(កណ្ដាល)៖ ដោយសារតែខឹងចិត្តអ្នកភ្លេងលេងបទមនោសញ្ចេតនាតាមការកុម្ម៉ង់ បែរជាអ្នកភ្លេងដូរទៅជាបទញាក់តាមការបញ្ជារបស់ម្ចាស់រោងការ ព្រោះយប់ជ្រៅពេកហើយចង់ដូរទៅបទញាក់វិញ បុរសជាភ្ញៀវដែលកំពុងស្រវឹងស្រាជោគជាំផងនោះ ខឹងច្រលោតតោតតូង វាយអ្នកភ្លេង និងវាយឧបករណ៍ភ្លេងផ្អើលពេញមួយរោងការរត់បាតជើងសព្រាត។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២២៖៣០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ មិត្ត ម៉េង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ សឹម ភា អាយុ៤៨ឆ្នាំ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ញ៉ឹប សឿង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ក្រុមតន្ត្រីសម័យ ម៉ី ខន និងម្នាក់ទៀតឈ្មោះ វើត ធី ភេទប្រុស អាយុ៣០ឆ្នាំ។ ជនរងគ្រោះទាំង ២នាក់ មានទីលំនៅក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករក្រុមតន្ត្រីសម័យ ម៉ី ខន ដោយរងរបួសជាំក្បាល និងដងខ្លួន។ ដោយឡែក សម្ភារខូចខាតមាន៖ អេហ្វិចចំនួន១គ្រាប់, LEDចំនួន ១ផ្ទាំង , អកចុចចំនួន២ដើម, មីក្រូហ្វូនចំនួន ២គ្រាប់ និងទូរស័ព្ទដៃចំនួន ២គ្រឿង។

នគរបាលបានឲ្យភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមតន្ត្រីសម័យ ម៉ី ខន ត្រូវបានឈ្មោះ មិត្ត ម៉េង ដែលជាម្ចាស់ដើមការ បានជួលទៅប្រគុំក្នុងកម្មវិធីការកូន ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។

ក្រុមតន្ត្រីសម័យបានប្រគុំច្រៀងរាំ កំដរភ្ញៀវជាធម្មតា រហូតដល់វេលាម៉ោង ២២៖៣០នាទីយប់ ស្រាប់តែជនសង្ស័យឈ្មោះ សឹម ភា និងឈ្មោះ គូ វី ភេទប្រុស បានសំណូមពរច្រៀងបទចង្វាក់ស្លូ ១បទ នៅពេលនោះឈ្មោះ គូ វី ច្រៀងទើបតែបានមួយឃ្លា ក៏ម្ចាស់កម្មវិធីឲ្យខាងក្រុមតន្ត្រីបញ្ឈប់ការច្រៀង ដោយឲ្យប្ដូរជាច្រៀងចម្រៀងបែបចង្វាក់ញាក់សប្បាយៗវិញ ព្រោះជិតចប់កម្មវិធីទៅហើយ។

បន្ទាប់មកស្រាប់តែឈ្មោះ សឹម ភា ដែលស្រវឹងស្រាជោកជាំ បានខឹងសម្បារ រួចទៅវាយក្រុមតន្ត្រីឈ្មោះ វើត ធី បណ្ដាលឲ្យរងរបួសពេញខ្លួន រួចបានវាយបំផ្លាញឧបករណ៍តន្រ្តី បណ្ដាលអោយខូចខាតអស់មួយចំនួនធំថែមទៀតផង។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ សឹម ភា ក៍បានគេចខ្លួនបាត់ទៅ។ ដោយឡែក ជនរងគ្រោះ វើត ធី ត្រូវបានខាងក្រុមតន្ត្រីបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យឯកជននៅស្រុកកោះធំ លុះនៅថ្ងៃទី២៤ខែឆ្នាំដដែល ជនរងគ្រោះបានមកប្ដឹងនគរបាលប៉ុស្ដិ៍រដ្ឋបាលឈើខ្មៅដើម្បីចាត់ការតាមច្បាប់។

ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ឈើខ្មៅ សហការជាមួយកម្លាំងជំនាញស្រុក បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០តែម្ដង។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននរគរបាលស្រុកដើម្បីចាត់ការបន្តតាមនីតិវិធី៕