(ភ្នំពេញ)៖ លោកឧត្ដមអាគានុរក្សថ្នាក់លេខ១ ព្រុំ ចាន់នី ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា នៃអគ្គនាយកដ្ឋានពន្ធនាគារ បានលើកឡើងថា រយៈពេល ២ឆ្នាំខាងមុខ ជាពេលវេលា ដែលមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ត្រូវចាប់ផ្ដើមគិតគូរពីនិរន្ដភាព នៃសេវាបណ្ណាល័យ ក្នុងពន្ធនាគារ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកឧត្ដមអាគានុរក្សថ្នាក់លេខ១ ព្រុំ ចាន់នី អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្ដីពី ការសិក្សាពេញ មួយជីវិត នៅក្នុងពន្ធនាគារ តាមរយៈថ្នាក់អក្ខរកម្ម ថ្នាក់សមមូល និងបណ្ណាល័យ។ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោក ព្រុំ ចាន់នី បានលើកឡើងថា «ខ្ញុំសង្ឃឹមក្នុងរយៈពេល២ឆ្នាំទៀតនេះ គឺជាពេលវេលា ដែលមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ត្រូវចាប់ផ្ដើមគិតគូរ ពីនិរន្ដភាព នៃសេវាបណ្ណាល័យ ក្នុងពន្ធនាគារ នៅពេលដែលអង្គការស៊ីប៉ា នឹងត្រូវបញ្ចប់គម្រោងបណ្ណាល័យ ក្នុងពន្ធនាគារ នៅដើមឆ្នាំ២០២២ខាងមុខនេះ»។

លោកបន្ដថា យើងត្រូវគិតថា ចាប់ពីពេលនេះ រហូតដល់ដើមឆ្នាំ២០២២ មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត មានពេលវេលាគ្រប់គ្រាន់ សម្រាប់រៀបចំខ្លួន ដើម្បីបន្ដគ្រប់គ្រង សេវាបណ្ណាល័យក្នុងពន្ធនាគារ ឲ្យមាននិរន្ដភាព សម្រាប់ជាប្រយោជន៍ដល់ជនជាប់ និងមន្ដ្រីទាំងអស់ បានបន្ដចូលអាន និងខ្ចីសៀវភៅទៅអាន។

ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា នៃអគ្គនាយកដ្ឋានពន្ធនាគារ រូបនេះ បានឲ្យដឹងថា អំឡុងពេលអង្គការស៊ីប៉ា ឧបត្ថម្ភគាំទ្រវិស័យពន្ធនាគារ អង្គការស៊ីប៉ា បានជួយទាំងផ្នែករឹង និងផ្នែកទន់ដល់ពន្ធនាគារ ទូទាំងប្រទេស ។

បន្ថែមពីនោះទៀត លោកឧត្ដមអាគានុរក្សថ្នាក់លេខ១ ព្រុំ ចាន់នី បានគូសបញ្ជាក់ថា ការអានសៀវភៅនៅបណ្ណាល័យ ក្នុងពន្ធនាគារមានសារៈសំខាន់ៗ រួមមាន៖

*១៖ កាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារបានមួយរយៈពេលខ្លី
*២៖ កាត់បន្ថយការឡូឡា ឈ្លោះប្រកែបគ្នារវាងជនជាប់ឃុំ នៅក្នុងបន្ទប់ជាមួយគ្នា
*៣៖ កាត់បន្ថយអារម្មណ៍ស្មុតស្មាញ ការនឹកគិតអំពីក្រុមគ្រួសារ
*៤៖ កាត់បន្ថយការគិតរកល្បិចរត់គេចខ្លួនចេញពីពន្ធនាគារ
*៥៖ ទទួលបានចំណេះដឹងតាមរយៈការអានសៀវភៅបានច្រើន
*៦៖ ទទួលបានបរិយាកាស និងលំហែកាយខាងក្រៅបន្ទប់ឃុំឃាំងបានមួយរយៈខ្លី
*៧៖ ធ្វើឲ្យអ្នកមានប្រាជ្ញាវៀងវៃ យល់ដឹងពីអ្វីៗដែលថ្មី នៅក្នុងសង្គមជាតិ និងពិភពលោក
*៨៖ អាចយកចំណេះដឹងពីការអានសៀវភៅ ដើម្បីប្រើប្រាស់ជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនូវពេលអនាគត។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាខាងលើនេះ រៀបចំឡើង ក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងបណ្ណាល័យពន្ធនាគារ ដែលគោលបំណងរបស់គម្រោង គឺចង់ឲ្យជន ជាប់ឃុំ ប្រើប្រាស់បណ្ណាល័យ និងទទួលបានសេវាកម្មអប់រំ នៅក្នុង២៧ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ នៅក្នុងប្រទេសកម្ពុជា។

ចាប់ផ្តើមអនុវត្តគម្រោង ដោយអង្គការ ស៊ីប៉ា នៅក្នុងឆ្នាំ២០១២ និងសហការជាមួយអគ្គនាយដ្ឋានពន្ធនាគារ គម្រោងនេះ ស្ថិតនៅក្នុងដំណាក់កាលទី៣ និងជាដំណាក់ កាលបញ្ចប់ (មីនា២០១៩-កុម្ភៈ២០២២) ព្រមទាំងបានទទួលថវិកា ពីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) និងមូលនិធិ Pierre Bellon ដែលមានទឹកប្រាក់ ប្រហែល៥៥០,០០០ដុល្លារ។

ដំណាក់កាលចុងក្រោយ នៃគម្រោងនេះ នឹងពង្រឹងបន្ថែម នូវបណ្តាញបណ្ណាល័យពន្ធនាគារ និងសេវាកម្ម អប់រំដែលមានស្រាប់ ព្រមទាំងធានាឲ្យបាន នូវនិរន្តរភាពរបស់គម្រោង។

គោលដៅចុងក្រោយនេះ គឺធ្វើយ៉ាងណា ឲ្យកម្មវិធីការសិក្សាពេញមួយជីវិត នៅក្នុងពន្ធនាគារនៅតែរក្សាបានកម្មវិធីនេះ ដូចដែលបានចែងនៅក្នុង ផែនការយុទ្ធសាស្ត្រ របស់អគ្គនាយកដ្ឋានពន្ធនាគារ ២០១៩-២០២៣ ដោយប្រគល់ឲ្យអគ្គនាយកជាម្ចាស់គម្រោង និងបន្តបណ្តុះបណ្តាលធនធានមនុស្សសំខាន់ៗនៅក្នុងស្ថាប័នជាតិ៕