(ភ្នំពេញ)៖ ជាក្តីរំភើបឥតឧបមាសម្រាប់អ្នកទេសចរ នាវិក និងអ្នកបម្រើការងារលើនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ក្រោយពេលកម្ពុជាអនុញ្ញាតឱ្យពួកគេចូលសំចត។ ក្តីរំភើបរបស់ពួកកើតមានក៏ដោយសារតែពួកគេត្រូវបានប្រទេសជាច្រើនបដិសេធមិនឱ្យចូលចត ព្រោះសង្ស័យថាអ្នកលើនាវាកើតជំងឺបង្កដោយមេរោគ «COVID19»។

មុនពេលកម្ពុជាអនុញ្ញាតឱ្យចូលចតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នាវា Westerdam បានធ្វើដំណើររសាត់អណ្តែតលើលំហរមហាសាគរអស់រយៈពេល១២ថ្ងៃ ជាហេតុឱ្យនាវាត្រូវប្រឈមការអស់ប្រេង និងអស់ស្បៀងថែមទៀតផង។ ជោគវាសនារបស់អ្នកលើនាវាមិនដឹងជាត្រូវមានបញ្ហាអ្វីកើតឡើងនោះទេ បើសិនកម្ពុជាមិនអនុញ្ញាតឱ្យចូលចតទេនោះ?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនត្រឹមតែសង្គ្រោះជីវិតអ្នកលើនាវាប្រមាណ ២,២៥៧នាក់ ដោយអនុញ្ញាតឱ្យនាវាចូលចតប៉ុណ្ណោះទេ ថែមទាំងទៅទទួលស្វាគមន៍អ្នកលើនាវាដោយផ្ទាល់ថែមទៀតផង។ កាយវិការមនុស្សធម៌ កាយវិការគោរពស្រឡាញ់មនុស្សជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យមនុស្សជាតិលើនាវាចំនួន៤១សញ្ជាតិ រួមទាំងម្ចាស់នាវាផង ស្ញប់ស្ញែងយ៉ាងក្រៃលែង។

មិនត្រឹមតែអ្នកនៅលើនាវាប៉ុណ្ណោះទេ មនុស្សជាតិលើពិភពលោកជាច្រើនទៀត សុទ្ធតែបានស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលហ៊ានប្រឈមបញ្ហាទាំងឡាយ ដើម្បីដូរយកជីវិតមនុស្សនៅលើនាវាដែលត្រូវបានគេបោះបង់។

ខាងក្រោមជាវីដេអូបង្ហាញចំណាប់អារម្មណ៍របស់អ្នកទេសចរណ៍ និងម្ចាស់នាវា Westerdam ចំពោះទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន៖