(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានលើកឡើងថា ព្រះសង្ឃមានតួនាទីភារកិច្ចសំខាន់ ក្នុងការជួយពន្យល់ប្រជាពុទ្ធបរិស័ទ ឲ្យចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច ព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រ ទើបត្រាស់បង្គាប់តែងតាំងថ្មី ដែលប្រារព្ធធ្វើឡើង នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ព្រះសង្ឃមានភារកិច្ច ដែលត្រូវចូលរួម ដើម្បីថែរក្សានូវសន្ដិភាពរបស់ប្រទេស យើងបានឃើញហើយថា វិស័យសាសនា របស់យើង មិនថាតែព្រះពុទ្ធទេ គ្រប់សាសនាទាំងអស់ នៅកម្ពុជា ត្រូវបានបំភ្លេចបំផ្លាញនៅសម័យសង្គ្រាម ហើយក៏សម័យរបបប្រល័យ ពូជសាសន៍ដែរ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ឆ្លងដំណាក់កាលសង្គ្រាមដ៏យូរលង់របស់កម្ពុជា ធ្វើឲ្យទឹកដីរបស់យើងបែងចែក ព្រះសង្ឃខ្លះ នៅភាគីនេះ ព្រះសង្ឃខ្លះ នៅភាគីនោះ ព្រោះសង្ឃខ្លះ នៅក្នុងតំបន់មានសង្គ្រាម ដូច្នេះយើងមិនគប្បីបណ្ដែតបណ្ដោល ឲ្យប្រទេសរបស់យើងកើតឡើងនូវការបែកបាក់ថែមទៀត ដែលនាំទៅដល់សង្គ្រាមវិនាសកម្ម»។
លើសពីនោះទៀត សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងទៀតថា «ព្រះសង្ឃមានតួនាទីពុទ្ធបរិស័ទ ដើម្បីអប់រំចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីការពារបាន ជាតិ សាសនា ព្រះមហាក្សត្រ ដំបូងបំផុតត្រូវការពារសន្ដិភាព ជាមុនសិន បើការពារមិនបាននូវសន្ដិភាពទេ មានការលំបាកហើយ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវ ការកត់សំគាល់មួយចំនួន នៃរួមចំណែកក្នុងវិស័យពុទ្ធចក្រ៖
១៖ តាមរយៈក្របខណ្ឌនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺបានធានានូវសុខសន្តិភាព ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលធ្វើឲ្យវិស័យទាំងពីរ រីកចម្រើនទន្ទឹមគ្នា។
២៖ ប្រជាពលកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនារបស់ខ្លួន ទៅតាមការជឿជាក់ទៅលើសាសនានោះ ដោយគ្មានការបង្ខិតបង្ខំ។
៣៖ ដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ទើបធ្វើឲ្យពួកគាត់មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានគ្រប់ទីកន្លែង នឹងធ្វើឲ្យព្រះពុទ្ធសាសនានេះ កាន់តែរីកចម្រើនទៅមុខ។
៤៖ នៅពេលដែលវិស័យអាណាចក្រ មានការរីកចម្រើនហើយនោះ វិស័យពុទ្ធចក្រ ក៏មានការរីកចម្រើនទៅតាមនឹងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងរំលឹកផងដែរ ពីវិស័យព្រះពុទ្ធសាសនា ដែលពីអតីតកាល បានទទួលរងនូវភាពខ្ទេចខ្ទាំ ដោយសារសង្គ្រាម ជាពិសេសក្នុង របបប្រល័យ ពូជសាសន៍ប៉ុលពត ដែលពេលនោះ ទីអារាមជាច្រើនត្រូវបានបំផ្លាញចោលស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែក្រោយឆ្នាំ១៩៧៩ វិស័យសាសនានេះ ត្រូវបានស្តារ និងងើបឡើងវិញបន្តិចម្តងៗ រហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ៕