(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតមកដល់ពេលនេះ ស្លាក់លេខពិសេស លក់បានចំនួន៦០៩សន្លឹកហើយ ដោយរកប្រាក់ចំណូលចូលរដ្ឋ ជាង២លានដុល្លារ ចូលថវិកាជាតិ ស្លាកលេខនេះ បើកលក់ចាប់ពីថ្ងៃទី៧ មករាមក ទាំងនេះជាភាពជោគជ័យមួយ ខណៈប្រព័ន្ធ QR Cord ថ្មីនេះ កូនខ្មែរធ្វើទាំងអស់។
ការបញ្ជាក់បែបនេះ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនៅក្នុងឱកាសដែលបានអញ្ជើញ ជាវាគ្មិនកិត្ដិយស ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលរៀបចំធ្វើឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងលោកសប្បាយចិត្តដែលមន្ត្រីរបស់លោកខិតខំធ្វើការតាំង ពីម៉ោង៩ព្រឹក ពេលផ្សារទំនើបបើកទ្វាររហូតដល់ ម៉ោង១០យប់ ៧ថ្ងៃក្នុងមួយអាទិត្យ អត់មានឈប់ទេ ដើម្បីផ្តល់សេវា ផ្លាកលេខយានយន្ត ជូនប្រជាពលរដ្ឋឱ្យបានល្អ។ មួយទៀតក្រសួងបានរៀបចំកែអនុក្រឹត្យ ដើម្បីឱ្យម្ចាស់យានយន្ត ពេលលក់ឡានចាស់ចេញ ហើយស្រឡាញ់ផ្លាកលេខឡានចាស់របស់ខ្លួនអាចទុកផ្លាកលេខនេះ ទៅបំពាក់លើឡានថ្មីវិញបាន ដែលទាំងនេះវាបានផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ។
រៀបចំការប្រព័ន្ធចុះបញ្ជីយានយន្ដតាមអនឡាញ ធ្វើឱ្យបានល្អប្រសិទ្ធភាពលឿន និងតម្លាភាព។ ការឈៀកឡាន រហូតមកដល់ពេលនេះមាន១៤កន្លែង នៅទូទាំងប្រទេស។ បង្កើនការឈៀកចល័ត ដើម្បីទៅគៀកជាមួយប្រជាពលរដ្ឋ។ ម្យ៉ាងទៀតប្រជាពលរដ្ឋចង់ចុះឈ្មោះតាមប្រព័ន្ធអនឡាញក៏បានដែរ។ ក្រសួងរៀបចំគន្លងពិសេសមួយសម្រាប់អ្នកស្នើសុំឈៀកតាមប្រព័ន្ធអនឡាញ។
ដើម្បីទប់ស្កាត់រថយន្ដគេចពន្ធ ក្រសួងបានបំពាក់នូវ QR Code នៅលើផ្លាកលេខរថយន្ដ ដែលបង្ហាញទិន្នន័យទាំងអស់ លើកលែងឈ្មោះម្ចាស់យានយន្ដប៉ុណ្ណោះ។ ការប្ដូរប័ណ្ណបើកបរ ពន្យាប័ណ្ណបើកបរ មាននៅផ្សារទំនើបអ៊ីអនមួយ និងអ៊ីអនពីរ មិនបាច់ទៅអគ្គនាយកដ្ឋានដឹកជញ្ជូននោះទេ ប្រើពេលតែ១៥នាទីប៉ុណ្ណោះ ហើយគ្មានចំណាយក្រៅផ្លូវការនោះទេ។ ក្រសួងបំពាក់កាមេរ៉ាគ្រប់ជ្រុងទាំងអស់ ដើម្បីទប់ស្កាត់ការយកលុយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងជាមន្ត្រីបម្រើរាស្ត្រត្រូវស្តាប់ យោបល់សំណុំពររបស់ពីគាត់ហើយ រកនីតិវិធីដោះស្រាយ បញ្ហានេះ អញ្ចឹងយើងដោះស្រាយបាន យើងត្រូវអនុក្រឹត្យ ហើយយើងដូរប្រព័ន្ធយើងទៀត ប្រព័ន្ធ Online យើងដូរបានទាំងអស់ អញ្ចឹងលក់ឡានចេញទៅ ប៉ុន្តែលេខឡានយើងអាចយកទៅចាប់ជាមួយឡានផ្សេងទៀតបាន [...] យើងដូរក្នុងប្រព័ន្ធកុំព្យូទ័រ របស់យើង ខ្ញុំមានមោទកភាពណាស់ ដោយសារការធ្វើនេះ កូនខ្មែរទាំងអស់អ្នកធ្វើប្រព័ន្ធនេះ QR Cord កូនខ្មែរធ្វើទាំងអស់ ប្រព័ន្ធ Online កូនខ្មែរធ្វើទាំងអស់ មន្ត្រីនេះ ជូនណាម៉ោង៥ភ្លឺ មិនទាន់បានគេងផង ធ្វើរហូតអត់បានគេងទេ គេចូលចិត្តជំនាញហ្នឹង គេខិតខំប្រឹងប្រែធ្វើ ដើម្បីប្រមែប្រមូលថវិកាបន្ថែមទៀត ជូនជាតិយើង ហើយនឹងផ្តល់សេវាតាមតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋយើង អីឡូវយើងលក់បានជាង ២លានដុល្លារហើយ អត់ទាន់ដល់មួយខែផង ជាង២លានដុល្លារ ចូលថវិកាជាតិយើង»។
ទោះបីជាខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែរក្តី ក៏លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញឱ្យដឹងថា កិច្ចខិតខំប្រឹងរបស់ក្រសួងលោក ក៏មានការរិះគន់ ពីសំណាក់សាធារណៈជនមួយចំនួនដោយចោទប្រកាន់ថាហេតុអ្វី បានជាក្រសួងធ្វើផ្លាកលេខថ្មី អត់ប្រើជាភាសាខ្មែរ បែរជាប្រើភាសាអង់គ្លេស ជាផ្លាកលេខមកបំពាក់លើរថយន្ត ដែលបើកបរ នៅក្នុងប្រទេសកម្ពុជា ទៅវិញ។ លោកថាសម្រាបជម្រើសដែលក្រសួងសម្រេចចិត្តជ្រើសរើស ជាភាសាអង់គ្លេស ដើម្បីធ្វើផ្លាកលេខថ្មីនេះ គឺវាភាពងាយស្រួលជាងប្រើប្រាស់ជាអក្សរជាតិខ្មែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងទទួលបានជោគជ័យ ការលក់លេខឡានពិសេសផ្ទាល់ខ្លួន, រហូតមកដល់ពេលនេះ កូនខ្មែរធ្វើទាំងអស់ទាំង QR Code និងប្រព័ន្ធ។ ធ្វើលេខពិសេសដើម្បីឱ្យប្រជាពលរដ្ឋមានភាពស្មើគ្នា (ពាក្យថា កម្ពុជា)។ មិនដូចអ្វីដែលមតិភាគតិចមួយចំនួននាំគ្នារិះគន់នោះទេ៕