(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ រួមជាមួយថ្នាក់ដឹកនាំខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងស្ថាបន័ពាក់ព័ន្ធជាច្រើនរូបទៀត បានចុះពិនិត្យមើលដោយផ្ទាល់ស្ពានស្ទឹងស្តៅ ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំស្តៅ ស្រុកសង្គមថ្មី ដែលរងការឆាបឆេះដោយសារភ្លើងព្រៃឆេះរាលមក។

ក្រោយពីបានចុះពិនិត្យស្ថានភាពជុំវិញទីកន្លែង ដែលរងការឆាបឆេះដោយសារភ្លើងព្រៃរួចមក អភិបាលខេត្តព្រះវិហារ បានបញ្ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សាលទ្ធភាពដើម្បីសាងសង់ស្ពានដែកបាឡាជំនួសវិញ ហើយការសាងសង់ គឺត្រូវចាប់ផ្តើមពីថ្ងៃនេះតែម្តង និងត្រូវសម្អាតបរិវេណជុំវិញនេះឲ្យបានស្អាត។

ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ក្រោយពីទទួលបានបទបញ្ជារបស់លោកអភិបាលខេត្ត មន្ទីរបានត្រៀមស្ថាបនាស្ពានចំនួន ៣កន្លែង តាមបណ្ដោយផ្លូវលំសហគមន៍នេះ។ ការស្ថាបនាស្ពាននៅតំបន់នេះ ក៏មានការចូលរួមពីខាងមន្ទីរបរិស្ថានផងដែរ ក្នុងការផ្គត់ផ្គង់ឈើ ដើម្បីសាងសង់ ហើយបន្ថែមលើសពីនេះ មន្ទីរសាធារណការ ក៏បានស្នើសុំទៅលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួង ដើម្បីជួយផ្គត់ផ្គង់ដែកស្ពានបន្ថែមទៀត ដើម្បីសាងសង់ស្ពានទាំងនេះឱ្យមានគុណភាពកាន់តែរឹងមាំ ដើម្បីធានាដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី បានគូសបញ្ជាក់ថា «ស្ពានស្ទឹងស្តៅដែលឆេះនេះ គឺជាស្ពានឈើចាស់ទ្រុឌទ្រោមណាស់ទៅហើយ»។ ទោះជាស្ពាននេះមិនឆេះ ក៏មិនអាចធ្វើចរាចរណ៍បានទេ ដោយសព្វថ្ងៃនេះការធ្វើចរចារណ៍បាន ដោយសារតែផ្លូវវាងប៉ុណ្ណោះ។ ស្ពាននេះគឺជាស្ពានរបស់ប្រជាសហគមន៍ ដែលស្ថិតនៅចន្លោះភូមិសុច និងភូមិត្រពាំងធ្លក មិនមែនស្ពានចូលទៅផ្ទះ លោកបេនដាវីស នោះទេ បើធៀបចំងាយពីស្ពាននេះទៅផ្ទះលោកបេនមានចំងាយជាង ១០គីឡូម៉ែត្រឯណោះ។

ក្រសួងបរិស្ថាននឹងសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន ២កន្លែង ដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ពានឈើទាំង២កន្លែងដែលត្រូវបានឆេះក្នុងខែកុម្ភៈនេះ គឺជាច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត។ ក្រសួងរិស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយ BeeTreed ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងដើម្បីចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

លោក នេត្រ ភក្រ្តា បានថ្លែងថា ក្រោយពីមានការពិភាក្សាពិគ្រោះយោបល់ជាមួយ សប្បុរសជនមួយចំនួនដែលមានសមានចិត្តក្នុងការចូលរួមកសាងស្ពាន ក្នុងតំបន់អភិរក្សនេះ ក្រសួងបរិស្ថាននឹងសម្របសម្រួលក្នុងការសាងសង់ស្ពានទាំងនេះឡើងវិញ ដែលនឹងធ្វើពីបេតុងដើម្បីចៀសវាងភ្លើងឆេះ ជាថ្មីម្តងទៀត។

បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងខេត្តសៀមរាម មានទំហំផ្ទៃដីសរុប ៤២ ០៩៧ ហិកតាដែល ក្នុងនោះលោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីចំនួនជាង៧ពាន់ហិកតា ដែលមានសក្តានុពលធនធាន ធម្មជាតិនិងជីវៈចម្រុះច្រើនប្រភេទ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ទន្ទឹមនឹងផ្តល់កិច្ចសហការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាន និងសង្គមបានផ្តល់កញ្ចប់ ថវិកាចំនួន ២ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១៩មក ដើម្បីលោក បេន ដាវីស ប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្កសត្វព្រៃភ្នំត្នោតភ្នំពកនេះ។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្ពានចំនួន៤ ត្រូវបានភ្លើងឆេះបំផ្លាញដែលស្ពាននីមួយៗមានប្រវែងប្រមាណ៥០ ម៉ែត្រ ឬវែងជាងនេះក្នុងនោះស្ពានឈើចំនួន២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ លោក នេត្រ ភក្ត្រា បានសម្តែងការសោកស្តាយដែលស្ពានជាទ្រព្យសម្បត្តិសាធារណៈត្រូវបានភ្លើងឆេះ។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្វែងរកមូលហេតុឱ្យបានច្បាស់លាស់នៃការឆេះស្ពាននេះ ហើយបើមានអ្នកលួចដុត ត្រូវស្វែងរកមុខជនខិលខូចដែលលួចដុតស្ពានឈើនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ លោក ភក្រ្តា បានថ្លែងថា យើងនឹងមិនលើកលែងឱ្យជនល្មើល ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ៕