(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានបង្ហើបអំពីការកែសម្រួលគណៈរដ្ឋមន្រ្តី ដែលអាចនឹងធ្វើឡើងនាពេលខាងមុខនេះ ក្រោយពេលពិនិត្យឃើញថា ការអនុវត្តកន្លងទៅរបស់ក្រសួងមួយចំនួនមានភាពស្ពឹកស្រពន់ខ្លះ។
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលក្នុងពិធីនោះមានការចូលរួមដោយសមាជិកសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ខ្ញុំគ្រាន់តែឱ្យសញ្ញាថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខ មិនជាយូរប៉ុន្មាន បន្ទាប់ពីច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនិវានុវត្តន៍ ឆ្លៀតពេលនោះយើងនឹងមានការបោះឆ្នោតជ្រើសរើសរដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីនោះក៏នៅតែជាឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដដែលក៏ប៉ុន្តែអាចនឹងមានក្រសួងមួយចំនួនមានការកែសម្រួល»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្តថា ការកែសម្រួលគណៈរដ្ឋមន្រ្តីវាជារឿងធម្មតា ដែលនៅប្រទេសខ្លះមានការដូររហ័សជាងនេះ ហើយការកែសម្រួលនោះ ក៏មិនខ្លាំងរហូតដល់ការរំលាយចោលរដ្ឋាភិបាលនោះដែរ ព្រោះយើងគ្រាន់តែឃើញថា មានភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច មិនទាន់ឆ្លើយតបនឹងការចង់បានរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា គណៈរដ្ឋមន្រ្តីអាណត្តិទី០៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដោយទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ គណៈរដ្ឋមន្រ្តីអាណត្តិថ្មីនោះ មានសមាសភាពដូចជានាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាដើម។ ចំណែករដ្ឋលេខាធិការ លែងជាសមាជិករាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មីនេះទៀតហើយ៕