(ភ្នំពេញ)៖ កិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំឱ្យក្រុមប្រឹក្សា អ្នកច្បាប់បន្តពង្រឹងគុណភាពនៃការផ្តល់យោបល់និងធាតុចូល ដើម្បីរួមចំណែកដល់ការធានាការគោរព និងរក្សាឱ្យបាននូវគោលការណ៍សន្តិសុខគតិយុត្ត និងសង្គតិភាពគតិយុត្ត ឲ្យស្របតាមការវិវត្តនៃនយោបាយ និងសេដ្ឋកិច្ចសង្គមកម្ពុជា។

ការណែនាំនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ នៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងរក្សាឲ្យបាននូវតម្លៃគតិយុត្ត និងការអនុវត្តយូរអង្វែង ដើម្បីរួមចំណែកលើវិស័យយុត្តិធម៌ ក្នុងដំណើរការពង្រឹងនីតិរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោកក៏ជំរុញឲ្យបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត តាមរយៈការខិតខំស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព និងចែករំលែកបទពិសោធន៍ ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ឱ្យកាន់តែប្រសើរ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ ក្រុមប្រឹក្សាអ្នកច្បាប់បានជួយពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗសរុបចំនួន១៧៣ នៅក្នុងកិច្ចប្រជុំចំនួន ៥៣១លើក ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន២៨ សេចក្តីព្រាងព្រះរាជក្រឹត្យចំនួន៧ សេចក្តីព្រាងអនុក្រឹត្យចំនួន៥៥ សេចក្តីព្រាងសេចក្តីសម្រេចចំនួន២៤ និងឯកសារផ្សេងៗចំនួន៥៩។

ព្រមជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក៏បានជួយរៀបចំសេចក្តីព្រាងព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ចំនួន២៤ ការរៀបចំបែបបទបញ្ជូនសេចក្តីព្រាងច្បាប់ ទៅស្ថាប័ននីតិប្បញ្ញត្តិចំនួន៣០ សម្របសម្រួលឱ្យមានតំណាងរាជរដ្ឋាភិបាល ទៅការពារសេចក្តីព្រាងច្បាប់ នៅស្ថាប័ននីតិប្បញ្ញត្តិចំនួន៦៦លើក និងសម្របសម្រួលការងារសំណួរចម្លើយសភា ចំនួន១៨ករណីផងដែរ។

តាមរយៈសមិទ្ធផលការងារនេះបង្ហាញថាក្រុមប្រឹក្សាអ្នកច្បាប់ សម្រេចបានលទ្ធផលការងារជាច្រើន ជូនរាជរដ្ឋាភិបាលលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងធានាការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ៕