និងឈ្មោះ អ៊ុក សឿន មេឃុំឈើទាលនេះទេ ទើបបង្កើតជាបញ្ហាឲ្យមានទំនាស់ ដីធ្លីនេះ កើតឡើងដោយសារដីរបស់ឈ្មោះ ញឹក ចាន់កុសល បំលាស់ទីពីខាងលិចឈ្មោះ គង់ ចំរើន មកទុំលើក្បាលដីរបស់ពួកគាត់ នៅចំណុចខាងកើតដីឈ្មោះ គង់ ចំរើន ជាន់លើក្បាលដីរបស់ពួកគាត់ទៅវិញ។

ដោយពិនិត្យឃើញសកម្មភាព ញឹក ចាន់កុសល បានរំលោភបំពានកាន់កាប់លើដីរបស់ពួកគាត់ ទើបពួកគាត់ទាំង ៥គ្រួសារ បានដាក់ពាក្យបណ្ដឹងប្តឹងឈ្មោះ ញឹក ចាន់កុសល ទៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។ បន្ទាប់ពីសមត្ថកិច្ចបានកោះហៅ ឈ្មោះ ញឹក ចាន់កុសល ទៅសាកសួរ, ឈ្មោះ ញឹក ចាន់កុសល បានឆ្លើយសារភាពដឹងពីកំហុសរបស់ខ្លួន ហើយសន្យាថា ឈប់រំលោភឈប់ពាក់ព័ន្ធលើដីរបស់ពួកគាត់ផងដែរ។

ប្រជាពលរដ្ឋទាំង ៥គ្រួសារ បានឲ្យដឹងទៀតថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពួកគាត់បានយកឯកសារពាក់ព័ន្ធ នៃការដោះស្រាយបញ្ចប់ពីនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ទៅជំរាបអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីស្នើសុំវាស់វែងដីម្តងទៀត។

លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឈ្មោះ អ៊ុក សឿន មេឃុំឈើទាល បានប្រាប់ពួកគាត់ឲ្យហៅឈ្មោះ ថោង ចន្ថា ជាមន្ត្រីសុរិយោដីស្រុកកៀនស្វាយ និងឈ្មោះ ហែម ហួន មេភូមិព្រែកស្វាយដឹកនាំកម្លាំងចុះទៅវាស់វែង។ ពេលទៅដល់ចំណុចទីតាំងដី ស្រាប់តែឈ្មោះ ថោង ចន្ថា មន្ត្រីសុរិយោដីស្រុកកៀនស្វាយ និយាយថា នៅចំណុចដីដែលឈ្មោះ ញឹក ចាន់កុសល បានរំលោភបំពានកាន់កាប់នោះដដែល ហើយបានបញ្ជាក់ថា ដីចំណុចនេះគេបាញ់ប្លង់រួចហើយ ដោយកំណត់ក្បាលដីលេខ៣៧២ ដែលជាក្បាលដីឈ្មោះ ញឹក ចាន់កុសល បានសារភាពដឹងពីកំហុស និងបានសន្យាឈប់រំលោភ ឈប់ពាក់ព័ន្ធលើផ្ទៃដីរបស់ពួកគាត់ដដែល។

ប្រជាពលរដ្ឋបានអះអាងថា ឈ្មោះទាំង ៤នាក់ខាងលើពិតជាបានឃុបឃិតគ្នាបង្កើតឲ្យមានឯកសារប្រវត្តិដីជាមូលដ្ឋានសម្រាប់មន្ត្រីសុរិយោដីចុះទៅលួចវាស់វែងលើដីកំពុងមានទំនាស់ និងមិនបានជូនដំណឹងដល់ពួកគាត់ ដែលមានដីជាប់ព្រំបានដឹង។ ត្រង់ចំណុច ជាករណីដែលឈ្មោះ ភួង ចំរើន អនុប្រធានភូមិព្រែកស្វាយ, ឈ្មោះ ហែម ហួន ប្រធានភូមិព្រែកស្វាយ, ឈ្មោះ អ៊ុក សឿន មេឃុំឈើទាល និងឈ្មោះ ថោង ចន្ថា មន្ត្រីសុរិយោដីស្រុកកៀនស្វាយ បានបង្កទំនាស់ដីធ្លី និងបង្កើតឱ្យមានលេខក្បាលដី៣៧២ កើតឡើងដែលជាបញ្ហាធ្វើឱ្យមានការរាំងស្ទះ មិនអាចឱ្យពួកយើងខ្ញុំធ្វើប្លង់បាន។

ពាក់ព័ន្ធនឹងករណីនេះ លោក យ៉ែម វន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកៀនស្វាយ បានឲ្យដឹងថា បណ្តឹងរបស់ប្រជាពលរដ្ឋការិយាល័យរបស់បានទទួលហើយ លោកនឹងពិនិត្យលើពាក្យ បណ្តឹង និងឯកសារពាក់ព័ន្ធដែលប្រជាពលរដ្ឋ ដាក់មកការិយាល័យរបស់លោកសិន បន្ទាប់មកលោក នឹងកោះអញ្ជើញឈ្មោះទាំង ៤នាក់នោះមកការិយាល័យរបស់លោក ដើម្បីសាកសួរឈានដល់មានចំណាត់ការរឿងនេះ។

យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការប កស្រាយពីភាគីខាងអនុប្រធានភូមិ មេភូមិ មេឃុំ និងមន្រ្តីសុរិយោដីបានទេ៕