(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះបានប្រកាសថា ខ្លួនបានការអនុញ្ញាតជាគោលការណ៍ពី គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) លើការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិលើកដំបូងជាសាធារណៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជទី១ នៅកម្ពុជាដែលនឹងចុះបញ្ជី បោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង ជាសាធារណៈនៅក្នុង ផ.ម.ក.។ ធនាគារគ្រោងនឹងបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិថ្មីចំនួន៨,៧៥១,៣៩១ ភាគហ៊ុន និងភាគហ៊ុនដែលមានស្រាប់ រហូតដល់១៣,១២៧,០៨៦ភាគហ៊ុន ដល់សាធារណជន ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ថ្លែងថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ឱកាសដល់វិនិយោគិន និងសាធារណជន វិនិយោគលើភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី។ ធនាគារនឹងរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ចំនួន២លើក នៅថ្ងៃទី០៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនឹងមានបទបង្ហាញ ដល់វិនិយោគិនអំពីទិដ្ឋភាពទូទៅនៃ អាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារ ពេលវេលារំពឹងទុកនៃ ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិជាសាធារណៈ និងការរៀបចំខ្លួនរបស់វិនិយោគិន ដើម្បី ទិញភាគហ៊ុនរបស់ធនាគារ»

លោកបណ្ឌិតបានបន្ដថា ធនាគារនឹងចាប់ផ្តើមដំណើរការប៊ុកបៀលឌីងជាផ្លូវការ និងអញ្ជើញវិនិយោគិន និងសាធារណជន ចូលរួមកំណត់ថ្លៃភាគហ៊ុន របស់ធនាគារក្នុងរវាងចន្លោះថ្លៃចាប់ពី១៥,០០០ រៀល ដល់១៧,៤០០រៀលក្នុងមួយភាគហ៊ុន។ ថ្លៃភាគហ៊ុនចុងក្រោយនឹងត្រូវកំណត់ តាមការកំណត់ថ្លៃដែលវិនិយោគិន បានដាក់នៅក្នុងដំណើរការប៊ុកបៀលឌីង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

លោកបណ្ឌិត អ៉ិន ចាន់នី បន្ថែមថា បន្ទាប់ពីដំណាក់កាល ប៊ុកបៀលឌីង ត្រូវបានបញ្ចប់ វិនិយោគិន និងសាធារណជនទាំងអស់ នឹងត្រូវអញ្ជើញមកចូលរួម ក្នុងដំណាក់កាលបរិវិសកម្ម ដើម្បីទិញភាគហ៊ុនរបស់ធនាគារលើថ្លៃភាគហ៊ុន ចុងក្រោយចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

បណ្ឌិត អ៉ិន ចាន់នី បញ្ជាក់ថា «ដើម្បីចូលរួមក្នុងដំណាក់កាលប៊ុកបៀលឌីង និងដំណាក់កាលបរិវិសកម្ម វិនិយោគិនត្រូវមានលេខអត្តសញ្ញាណវិនិយោគិន (Investor ID) និងគណនីជួញដូរ (Trading Account) ជាមួយក្រុមហ៊ុនមូលបត្រណាមួយ ដែលទទួលបានអាជ្ញាបណ្ណពី គណៈកម្មាការមូលបត្រ (គ.ម.ក.)»

លោកបន្ថែមទៀតថា ធនាគាររំពឹងថា នឹងចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា នាចុងខែមេសា ឆ្នាំ២០២០ នេះ។ ក្នុងនាមជាធនាគារពាណិជ្ជទីមួយ ដែលនឹងត្រូវចុះបញ្ជីក្នុង ផ.ម.ក. ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារគំរូមួយ សម្រាប់ធនាគារផ្សេងៗទៀត នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងការប្រើប្រាស់ ទីផ្សារមូលធនកម្ពុជាដើម្បីប្រមូលទុន។

បណ្ឌិត អ៊ិន ចាន់នី ប ញ្ជាក់ថា ទឹកប្រាក់ដែលបានមកពី ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិជាសាធារណៈនេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍសេវាកម្មធនាគារឌីជីថល និងសម្រាប់គោលបំណងអាជីវកម្មទូទៅរបស់ធនាគារ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី បានឲ្យដឹងថា ចំនុចដែលធ្វើឱ្យការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានលក្ខណៈពិសេស និងខុសប្លែកពី ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈមុនៗគឺធនាគារមិនមានលៃបម្រុងទុកភាគហ៊ុន សម្រាប់វិនិយោគិន និងស្ថាប័នដែលមានសក្តានុពលនោះទេ។ រាល់ភាគហ៊ុនដែលនឹងបោះផ្សាយលក់ទាំងអស់ នឹងត្រូវលក់ជូនវិនិយោគិន និងសាធារណជន។

លោកបន្ថែមថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវបានចាត់ទុកថាជា «ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិជូនប្រជាជន» ដែលលើកទឹកចិត្ត ដល់វិនិយោគិនរូបវ័ន្តបុគ្គល និងសាធារណជនទូទៅឱ្យចូលរួម ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ ទៅតាមសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន។ យើងបានធ្វើការជាមួយធនាគារ ដើម្បីបង្កើតវិធីសាស្ត្របែងចែកភាគហ៊ុនដែលផ្តល់អាទិភាព ដល់វិនិយោគិនរូបវ័ន្តបុគ្គល ដែលទិញភាគហ៊ុនចំនួន១,០០០ ភាគហ៊ុន ឬតិចជាងនេះ។

លោកបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈរបស់ធនាគារ ជាឱកាសមាស សម្រាប់វិនិយោគិនរូបវ័ន្តបុគ្គល ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ដែលគួរឱ្យទុកចិត្ត និងមានហិរញ្ញវត្ថុរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា៕