(ព្រះសីហនុ)៖ បន្ថែមពីលើការច្រានចោលរបស់ក្រសួងសុខាភិបាលនោះ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ករណីបុរសជនជាតិចិនដែល ត្រូវបានគេឃើញដេកស្លាប់នោះជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាស៊ី គឺបណ្តាលមកពីជំងឺគាំងបេះដូង មិនមែនមកពីជំងឺ COVID-19 ដូចការផ្សាយបំពុលតាមបណ្តាញសង្គម Facebook នោះឡើយ។
លោក ឃាង ភារិម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ នៅរសៀលថ្ងៃនេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដោយជូនព័ត៌មានថា នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកថា ជនជាតិចិនដែលស្លាប់នេះមានឈ្មោះ (Niu Shuangsuo) ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតខេត្តកានស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជំនាញបញ្ជាក់ ថាបុរសជនជាតិចិនខាងលើស្លាប់ដោយសារគាំងបេះដូង ដោយមិនមានតំរុយនៃបទល្មើសព្រហ្មទណ្ឌនោះទេ។
នៅរសៀលថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានចេញមកបដិសេធចោលទាំងស្រុង នូវព័ត៌មានបំពុលមួយចំនួនដែលបង្ហោះ និងលើកឡើងថា មានបុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅខេត្តព្រះសីហនុ គឺករណីជំងឺ COVID-19។
លោកស្រី វណ្ឌឌីន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា «ករណីបុរសចិនដេកស្លាប់នេះ មិនមែនជាជំងឺកូវីដ១៩ (COVID-19) ទេ។ សូមសាធារណជន កុំយល់ច្រឡំ»៕