(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និងលោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Department of JICA in Japan) និងសហការី។

ជំនួបដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម ខាងលើនេះ ដើម្បីសម្តែងការគួរសម និងរាយការណ៍ ជូនជ្រាបអំពីលទ្ធផលបឋម នៃការធ្វើសិក្សា លើគុណភាព នៃការផលិតបន្លែនៅកម្ពុជា ជាពិសេសសំណល់ ថ្នាំពុលកសិកម្ម នៅក្នុងបន្លែ និងការសិក្សាស្វែងយល់ ពីដំណើការនៃការរៀបចំ ខ្សែច្រវាក់តម្លៃផលិកម្មកសិកម្មនៅកម្ពុជា។

គោលបំណងនៃការសិក្សាបឋម របស់ក្រុមបេសកកម្ម JICA នៅពេលនេះ គឺដើម្បីប្រមូលចងក្រងរាល់ឯកសារពាក់ព័ន្ធ ដូចបានបញ្ជាក់ខាងលើ ឈានទៅដល់ការរៀបចំ គម្រោងគាំទ្រធ្វើការអភិវឌ្ឍន៍វិស័យកសិកម្មមួយពេញលេញ ជាពិសេសផ្តោតទៅលើការផលិតបន្លែ ប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ ក្នុងរយៈពេលខ្លី និងរយៈពេលវែង នៅកម្ពុជា។

លោកប្រធានក្រុមការងារ JICA បានថ្លែងអំណរគុណចំពោះពេលវេលា របស់លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យក្រុមការងារចូលជួប និងរាយការណ៍ជូនជ្រាបដោយ សង្ខេបអំពីលទ្ធផលបឋម នៃការធ្វើអង្កេតនេះ ហើយលោកបានសន្យាថា នឹងជួយជំរុញការរៀបចំគម្រោងនេះ ឲ្យចេញបានលឿនបំផុត ដើម្បីឈានទៅដល់ ការអនុវត្តគម្រោងបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ជូនក្រុមការងាររបស់ JICA ថា ក្រសួងមានការពេញចិត្តយ៉ាងខ្លាំង ព្រោះកិច្ចការនេះ បានដំណើរទៅស្រប ជាមួយនឹងគោលនយោបាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា ដែលបានផ្តល់អនុសាសន៍នាពេលថ្មីៗនេះ ហើយក្រសួងសូមគាំទ្រទៅលើលទ្ធផល នៃការសិក្សាកន្លងមក ដោយក្រុមបេសកកម្ម ដែលដឹកនាំដោយ លោក NAKADA Shunichi។

លោករដ្ឋមន្ដ្រី វេង សាខុន មានក្តីសង្ឃឹមថា គម្រោងនេះ អាចចាប់ផ្តើមដំណើរអនុវត្តន៍ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ជាមួយនឹងការសន្យា ផ្តល់ការសហការ គ្រប់បែបយ៉ាង ពីក្រសួងដើម្បីធ្វើយ៉ាងណា ឲ្យគម្រោងនេះ អាចទទួលបានការគាំទ្រពី គ្រប់ភាគីពាក់ព័ន្ធ និងអាចដំណើរទៅទទួលបាន ជោគជ័យនាពេលខាងមុខ៕