(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាបានធ្វើការងារមនុស្សធម៌មួយដ៏ធំ គឺបានអនុញ្ញាតឲ្យនាវា Westerdam ចូលចត បន្ទាប់ពីនាវាខ្នាតយក្សមួយនេះ មិនត្រូវបានអនុញ្ញាតឲ្យចូលចត ពីបណ្តាប្រទេស និងកោះមួយចំនួន។
ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសសម្តេចបានអញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហា Covid19 មិនទាន់ត្រូវបានបញ្ចប់ទេ ឥឡូវនេះតាមការឲ្យដឹងពីរដ្ឋលេខាធិការ អាកាសចរណ៍ស៉ីវិល ម៉ៅ ហាវណ្ណាល់ កំពុងតែហោះហើរចេញជាបន្តបន្ទាប់។ យើងបានធ្វើកិច្ចការមនុស្សធម៌ដ៏ធំ ដែល មកដល់ពេលនេះ ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ហើយ ទាំងអ្នកនៅលើនាវាទាំងទេសចរទាំងអស់ និងអ្នកបម្រើការនៅលើនាវា គឺគ្មានការឆ្លងនូវវីរ៉ុស Covid19 ទេ»។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានអរគុណរដ្ឋាភិបាលថៃ ឥណ្ឌូនេស៉ី និងជប៉ុន ដែលផ្សព្វផ្សាយថា ពលរដ្ឋរបស់គេចុះពីនាវា Westerdam មិនមានផ្ទុកវីរ៉ុស Covid19។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានបញ្ជាក់ថា មិនមានជម្លោះការទូតរវាងកម្ពុជា និងម៉ាឡេស៉ី រឿងរកឃើញស្ត្រីជនជាតិអាមេរិក មានផ្ទុកវីរ៉ុស Covid19 នោះដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «គ្រាន់តែកម្ពុជាសុំការពន្យល់តែប៉ុណ្ណោះ ព្រោះកម្ពុជាខ្លួនឯងរកអត់ឃើញ ទៅដល់នោះបានរកឃើញ។ អញ្ចឹងជំងឺនេះ វាកើតនៅកន្លែងណា វាកើតនៅកម្ពុជា យើងរកមិនឃើញ ហើយទៅដល់ម៉ាឡេស៉ី ឬក៏ទៅដល់ម៉ាឡេស៉ី ទើបបានចាប់ផ្តើមកើតនៅពេលហ្នឹង? យើងសូមបញ្ជាក់ទៅវិញថា គ្មានជម្លោះការទូតណាមួយ រវាងកម្ពុជានិងម៉ាឡេស៉ីទេ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រតិកម្មចំពោះអ្នកធ្វើអត្ថាធិប្បាយថា សម្តេចយករឿងឲ្យនាវា Westerdam ចូលចត គឺដើម្បីចំណេញនយោបាយ។ សម្តេចតេជោ បានចាត់ទុកការធ្វើអត្ថាធិប្បាយបែបនេះថា ជារឿងឆ្កួតលីលា។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោកមួយដោយអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក «Westerdam» ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។ នាវានេះដឹកមនុស្សសរុបជាង ២០០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរ៉ុស Covid19
សម្រាប់នៅកម្ពុជាវិញ មិនត្រឹមតែអនុញ្ញាតឲ្យនាវានេះចូលចតប៉ុណ្ណោះទេ នៅថ្ងៃទី១៤ ខែកុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» ដែលជាវប្បធម៌របស់មនុស្សជាតិតំបន់អឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញតាមឧទ្ធម្ភាគចក្រទៅកាន់នាវា ដើម្បីទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ អមដោយផ្កាកូលាបថែមទៀតផង។
កាយវិការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យរំជួលចិត្ត រំជួលបេះដូងអ្នកដំណើរលើនាវា រហូតអ្នកខ្លះស្រក់ទឹកភ្នែកថែមទៀតផង។ ពួកគេបានកោតសរសើរមិនដាច់ពីមាត់ ចំពោះកាយវិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល។ មិនត្រឹមតែលើនាវាប៉ុណ្ណោះទេ មនុស្សជាតិលើពិភពលោកជាច្រើន សុទ្ធតែបានទទួលបាននូវទង្វើប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ហើយបានស្ញប់ស្ញែង និងកោតសរសើរមិនដាច់នោះឡើយ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស និង អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី សុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងប្រកាសចងចាំចំពោះកាយវិការ ប្រកបដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅមួយនេះ។
ទោះបីយ៉ាងណា នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការមួយ ស្តីពីករណីអាជ្ញាធរម៉ាឡេស៉ី រកឃើញលើស្រ្តីម្នាក់ជនជាតិអាមេរិកាំង ផ្ទុកមេរោគ Covid-19 ដែលបានចាកចេញពីនាវា WESTERDAM ដែលបានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ។ ករណីនេះក្រសួងសុខាភិបាលកម្ពុជា ស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៉ី ពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹត៕